• 2022-11-09 03:00:00
  • ព័ត៌មាន

ធ្លាយដំណឹងតារាវ័យជ្រេ ៦រូប ត្រៀមឡើងឧត្ដមសេនីយ៍នៅអគ្គនាយកដ្ឋានកងអង្គរក្ស

  • 2022-11-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងសក្ដិយស ឬការតម្លើងឋាន្ដរសក្ដិចំពោះសិល្បករ-សិល្បការិនី កម្រសាមីខ្លួនបង្ហាញជាសាធារណៈណាស់ ដើម្បីបញ្ចៀសពីការរិះគន់នានា។ ដោយឡែកតារាជើងចាស់ទាំង ៦ដួងនេះ ត្រូវបានគេមើលឃើញថាពួកគាត់សក្ដិសមនឹងទទួលបានការតម្លើងឋាន្ដរសក្ដិណាស់ ប៉ុន្ដែពួកគាត់ភាគច្រើននៅតែលាក់លៀម។

ប្រភពដ៏គួរឲ្យទុកចិត្ដមួយបានទម្លាយរឿងនេះតាមរយៈ Sabay ថា លោក ព្រហ្ម ម៉ាញ អ្នកស្រី នួន សារី (ហៅយាយយ៉យ) លោក ជួង ជី (ហៅនាយកុយ) លោក អ៊ូ ប៊ុនរ៉ាត់ (ហៅនាយក្រឹម) លោក អ៊ុក សុវណ្ណារិទ្ធ (ហៅនាយចាបចៀន) អ្នកស្រី សួន សំអឿន (ហៅយាយអឿន) សុទ្ធតែពាក់សក្ដិប្រាំអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។

ប្រភពដដែលបញ្ជាក់ថា ថ្មីៗនេះថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកងអង្គរក្សបានប្រាប់ឲ្យពួកគាត់កាត់សម្លៀកបំពាក់ ដើម្បីត្រៀមទទួលប្រកាសឡើងជាឧត្ដមសេនីយ៍ម្ដងហើយ ប៉ុន្ដែស្ងាត់ទៅវិញក្រោយពីស្ថានភាពជំងឺកូវីដ-១៩ វាយលុកខ្លាំង ធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់នាំរវល់ខ្លាំងលើការងារបង្ការទប់ស្កាត់ជំងឺនេះ ដើម្បីសង្គ្រោះជីវិតប្រជាជន។

Sabay មិនអាចទាក់ទងសាមីខ្លួនទាំងអស់គ្នានៅក្នុងបញ្ជីបែកធ្លាយនេះ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ តារាជើងចាស់ម្នាក់ ក្នុងចំណោមតារាទាំង ៦ដួង គឺលោក អ៊ុក សុវណ្ណារិទ្ធ បានបង្ហើបយ៉ាងខ្លីថា រូបលោកពិតជាទទួលបានដំណឹងនេះម្ដងមែនកាលពីមុខជំងឺកូវីដ-១៩ ផ្ទុះឡើង ហើយក៏មិនដឹងថ្នាក់ដឹកនាំលោកគិតគូររឿងនេះទៀត ឬក៏អត់ដែរ។

បើតាមលោក អ៊ុក សុវណ្ណារិទ្ធ តារាចម្រៀង និងសម្ដែងជើងចាស់ទាំង ៦ដួង នេះ ពិតជាកំពុងពេញការងារក្នុងការិយាល័យឃោសនា និងព័ត៌មានជាមួយរូបលោកមែន។ គេនៅចាំបានថា តារាជើងចាស់ទាំងនេះធ្លាប់ថតរូបជុំគ្នាក្នុងឯកសណ្ឋានកងកម្លាំងម្ដងហើយ តែត្រូវមហាជនរិះគន់រឿង ក៏ក្រោយមកបាត់រូបថតនោះទៅវិញ ហើយក៏លែងសូវមានសាមីខ្លួនចេញមុខនិយាយរឿងនេះទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម