• 2022-11-04 08:16:11
  • ព័ត៌មាន

អតីតជំនួយការម្នាក់និយាយថា Selena Gomez ចង់បញ្ចប់ជីវិតខ្លួនឯង តាំងពីឆ្នាំ ២០១៦​ ម្ល៉េះ

  • 2022-11-04 08:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Selena Gomez: My Mind & Me" បាន​បើកវាំងនន រម្លឹកទៅអតីតកាលមួយចំនួន អំឡុងពេល​ Selena Gomez ធ្លាក់ក្នុងសភាពបាក់ទឹក​ចិត្តខ្លាំង រហូត​ព្យាបាលនៅមន្ទីរពេទ្យ កាលពីឆ្នាំ ២០១៨។

Selena Gomez បច្ចុប្បន្ន

វីដេអូឯកសារលើ Apple TV+ ដែល​ចេញ​ផ្សាយនៅ​ថ្ងៃសុក្រ បាន​បង្ហាញ​ភស្តុតាងមួយចំនួន ចេញ​ពី ការប្រគំតន្ត្រីទេសចរណ៍ របស់​តារាចម្រៀងរូបនេះ​កាលពីឆ្នាំ ២០១៦។ អំឡុងពេល​នោះ វីដេអូ បាន​បង្ហាញ​ថា​ សភាព​ផ្លូវចិត្តរបស់នាង​ ហាក់ធ្លាក់ចូលពិភពខ្មៅងងឹត រហូត​នាង​ត្រូវលុបចោលកាលវិភាគ​ប្រគំតន្ត្រី ក្រោយសម្ដែង​ចប់ ៥៥ ឆាក។

អតីតជំនួយការម្នាក់របស់ Selena គឺ Theresa Marie Mingus បាន​ឲ្យដឹងថា៖ «ដល់ចំណុចមួយ ដែលនាង​ដូចជាគិតថា “ខ្ញុំ​អត់ចង់រស់ទេពេល​នេះ! ខ្ញុំអត់ចង់រស់”។ មួយក្នុងចំណោម​ ពេល​វេលាទាំងនោះដែលអ្នក​សម្លឹងមើលកែវភ្នែក​របស់​នាង ហើយឃើញថាគ្មានអ្វីទាំងអស់។ ពេលវេលាដ៏ខ្មៅងងឹតកើតមួយពព្រិចភ្នែក! តែគួរឲ្យខ្លាចណាស់»។

Raquelle Stevens ដែលជាមិត្តជិតស្និទ្ធម្នាក់ដែររបស់ តារាស្រីកើតឆ្នាំ ១៩៩២ រូបនេះ​ ក៏​បាន​លើកឡើងដែរថា នៅពេល​ដែល​នាង​កំពុង​អត់ទ្រាំ​នឹង​ភាពឈឺចាប់គ្រប់ទិស គឺពួកគេ​បាន​ជជែក​គ្នា​ឥតល្ហែ ដើម្បី​រកដំណោះស្រាយ និងក្នុងបំណង​ឲ្យនាង​រសាយភាពតានតឹងខ្លះផង។

Stevens ក៏បានបញ្ជាក់ដែរថា៖ «ខ្ញុំនៅ​ចាំបាន​ថា​ ស្ថានភាព​ដូចជាប្រែទៅជាវ៉ល់ៗ ហើយនាង​ចេះតែឮសូរសំឡេង​ទាំងនោះមក​រំខាននាង។ សំឡេង​កាន់តែឮឡើងៗឥតឈប់!»។

រហូតដល់ឆ្នាំ ២០១៧ Selena ក៏បាន​ទទួលការវះកាត់ប្ដូរគ្រលៀនសង្គ្រោះជីវិត ក្រោយធ្វើទុក្ខខ្លាំង​ ដោយសារជំងឺ Lupis។ មួយឆ្នាំក្រោយមក សភាពផ្លូវចិត្តនាង​នៅ​តែមិនទាន់ស្រាកស្រាន្ត ទើបសុខភាព​ផ្លូវចិត្តនាង​កាន់តែដុនដាប ហើយត្រូវ​បាន​បញ្ជូនទៅមន្ទីរពេទ្យ ចិត្តសាស្ត្រ

ពេល​រម្លឹក​ទៅពេល​មួយនោះ Selena បាន​និយាយថា៖ «និយាយតាមត្រង់! ខ្ញុំ​អត់ចង់ទៅមន្ទីរពេទ្យរោគចិត្តទេ ប៉ុន្តែខ្ញុំ​លែង​ចង់ ជាប់ក្នុងអន្ទាក់ផ្លូវចិត្តខ្លួនឯងទៀតទេ»

បញ្ជាក់ក្នុងទស្សនាវដ្ដី Rolling Stone តារាស្រីរូបនេះ​ បាន​សង្កត់ធ្ងន់ ក្នុងន័យផ្ដល់ជាសារដល់មនុស្សទូទៅថា សូមកុំគិតប៉ងចង់សម្លាប់ខ្លួន ប៉ុន្តែត្រូវ​ចំណាយ​ពេល​ដើម្បី​ស្វែង​យល់ពីបញ្ហា និងដោះស្រាយ​វាតាមសម្រួល៕

ប្រភព៖ Insider អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម