• 2022-11-10 03:21:58
  • ព័ត៌មាន

គ្រឿងញៀនប៉ះចំក្មួយបង្កើត​ ទើប ព្រហ្ម ម៉ាញ ចាប់ផ្ដើមឃ្នើសចិត្ដអ្នកច្រៀងឆៃយ៉ាំ

  • 2022-11-10 03:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃ ដែលទើបទទួលបានគោរមងារជា គតិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ ឃ្នើសចិត្ដនឹងវង់ឆៃយ៉ាំខ្មែរភាគច្រើនលើកយកបទចម្រៀងមកច្រៀងដដែលៗ មិនឆ្លុះបញ្ចាំងពីតថភាពសង្គម ហើយធ្វើឲ្យអ្នកស្ដាប់ខ្លះជិនណាយនឹងរបាំឆៃយ៉ាំ។

កឋិនកាល បានចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ខែកក្ដិក នៃឆ្នាំនីមួយៗ។ បើទោះបីជាកឋិនកាលបានបញ្ចប់ទៅហើយក្ដី ប៉ុន្ដែលោក ព្រហ្ម ម៉ាញ សង្កេតឃើញថា របាំឆៃយ៉ាំ ដែលតែងតែលេងនាំមុខ នៃពិធីបុណ្យកឋិន ឬពិធីហែរអង្គកឋិនទានទៅកាន់ទីអារាមនានា យ៉ាងអើងកងក្នុងឱកាសនោះ មិនសូវរកទំនុកច្រៀងថ្មី ឬយកខ្លឹមសារអប់រំមកច្រៀងឡើយ។

លោក ព្រហ្ម ម៉ាញ ធ្លាប់បង្ហើបថា បញ្ហាគ្រឿងញៀនបានប៉ះចំលើក្មួយរបស់លោកផ្ទាល់ ហើយលោកជាអ្នកបានឮ និងបានឃើញផ្ទាល់ភ្នែក។ បញ្ហានេះហើយដែលធ្វើឲ្យលោកជាអ្នកសិល្បៈ មានចិត្ដចង់ជួយសង្គមកាន់តែខ្លាំងតាមអាជីពរបស់ខ្លួន ប៉ុន្ដែលោកនៅទើសចិត្ដវង់ឆៃយ៉ាំភាគច្រើនមិនបានបញ្ចូលចំណេះដឹង ឬខ្លឹមសារអប់រំទៅក្នុងបទចម្រៀងឆៃយ៉ាំ។

លោកថា ក្រុមឡកឆៃយ៉ាំច្រៀងតែពីរ ឬបីបទដដែលៗ គឺបទ“មេម៉ាយកូន២” ដែលគេច្រៀងថា៖ អីយ៉ូម៉ាសាកាត់ អីយ៉ាត់ម៉ាសាគី មេម៉ាយកូនពីរជូរអែមៗ។ ឯណាវ៉ើយ ឯណេះទេ រមាស់គូទគេ មកអេះគូទឯង។ និងបទ "អីយ៉ូអីយ៉ា” ជាដើមដែលគេច្រៀងថា អីយ៉ូ អូយ៉ា មួយកាក់ទៅផ្សារ ទៅទិញត្រី ទៅទិញសាច់មាន់យកមកឆាខ្ញី អុកគូទនៅដី លក់អស់ស្រូវពូជ។

ព្រហ្ម ម៉ាញ ចង់ឃើញសិល្បៈគ្រប់ទម្រង់ក្លាយជាកញ្ចក់ឆ្លុះសង្គម ហើយពេលនេះសង្គមត្រូវការកញ្ចក់ឆ្លុះហើយ គួរតែឆៃយ៉ាំដែលជាសិល្បៈបុរាណខ្មែរមួយទម្រង់ អាចជួយសង្គមមួយផ្នែកបានតាមរយៈការសម្ដែង ឬច្រៀងរបស់ខ្លួន។ លោកណែនាំឲ្យលើកយកបទពីដើមៗតាំងពីឆ្នាំ១៩៧៩មកច្រៀង ជាពិសេសបទមួយទាក់ទងនឹងការអប់រំបញ្ហាគ្រឿងញៀន។

បទនេះ គេច្រៀងថា៖ “សម្បុរ គីងគក់ជក់អាភៀន ជក់មិនទាន់ញៀនសម្បុរឡើងខៀវ បើជក់ជាប់ហើយចេញស្លាបប្រជៀវ គគូទស្វិតជីវ ប្រគ្រីវកាច់ជើង”។

សិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃរូបនេះ អះអាងថាក្នុងនាមជាសិល្បករស្រឡាញ់ផ្នែកនេះ ទើបទើសចិត្ដខ្លាំងនឹងការច្រៀងឆៃយ៉ាំសព្វថ្ងៃ ប៉ុន្ដែលោកមិនអាចធ្វើអ្វីបានក្រៅពីសុំចិត្ដដល់អ្នកដឹកនាំ ឬអ្នកលេងក្នុងវង់របាំឆៃយ៉ាំគ្រប់វង់ ចាប់ផ្ដើមប្រែក្លាយខ្លួនទៅជាកញ្ចក់សង្គម ដូចដែលទ្រឹស្ដីពីដើមបានសរសេរមកថា អ្នកសិល្បៈ គឺជាកញ្ចក់ឆ្លុះសង្គមហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម