• 2022-11-18 02:00:00
  • ព័ត៌មាន

ផលិតករវ័យក្មេង ២រូប ផ្ដើមបញ្ចេញស្នាដៃ ខណៈផលិតកម្មGalaxy Navatra ពង្រីកខ្លួនកាន់តែធំ

  • 2022-11-18 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចុងឆ្នាំ២០២២ អាចនិយាយបានថា ផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានកំណព្វទ្រព្យ ឬគ្រាប់ពេជ្រដែលជាផលិតករផ្នែកចម្រៀងវ័យក្មេងប្រកបដោយសមត្ថភាពដល់ទៅ ២រូប។

បន្ទាប់ពីលោក សេង វណ្ណៈ ហៅNakfake ដែលអ្នកនិពន្ធ និងជាតារាចម្រៀងOriginal song ល្បីឈ្មោះម្នាក់ បានចុះកុងត្រាជាមួយ ក្នុងនាមជាអ្នកនិពន្ធផង និងជាតារាចម្រៀងផេង ឥឡូវគេឃើញអ្នកនិពន្ធបទភ្លេងដែលជាដៃគូរបស់ វណ្ណ ដា ម្នាក់ទៀត បានសម្រេចចិត្ដដើរចូលផលិតកម្មGalaxy បន្ទាប់ពីភ្លាត់ធ្វើកំហុសអចេតនាមួយនៅផលិតកម្ម បារមី។

លោក ណុំ ចាន់រតនៈ ហៅសង្ហា បានសម្រេចចិត្ដលាសម្លាញ់ វណ្ណដា និងលាទ្រនំចាស់ គឺផលិតកម្មបារមី ខណៈដែលកុងត្រាជាអ្នកចម្រៀងរបស់លោកនៅទីនោះនឹងដាច់នៅត្រឹមឆ្នាំ២០២២ នេះ ហើយលោកក៏សម្រេចមករួមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយបានចុះកុងត្រាជាអ្នកផលិតបទភ្លេងផ្ដាច់មុខឲ្យផលិតកម្ម Galaxy ។

ក្នុងពេលដែលសង្សា ត្រៀមបញ្ចេញស្នាដៃនៅកន្លែងថ្មី ដៃគូចាស់របស់ វណ្ណដា ម្នាក់នេះ ក៏ឆ្លៀតផ្ដាំទៅទ្រនំចាស់ និងមិត្ដសិល្បៈថា ការបែកធ្លាយបទចម្រៀងវណ្ណដា កន្លងមកនោះ គឺជាកំហុសអចេតនារបស់លោក ហើយលោកក៏ត្រៀមខ្លួនដែរសម្រាប់ធ្វើការជាមួយបារមីទាក់ទងនឹងបញ្ហាបែកធ្លាយបទចម្រៀងកន្លងមកនេះ។

ចំណែកលោក សេង វណ្ណៈ វិញ គេសង្កេតឃើញថា រូបលោកទើបតែចូលបានប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក៏ថ្នាក់ដឹកនាំផលិតកម្ម ចាប់ផ្ដើមឲ្យចេញមុខនៅលើឆាកតន្ដ្រីជាមួយតារាចម្រៀងស្រីជួរមុខ គឺកញ្ញា តន់ ចន្ទសីម៉ា ទៅហើយ។ សម្រាប់ស្នាដៃនិពន្ធ និងចម្រៀងដំបូងរបស់លោកក្នុងផលិតកម្មវិញ គេមិនទាន់ឃើញនៅឡើយទេ ប៉ុន្ដែអ្នកគាំទ្ររំពឹងថានឹងមានបទល្អៗ។

គិតត្រឹមឆ្នាំ២០២២ នេះ ផលិតកម្ម Galaxy Navatra បានពង្រីកខ្លួនកាន់តែធំ ដោយអ្នកសិល្បៈខ្លះបានប្រសិទ្ធនាមផលិតកម្មនេះថាជាផលិតកម្មយក្ស ព្រោះបានទិញចូលនូវឧបករណ៍បច្ចេកទេសថតទំនើបៗ ហើយតារាចម្រៀង និងអ្នកផលិតបទចម្រៀងវិញ ក៏បានប្រមូលមកជុំគ្នាសុទ្ធតែជាអ្នកមានសមត្ថភាពមកផ្ដុំគ្នាកាន់តែច្រើនឡើង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម