• 2022-11-22 04:19:00
  • ព័ត៌មាន

ក្រៅពីបង្កើនប្រជាប្រិយភាព សេង វណ្ណៈ ក៏មានក្ដីសង្ឃឹមដ៏ធំមួយទៀតជាមួយGalaxy Navatra

  • 2022-11-22 04:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង សេង វណ្ណៈ ចាប់ផ្ដើមបង្ហាញមុខលើឆាកប្រគំតន្ដ្រីតាមរយៈផលិតកម្ម Galaxy នៅក្នុងក្លឹប DOT ជាលើកដំបូងជាមួយតារាចម្រៀងស្រីល្បីឈ្មោះ តន់ ចន្ទសីម៉ា កាលពីពេលថ្មីៗនេះ។

ក្រោយបានចុះកុងត្រា និងឡើងឆាកជាលើកដំបូងក្នុងនាមជាតារាចម្រៀងផលិតកម្មយក្សរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោក សេង វណ្ណៈ និយាយថា រូបលោកសង្ឃឹមថានឹងមានជីវភាពកាន់តែប្រសើរ ហើយមានលទ្ធភាពទិញផ្ទះ ឡាន និងសម្ភារៈប្រើប្រាស់មួយចំនួនឲ្យទាន់សម័យនឹងគេ។

តារាចម្រៀងវ័យក្មេងរូបនេះ មិនបានបញ្ជាក់ទេថាបច្ចុប្បន្នលោកមានផ្ទះ និងឡានជិះផ្ទាល់ខ្លួនហើយ ឬនៅ ប៉ុន្ដែលោកធ្លាប់ត្អូញត្អែថា អស់រយៈពេលជាច្រើនឆ្នាំដែលលោកនៅជាតារាចម្រៀងឯករាជ្យ មិនទទួលបានលទ្ធផលអ្វីច្រើន ក្រៅពីអាចធ្វើបទចម្រៀងខ្លួនឯងបានកាន់តែល្អ ប៉ុន្ដែចំពោះជីវភាពវិញមិនសូវកាក់កប ឬល្អប្រសើរឡើយ។

លោក សេង វណ្ណៈ ហៅNakfake បានចុះកុងត្រាជាមួយផលិតកម្មGalaxy Navatra រយៈពេល ៥ឆ្នាំ ក្នុងនាមជាតារាចម្រៀងផង និងជាអ្នកនិពន្ធផង។ លោកមិនបង្ហើបពីតម្លៃខ្លួន ប៉ុន្ដែគេអាចកាត់ស្មានបានថា តម្លៃខ្លួនរបស់តារាចម្រៀងក្នុងផលិតកម្មនេះមិនធម្មតាឡើយ នេះបើយោងតាមព័ត៌មានបែកធ្លាយខ្លះៗនាពេលកន្លងទៅ។

ឱកាសបង្កើនប្រជាប្រិយភាព និងទទួលបានផលលាភដ៏កម្រនេះហើយ ដែលអ្នកគាំទ្រតារាចម្រៀងវ័យក្មេងរូបនេះយល់ថា Idol របស់ខ្លួននឹងមានលទ្ធភាពច្រើនក្នុងការទិញឡាន និងផ្ទះរស់នៅសមរម្យទៅតាមក្ដីប្រាថ្នា ក្នុងពេលឆាប់ៗខាងមុខនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់