• 2022-11-22 08:03:31
  • ព័ត៌មាន

ភរិយា ខាត់ ចំរើន ប្រាប់ពីផែនការបង្កើនប្រាក់ចំណូល និងគ្រប់គ្រងគ្រួសារក្រោយអត់ពីស្វាមី

  • 2022-11-22 08:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យឈាបនកិច្ចរបស់តារាកំប្លែង ខាត់ ចំរើន បានបញ្ចប់ទៅហើយនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះ។ អ្នកស្រី ប្រាក់ ផល្លី ដែលត្រូវជាភរិយាលោក ខាត់ ចំរើន បានបង្ហើបពីផែនការគ្រប់គ្រងគ្រួសារ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក្រោយអត់ពីស្វាមី បើទោះបីជាភ្លាមៗនេះអ្នកស្រីមិនទាន់បានពិភាក្សាលម្អិតជាមួយបងថ្លៃ។

អ្នកស្រី ប្រាក់ ផល្លី បានប្រាប់ Sabay នៅមុននេះបន្ដិចថា ដំបូងឡើយ គ្រួសារអ្នកស្រី ពឹងលើប្រាក់ចំណូលពីការដើរសម្ដែងកាត់សក់របស់ស្វាមី និងមានចំណូលបន្ដិចបន្ដួចពីការជួយលក់ផលិតផលឲ្យបងស្រី ខាត់ សុឃីម។ ប៉ុន្ដែក្រោយអស់ពីស្វាមីទៅ ចំណូលមួយភាគធំត្រូវបាត់ ហើយអ្នកស្រីត្រូវដើរតួជាឪពុកផង និងម្ដាយផង ដើម្បីចិញ្ចឹមកូន ៣នាក់ និងម្ដាយចាស់ម្នាក់។

អ្នកស្រី ប្រាក់ ផល្លី គ្រោងបង្កើតមុខរបរលក់ដូរមួយទៀត បន្ថែមលើការងារលក់ផលិតផលជាមួយបងថ្លៃ ខាត់ សុឃីម។ ប៉ុន្ដែការបង្កើតមុខរបរថ្មី និងការគ្រប់គ្រងកូនចៅនេះ មិនទាន់ច្បាស់១០០% ទេ ព្រោះនៅរង់ចាំពិភាក្សាលម្អិតជាមួយបងថ្លៃ ខាត់ សុឃីម នៅក្រោយថ្ងៃបុណ្យខួបគម្រប់ ៧ថ្ងៃ ស្វាមីចប់ ដែលគ្រោងធ្វើនៅចុងសប្ដាហ៍នេះ។

ទាក់ទងនឹងការគ្រប់គ្រងកូនចៅនេះ តារាពហុជំនាញ ខាត់ សុឃីម ធ្លាប់ប្រកាសទាំងនៅលើបណ្ដាញសង្គម និងផ្ទាល់មាត់ក្នុងឱកាសចូលរួមពិធីបុណ្យសពប្អូនប្រុសថា ចំពោះកូនៗរបស់ ខាត់ ចំរើន អ្នកនាងនឹងជួយឲ្យបានរៀនសូត្ររហូតដល់ចប់ចុងចប់ដើម ហើយសូមឲ្យព្រលឹងប្អូនប្រុសទៅកាន់ទីស្ងប់សុខចុះ។

តារាកំប្លែង ខាត់ ចំរើន មានវ័យជាង ៤០ឆ្នាំ បានស្លាប់ដោយសារជំងឺបេះដូង និងជំងឺថ្លើមធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីភរិយាលោកដឹកទៅសង្គ្រោះបន្ទាន់កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការស្លាប់របស់លោក ខាត់ ចំរើន ត្រូវបានគ្រួសារសោកស្ដាយជាពន់ពេក ហើយមិត្ដសិល្បៈដែលបានចូលរួមយ៉ាងកុះករនោះ ក៏នឹកសោកស្ដាយ ថាវាជាការបាត់បង់នូវធនធានសិល្បករដែលមានជំនាញច្រើនមុខម្នាក់ទៀតហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់