• 2022-11-28 01:54:42
  • ព័ត៌មាន

ឡេង ប្រុស៖ សិល្បៈជាដួងព្រលឹង និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ

  • 2022-11-28 01:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា ឡេង ប្រុស តំណាង​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាបេតិកភណ្ឌលើកទី៥ ក្រោម​ប្រធានបទ "ព្រឹត្តិការណ៍សម្តែងល្ខោនខោល​ដ៏​អស្ចារ្យ” កាលពី​ថ្ងៃសៅរ៍ ទី​២៦ ខែ​វិច្ឆិកា នាសាល​មហោស្រព​កោះពេជ្រ។

ក្នុងឱកាសនោះ ឧកញ៉ា ឡេង ប្រុស ក៏បានអញ្ជើញថ្លែង​​សន្ទរកថារំលេចអំពីបេតិកភណ្ឌវប្បធម៌​ ដ៏សម្បូរបែបទាំងរូបី និងអរូបីដែលបុព្វបុរសខ្មែរបានបន្សល់ទុករហូតដល់សព្វថ្ងៃមិនត្រឹមតែ ជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើង​គួរជាទីស្ញប់ស្ញែង​នៃ​មនុស្សជាតិ​ប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សាភា្ជប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម​ និងសង្គម ព្រមទាំងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ​ប្រកប​ដោយប្រសិទ្ធភាពទៀតផង។

លោកឧកញ៉ាក៏បានគូសបញ្ជាក់ថា ក្នុងចរន្តនៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើបបានញ៉ាំង​ឱ្យ​សង្គម​មានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឱ្យ​មរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈានទៅបាត់បង់ដោយអន្លើៗ។ ការណ៍នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមក្នុងការថែរក្សា ការការពារ ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានគង់វង្ស។

ឧកញ៉ា ឡេង ប្រុស៖ "ក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរ ស្រឡាញ់​​ និងឱ្យតម្លៃខ្ពស់ចំពោះវប្បធម៌​អរិយធម៌​ដ៏ល្អ​ផូរផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុកជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជូនដល់​ប្រជាជាតិ​ខ្មែរ​យើងសព្វថ្ងៃនេះ។ ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយ ដែលនឹងបន្តបំផុសការចូលរួមរបស់យុវជន ឱ្យ​ស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោន​ខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នា"។

នៅក្នុងឱកាសនេះដែរ ឧកញ៉ា ឡេង ប្រុស ដែលជាតំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​នាំយក​ថវិកា​​ចំនួន ៣​ពាន់​ដុល្លារ​ ​​ឧបត្ថម្ភ​ដល់កម្មវិធី ទិវាបេតិកភណ្ឌលើកទី៥ ផងដែរ។ សូមជម្រាបថា កម្មវិធីនេះរៀបចំ​ដោយ សាលាសិល្បៈហ៊្វូណន និងសាលារបាំបុប្ផាទេវី ដើម្បីអបអរសាទរខួប ០៤ឆ្នាំ​ ​នៃ​ល្ខោនខោល ខួប១៩ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ខួប១៧ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប០៥ឆ្នាំ នៃចាប៉ីដងវែងខ្មែរ ដែលចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ (UNESCO)៕

ជិន សុភ័ក្ដ្រ

មតិយោបល់