• 2022-12-15 13:36:53
  • ព័ត៌មាន

មិនមែនលំៗ គ្រូម៉ូដែលឥណ្ឌា៤នាក់ ឡើងមកបង្ហាត់ ហង្ស ម៉ានីតា ត្រៀមទៅប្រកួតនៅអាមេរិក

  • 2022-12-15 13:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹកជំនាញខាងបង្ហាញម៉ូដមកពីប្រទេសឥណ្ឌា៤រូប បានមកដល់ទឹកដីកម្ពុជាថ្ងៃនេះ ដើម្បីចូលរួមបង្ហាត់បង្រៀនក៍ដូចជាពង្រឹងសម្ថភាពកញ្ញា ហង្ស ម៉ានីតា ម្ចាស់ ពាន ”Miss Universe Cambodia 2022” ដែលនឹងត្រៀមទៅប្រកួតលើឆាកអន្ដរជាតិ គឺសហរដ្ឋអាមេរិកដើម​ឆ្នាំក្រោយ។

គ្រូបង្ហាញម៉ូដទាំង៤រូបនោះមាន Alicia Raut (Traniner),Anjli Raut (Tainer),Sameer Khan (Choreographer) និង Shobhana Dhiman (Show Director) និងគ្រូបង្ហាត់រាំRajiv Sharma ,Kiran Reddy។ ពួកគេត្រូវបានអញ្ជើញមកកម្ពុជា ដោយហាងពេជ្រដ៏ធំមួយនៅកម្ពុជា ដែលមានថៅកែ ជាអតីតអ្នកធ្វើការនៅក្នុងវិស័យបវរកញ្ញាពីមុនមកដែរ។

តាមលោក ចិន សំណាង ថៅកែហាងពេជ្រ CSNJ ជាម្ចាស់ឧបត្ថម្ភធំក្នុងការនាំយកអ្នកជំនាញអន្តរជាតិខាងផ្នែកបង្ហាញម៉ូដនេះ ប្រាប់ឲ្យដឹងថា នេះជាការពង្រឹងគុណភាពវិស័យបង្ហាញម៉ូដកម្ពុជាឲ្យកាន់តែមានការរីកចម្រើនស្របទៅតាមស្ដង់ដាអន្ដរជាតិ ពិសេសក្ដីស្រមៃរបស់លោក គឺចង់ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀតតាមរយៈអ្នកតំណាងកម្ពុជា ដែលពេលនេះ មានកញ្ញា ហង្ស ម៉ានីតា បាន និងកំពុង ត្រៀមខ្លួនរូចជាស្រេចសម្រាប់ព្រឹត្តិការណ៍ដ៍អស្ចារ្យនាពេលខាងមុខនេះ។

លោក បានសង្កត់ធ្ងន់ថា គ្រូបង្វឹកទាំង៤រូបនេះគឺមកក្នុងនាមជាមនោសញ្ចេតនាខ្លះ និងការផ្ដល់ជូនថវិការខ្លះហើយពួកគាត់គឺសុទ្ធតែជាគ្រូបង្ហាញម៉ូដមានឈ្មោះដ៍ល្បីល្បាញនៅប្រទេសឥណ្ឌា និងធ្លាប់បង្ហាត់បង្រៀនឲ្យបេក្ខភាពកញ្ញាឯកប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោកកាលពីឆ្នាំ២០២១ ផងដែរ។ ងាកគ្រូបង្វឹកបង្ហាញម៉ូដមកពីឥណ្ឌាទាំង៤ វិញ បានប្រាប់ឲ្យដឹងដូចគ្នាថា ពួកគេធានាអះអាងថា នឹងជួយបង្ហាត់បង្រៀនពង្រឹងសមត្ថភាព កញ្ញាហង្ស ម៉ានីតា ពិសេស គឺធ្វើឲ្យនាងកាន់តែមានជំនឿរចិត្ត រឹងមាំ និងមានជំនាញលក្ខណៈស្ដង់ដាអន្ដរជាតិសម្រាប់ត្រៀមប្រកួតលើវេទិការដ៍ធំនាពេលអនាគត។

ជាថ្មីម្ដងទៀត លោក ចិន សំណាង ថ្លែងថា លោកមានជំនឿរចិត្តថា ក្រោមការបង្ហាត់របស់គ្រូបង្វឹកឥណ្ឌាទាំង៤ បេក្ខភាពតំណាងកម្ពុជា អាចនឹងទទួលបានលទ្ធផលល្អ ហើយនឹងធ្វើឲ្យវិស័យបង្ហាញម៉ូដរបស់កម្ពុជាយើងមានការអភិវឌ្ឍន៍មួយកម្រិតទៀតស្របតាមបទពិសោធន៍ជោគជាំរបស់ពួកគេ។

ឧទាហរណ៍ជាក់ស្ដែង ពួកគេទាំង៤នេះហើយ គឺជាអ្នកនៅពីក្រោយ Miss Universe Idia ដែលបានឈ្នះជយលាភី លេខ១លើពិភពលោក កាលពីអតីតកាលនោះ។ ថៅកែហាង CSNJ រូបនេះបន្ថែមថា លោកក៏មានជំនឿចិត្តខ្ពស់ដូចគ្នា លើកញ្ញា ហង្ស ម៉ានីតា ជាក់ស្ដែងនាងសក្ដានុពលស្រាប់ជាមួយភាពក្លាហាន មានចំណេះដឹងខ្ពស់ ព្រមទាំងមានសមត្ថភាពប្រើប្រាស់ភាសាបរទេស ទាំងភាសារអង់គ្លេស និងបារាំងបានយ៉ាងល្អ។ ដូច្នេះផ្សំជាមួយអំណោយផលទាំងនេះ សង្ឃឹមថាបេក្ខភាពតំណាងកម្ពុជា នឹងអាចទទួលលទ្ធផលល្អនៅក្នុងប្រឡងនាពេលខាងមុខ។

កញ្ញាហង្ស ម៉ានីតា ជាម្ចាស់មកុដជ័យលាភី Miss Universe Cambodia 2022 ។ កញ្ញានឹងធ្វើជាតំណាងកម្ពុជា ឆ្ពោះទៅប្រកួតលើឆាកអន្តរជាតិបន្តទៀត នៅសហរដ្ឋអាមេរិក។ កម្មវិធីដ៏ធំនោះ គ្រោងនឹងធ្វើឡើងនាពាក់កណ្ដាលខែមករាឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម