• 2022-12-31 01:01:00
  • ព័ត៌មាន

ឆ្នាំ ២០២២ Galaxy Navatra យក​បាន​តារាចម្រៀង​ជា​ច្រើន​នាក់ហើយ តែ​​មិន​ទាន់​គ្រប់​ផែនការ​ទៀត

  • 2022-12-31 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ផែន​ការ​ពង្រឹង ពង្រីក​សក្ដានុពល​របស់​ខ្លួន​ក្នុង​ឧស្សាហកម្ម​តន្រី្ត គេ​មើល​ឃើញ​ថា ​ផលិតកម្ម Galaxy Navatra របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​វិនិយោគ​យ៉ាង​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​មាន​នាំ​ចូល​តារាចម្រៀង​ជា​ច្រើន​នាក់ ប៉ុន្តែ​ក្បាល​ម៉ាស៊ីន​នៅ​អះអាង​ថា មិន​ទាន់​គ្រប់​ផែន​ការ​នៅ​ឡើយ។

អ្នក​នាង យឹម សុជាតា នាយក​គ្រប់​គ្រង​ថ្មី​ដែល​ចូល​មក​ជំនួស​ឧកញ៉ា យឹម តាស្រង់ អ្នក​គ្រប់​គ្រង​ចាស់​ដែល​សុំ​ដក​ខ្លួន​ទៅ​ធ្វើ​ជំនួញ​វិញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ឆ្នាំ ២០២២នេះ Galaxy Navatra បាន​បន្ថែម​សមាជិក​តារា​ចម្រៀង​យុវវ័យ​ និង​អ្នក​និពន្ធ​ចំនួន ៤នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន កញ្ញា ហ៊ិន លីដា Nak Fake លោក សង្ហា ជា​អ្នក​និពន្ធ និង​ K-LA។

វត្តមាន​របស់​តារាចម្រៀង និង​អ្នកនិពន្ធ ដែល​សុទ្ធ​ជា​អ្នកមាន​សក្ដានុពល ធ្វើ​ឲ្យ Galaxy Navatra មាន​រសជាតិ​បទ​ចម្រៀង កាន់​តែ​សម្បូរ​បែប ក្នុង​នោះ​មាន​ទាំង បទ​ប្រជាប្រិយ បទ​មនោសញ្ចេតនា រ៉េប Hip Hop ដែល​សរុប បច្ចុប្បន្ន​ផលិតកម្ម​មួយ​នេះ​មាន តារាចម្រៀង​ចំនួន ១១នាក់​ហើយ។ ត្បិត​យ៉ាង​នេះ អ្នក​នាង យឹម សុជាតា បញ្ជាក់​ថា មិន​ទាន់​គ្រប់​ផែន​ការ​ទេ។

សង្ហា
Nak Fake
ហ៊ិន លីដា

នាយក​គ្រប់​គ្រង​រូប​នេះ មិន​បាន​បញ្ចេញ​ឲ្យ​ច្បាស់​​ទេ​ថា Galaxy Navatra ត្រូវ​តារា​ចម្រៀង ក៏​ដូច​ជា​អ្នកនិពន្ធ​ប៉ុន្មាន​ទើប​គ្រប់ ប៉ុន្តែ​ច្បាស់​ណាស់ នឹង​មាន​សមាជិក​ថ្មី​បន្ត​បន្ទាប់​ទៀត។ បច្ចុប្បន្ន ផលិតកម្ម​របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​ត្រៀម​នឹង​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​មួយ​របស់​ខ្លួន​ដែរ នោះ​គឺ​តារា​ចម្រៀង​ច្រៀង​ជា​ភាសា​អង់គ្លេស។អ្នកនាង យឹម សុជាតា បង្ហើប​ថា សព្វថ្ងៃ Galaxy Navatra កំពុង​ចម្រាញ់​យក​តារា​ចម្រៀង​ភាសាអន្តរជាតិ​ម្នាក់។

ហ៊ិន លីដា តន់ ច័ន្ទសីម៉ា និង K-LA

ក្នុង​ផែន​ការ​លើក​កម្ពស់​គុណសម្បត្តិ​របស់​ខ្លួន ក្នុង​ឧស្សាហកម្ម​តន្ត្រី​ក្នុង​ស្រុក Galaxy Navatra មិន​មែន​វិនិយោគ​តែ​លើ​ធនធាន​មនុស្ស​នោះ​ទេ ប៉ុន្តែ​ក៏​បាន​បោះទុន​ទិញ​រ៉ូបូត​ពី​បរទេស​យក​មក​បម្រើ​ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ដែរ។ ទាំង​នេះ ស្ថិត​ក្នុង​ផែន​ការ ដែល​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រាប់​សារព័ត៌មាន​ថា នឹង​នាំ​ផលិតកម្ម​មួយ​នេះ​ឆ្ពោះ​ទៅ​កម្រិត​ស្តង់ដារពិភព​លោក​ឲ្យ​ខាង​តែ​បាន។ តាម​ព័ត៌មាន​ថ្មី​មួយ​ដែល Sabay ទទួល​បាន នៅ​ដើម​ឆ្នាំ ២០២៣ នេះ Galaxy នឹង​ទទួល​សមាជិក​ថ្មី​ម្នាក់​ទៀត ដែល​ជា​តារាចម្រៀង​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេង​១​រូប។ យ៉ាង​ណា អ្នក​នាង យឹម សុជាតា សុំ​មិន​អធិប្បាយ​លើ​ករណី​នេះ ដោយ​ស្នើ​ឲ្យ​ប្រិយមិត្ត​រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់