• 2023-01-04 03:52:10
  • ព័ត៌មាន

កាដូលួងចិត្ដសម្រាប់ឆ្នាំ២០២៣ ភិន សុដាលីស ទើប​សម្រេចបំណងប្រាថ្នាដែលកប់ទុកជិត ១០ឆ្នាំ

  • 2023-01-04 03:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ​ ជាពិសេស​អ្នក​គាំទ្រ ទើប​ចាប់​ភ្លឹក​លើ​ទម្រង់​មុខ​របស់​តារា​សម្ដែង ភិន ​សុដាលីស នៅ​ដើម​ឆ្នាំ​២០២៣ នេះ ក្រោយ​កញ្ញា​បង្ហាញ​មុខ​ជាសាធារណៈ​ជាមួយ​ឪពុក ​និង​តារាល្បីៗ​ជាច្រើន​រូប​ទៀតក្នុងឱកាស​សម្ពោធ​រឿង​មួយ​របស់​ផលិតកម្ម​មហាហង្ស​កាល​ពី​ពេល​ថ្មីៗ។

ទម្រង់មុខសមនឹងចង្ការ ប៉ុន្ដែ​សាច់​មុខ​ហាក់​នៅ​ហើម​បន្ដិច ត្រូវ​បាន ​ ភិន ​សុដាលីស បញ្ជាក់​ថា កញ្ញា​ទើប​តែ​ដក​ធ្មេញ និង​ដាក់​ប្រេស​ដើម្បី​ពុត​ធ្មេញ។ បើ​ទោះ​បី​ជា​ឈឺបន្ដិច​ក្ដី ប៉ុន្ដែនេះ​ជា​ក្ដីប្រាថ្នា​ក្នុង​ការ​កែសម្រស់​ដែល​កញ្ញា​ប៉ង​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្ដែ​ចេះតែ​ខ្លាច ហើយ​ម្យ៉ាង​កាលណោះ​ក៏​នៅ​ជាប់​រវល់​ខ្លាំង​ជាមួយ​ការងារសិល្បៈ ទើប​ត្រូវ​បង្ខំចិត្ដពន្យារ​ពេល​រហូត​មក​ដល់​ថ្ងៃ​នេះ។

ភិន សុដាលីស៖ "ខ្ញុំចង់​ពុត​ធ្មេញ​តាំង​ពីនៅ​High school ណោះ តែ​ចេះ​តែខ្លាច ហើយ​ណាមួយ​ពី​មុន​រវល់​ថត​ខ្លាំង ​ ហើយ​រឿងភាគ​ច្រើន​ជា​តួ​កូន​អ្នក​ខេត្ដ ​ កូន​អ្នក​ក្រ ​ អីចឹង​បើ​ធ្វើ​តាំង​ពី​ពេល​ហ្នឹង​មក​វា​ដូចអត់​សម អីចឹង​ទើប​ខ្ញុំ​ត្រូវ​កប់​ទុក​បំណងប្រាថ្នា​ហ្នឹង​ឡើង​ជិត​១០​ឆ្នាំ ​ ទើបឥឡូវទេ​ខ្ញុំសម្រេច​ធ្វើវា​ទុក​ជា​កាដូ​លួង​ខ្លួនឯង​ក្នុង​ឆ្នាំ​ថ្មី"។

ទោះ​ជា​យ៉ាង​ណា​តារាស្រី​ដែល​ជា​កូន​ស្រី​បង្កើត​របស់​លោក ​ អ៊ិន ​ សុភិន ​ រូប​នេះ ​ ពុំ​មាន​បំណង​កែទម្រង់​មុខ ឬ​លើ​ផ្នែក​រាងកាយ​ត្រង់​ណា​ផ្សេង​ទៀត​ទេ ​ ក្រៅ​ពី​ការ​ដក ​ និង​ពុត​ធ្មេញ​នេះ។ ទន្ទឹម​គ្នា​នេះ​កញ្ញា​ ភិន ​​ សុដាលីស ​ក៏​ទទួល​ស្គាល់​ថា កញ្ញា​ឡើង​គីឡូច្រើន ហើយ​ក៏​មានគម្រោង​សម្រក​ក្នុង​ពេល​ខាង​នេះ​ដែរ ​ ដើម្បី​បន្ដ​សកម្មភាព​ថត​រឿង​បន្ថែម​ទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់