• 2023-01-17 07:20:34
  • ជីវិតតារា

ថ្ងៃទី១៧ សុវត្ថិឌី ធារិកា រំលឹកហេតុការណ៍ដ៏រន្ធត់ក្នុងគ្រួសារ ធ្វើឲ្យអ្នកគាំទ្រស្រងេះស្រងោចតាមគ្រប់គ្នា

  • 2023-01-17 07:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ គឺសោកនាដកម្មមួយបានកើតឡើងចំពោះគ្រួសារតារាចម្រៀងស្រី សុវត្ថិឌី ធារិកា។ ប៉ា និងម៉ាក់របស់កញ្ញាបានបាត់បង់ជីវិតព្រមគ្នាក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលទៅកម្សាន្ដ និងបំពេញភារកិច្ចនៅខេត្ដព្រះវិហារ។

នៅសល់ពេលជាង ៤ខែទៀត ខួប១ឆ្នាំ នៃការបាត់បង់អ្នកមានគុណទាំងពីររបស់តារាចម្រៀងរូបនេះ នឹងចូលមកដល់ ប៉ុន្ដែនៅថ្ងៃទី១៧ ខែមករា នេះ ស្រាប់តែកញ្ញា សុវត្ថិឌី ធារិកា រំលឹកឡើងវិញនូវរឿងឈឺចាប់នេះ ដោយបញ្ជាក់ជំហរថាកូនរឹងមាំហើយ សូមព្រលឹងប៉ា និងម៉ាក់កុំបារម្ភ។ ទន្ទឹមគ្នានេះកញ្ញាក៏និយាយថា ១៧ ឧសភា ឆ្នាំ២០២២ មកដល់ ១៧ មករា ឆ្នាំ២០២៣ វាពិតជាលឿនណាស់។

ក្រោយពីបញ្ចេញសារ និងរូបថតដ៏ក្រៀមក្រំជាមួយប៉ា-ម៉ាក់ តាមបណ្ដាញសង្គមនៅថ្ងៃនេះ កញ្ញា សុវត្ថិឌី ធារិកា ក៏ទទួលបានការលើកទឹកចិត្ដបន្ថែមពីមិត្ដសិល្បៈ ព្រមទាំងអ្នកគាំទ្រជាច្រើនផងដែរ។ រីឯ ធារិការ ខ្លួនឯងក៏និយាយថាខ្លួនឯងរឹងមាំហើយ ប៉ុន្ដែវាជាការចងចាំមួយមិនងាយនឹងរំសាយបានឡើយ។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ គ្រួសារតារាចម្រៀង សុវត្ថិឌី ធារិកា បានជិះឡានLEXUS រួមគ្នាទៅកម្សាន្ដ និងបំពេញភារកិច្ចសិល្បៈនៅខេត្ដព្រះវិហារ ជាប់ព្រំប្រទល់ប្រទេសឡាវ ក៏ជួបគ្រោះថ្នាក់ក្រឡាប់ឡានធ្លាក់ទឹកប្រឡាយ។ ក្នុងឡាននោះ មានប៉ា-ម៉ាក់ ជីដូន ប្អូនប្រុស និងរូបកញ្ញាផ្ទាល់ ប៉ុន្ដែគ្រោះថ្នាក់នោះបណ្ដាលឲ្យស្លាប់តែប៉ា និងម៉ាក់ដែលជិះនៅកៅអីខាងមុខ រីឯកញ្ញា និងជីដូន ព្រមទាំងប្អូនប្រុសបានរួចជីវិត ប៉ុន្ដែគ្រប់គ្នាសុទ្ធតែរងរបួស៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម