• 2023-02-14 03:25:54
  • ព័ត៌មាន

HYBE និង SM ចេញមុខជួយឧបត្ថម្ភទឹកប្រាក់រាប់លាន ដល់ជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរី

  • 2023-02-14 03:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HYBE និង SM ដែលសុទ្ធសឹងជាក្រុមហ៊ុនយក្សប្រចាំវិស័យ K-Pop និងជាអាណាព្យាបាលរបស់តារាល្បីៗជួរមុខជាច្រើនលំដាប់អន្តរជាតិ ពេល​នេះ​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំង​ ក្រោយប្រកាសពីឆន្ទៈក្នុងការជួយជនរងគ្រោះពីគ្រោះមហន្តរាយរញ្ជួយដីនៅក្នុងប្រទេសទួរគី និង ស៊ីរី។

គ្រោះធម្មជាតិដ៏កាចសាហវនេះ​បានវាយប្រហាររទេស​ទាំងពីរកាលពីថ្ងៃទី០៦ ខែកុម្ភៈ ធ្វើឲ្យមនុស្សចំនួន ៣៣ ០០០០ បានស្លាប់ និងជា​ច្រើននាក់ទៀតបានរងរបួស។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បាន​មិនឱបដៃឈរមើលឡើយ ដោយ​បញ្ជូននូវក្រុមការងារសង្គ្រោះ ក៏ដូចជាជំនួយឧបត្ថម្ភជា​បន្តបន្ទាប់។ រហូតដល់ពេល​នេះ​ ក៏មាន​សេចក្ដីរាយការណ៍ថាក្រុមហ៊ុនកម្សាន្តខ្នាតយក្ស HYBE និង SM ក៏បាន​ចេញមុខជួយដែរ។

នៅថ្ងៃទី ១៣ ខែកុម្ភៈ បណ្ដាញផ្សព្វផ្សាយជា​ច្រើនរបស់កូរ៉េបានរាយការណ៍ថា HYBE បាន​ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០លានវ៉ុន (ខ្ទង់ ៣៩៤ ០០០ដុល្លារ) ទៅកាន់អង្គការ Save The Children (អង្គការដែលធ្វើការជាមួយកុមារ ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយនៅក្នុងប្រទេសតួកគី និងស៊ីរី)។

ផ្អែកតាមអង្គការខាងលើ ជំនួយឧបត្ថម្ភនឹងត្រូវ​យកទៅប្រើប្រាស់ដោយផ្គត់ផ្គង់ជាសម្ភារៈប្រើប្រាស់សម្រាប់ក្មេងៗ រួមមាន ភួយ ខោអាវ ទឹក ស្បៀងអាហារ គ្រឿងពេទ្យ និងកញ្ចប់សង្គ្រោះបឋមផ្សេងៗ។ ថវិកាក៏នឹងយកទៅសាងសង់ជំរកបណ្ដោះអាសន្ន ដើម្បីការពារកុមារៗផងដែរ។

អ្នកនិយមលេងអ៊ីនធើណិត ពិតជាមានការកោតសរសើរចំពោះក្រុមហ៊ុននេះដែលមិនត្រឹមតែបានផ្ដល់ជំនួយឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើវាដោយស្ងាត់ៗទៀត។ សាធារណជនទើបតែទទួលបានព័ត៌មាននេះ នៅពេលដែលអង្គការ Save The Children បានរាយការណ៍ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក៏ទើបទទួល​បាន​ដំណឹង​ថ្មីចុងក្រោយមកទៀតថា HYBE មិនមែនជា​ក្រុមហ៊ុនកម្សាន្តតែមួយទេដែលផ្ដល់ជំនួយឧបត្ថម្ភ ព្រោះក្រុមហ៊ុន SM ក៏ត្រូវ​បាន​គេ​ដឹង​ថា​បាន​បរិច្ចាគថវិកាចំនួន ២០០លានវ៉ុន (ខ្ទង់ ១៥៨ ០០០ដុល្លារ) ដល់អង្គការ Hope Bridge (អង្គការគ្រោះមហន្តរាយនៅកូរ៉េ ដែលជួយដល់ជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរី៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម