• 2023-02-22 02:53:20
  • ព័ត៌មាន

ខាត់ សុឃីម មាន​គំនិតរកស៊ីតាំង​ពីតូច ទីបំផុត​រកឃើញជំនួញ ២ កំពុងជោគជ័យ

  • 2023-02-22 02:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់ការធ្វើអាជីវកម្មច្រើនមុខ និងច្រើនឆ្នាំ តារាពហុជំនាញ ខាត់ សុឃីម ថាខ្លួនមិនដែលមានឱកាសបានកាន់ប្រាក់ជាប់ខ្លួន សូម្បីតែមួយថ្ងៃ បើទោះបីជាប្រាក់រកបាននោះមានរហូតដល់ខ្ទង់ម៉ឺនដុល្លារ ក៏ត្រូវបង្វិលចេញវិញអស់ភ្លាមៗ ដើម្បីទិញសម្ភារៈ ឬបង្កើនមុខជំនួញ។

ក្រោយៗមក អាជីវកម្មកាន់តែធំ ការងារក៏កាន់តែច្រើន ប៉ុន្ដែប្រាក់វិញ មិនបាននៅកល់ច្រើនដូចអាជីវកម្មទេ។ ទើបរយៈពេលជាង ២ឆ្នាំ ចុងក្រោយនេះ អ្នកនាង និងស្វាមី បានប្ដូរយុទ្ធសាស្ដ្របង្រួមអាជីវកម្មឲ្យនៅសល់តែពីរមុខ គឺបើកក្រុមហ៊ុន Mochy និងបើកលក់ដីឡូត៍ ដែលអាចក្ដាប់ការងារបានជុំល្អ ទើបសព្វថ្ងៃនេះអ្នកនាង មានប្រាក់តម្កល់ទុកជាប់ខ្លួន ហើយអាចចាយវាយតាមត្រូវការចាំបាច់បានភ្លាមៗ។

តើ ខាត់ សុឃីម មានប្រភពទុន និងដំណើរការអាជីវកម្មដំបូងពីណាមកខ្លះ?

តាមពិតអ្នកនាង ខាត់ សុឃីម មានគំនិតចង់ក្លាយជាអ្នកមាន ឬសហគ្រិនឆ្នើមតាំងពីក្មេង ដោយផ្ដើមចេញពីគំនិតទិញដីថោកៗទុកនៅម្ដុំស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ពេលដែលអ្នកនាងរកប្រាក់បានពីអាជីពសិល្បៈ។ក្រៅពីទិញដីទុកលក់យកចំណេញ នាងក៏ឆ្លៀត បើកហាង អ៊ុតសក់មួយនៅផ្សារដេប៉ូកាលពីឆ្នាំ២០០៥ ដើម្បីជាឈ្នាន់ឈានទៅបើកសម្អាងការ និងផាត់មុខតាមរោងការដោយអ្នកនាងជាអ្នកចម្រៀងប្រពៃណី និងកាត់សក់ស្រាប់។

ប៉ុន្ដែ ខាត់ សុឃីម មិនបានចាត់ទុកការងារអ៊ុតសក់នោះ ជាមុខរបរ ឬអាជីវកម្មផ្ទាល់ខ្លួនដំបូងគេឡើយ ព្រោះវាគ្រាន់តែជាកន្លែងផ្ដល់ចំណេះដឹងផ្នែកនេះដល់ប្អូនៗ និងនាងផ្ទាល់ ក្នុងការរលាស់ខ្លួនទៅបើកសំអាងការ និងតន្ដ្រីសម័យដែលប្រើទុនធំ។

ខាត់ សុឃីម៖“និយាយទៅតាំងពីឆ្នាំ១៩៩៦ ខ្ញុំចិញ្ចឹមគ្រួសារ ដោយពឹងលើអាជីពសិល្បៈតែមួយមុខគត់…កាលហ្នឹងខ្ញុំច្រៀងសម័យផង និងបុរាណផង។ ទើបដល់ឆ្នាំ២០០៥ ខ្ញុំចាប់ផ្ដើមឲ្យបងប្អូនខ្ញុំមានចំណេះដឹងបន្ថែម ដើម្បីបើកសម្អាងដែលខ្ញុំស្រឡាញ់ តែដល់ពេលយូរៗទៅ បើកសម្អាងធ្វើឲ្យខ្ញុំឈឺក្បាល ព្រោះយើងទិញរបស់ចូលរហូត”។

ចូលដល់ដើមឆ្នាំ២០០៨ ខាត់ សុឃីម ចាប់ផ្ដើមបញ្ចេញដីដែលខ្លួនទិញទុកចំណេញនោះខ្លះ ខណៈដែលតម្លៃដីបានហក់ឡើងខ្ពស់។ ប្រាក់ដែលលក់បាន ត្រូវយកទៅទិញផ្ទះអ៊ុតសក់ដែលអ្នកនាងធ្លាប់ជួលគេនោះមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយសល់ប្រាក់ទាំងប៉ុន្មានត្រូវដាក់បង្គ្រប់ទិញគ្រឿងសម្អាង និងឧបករណ៍ភ្លេងសម័យថែម។

តើក្នុងពេលដំណើរការជំនួញសម្អាងការ និងភ្លេងសម័យ ខាត់ សុឃីម បានជួបរឿងរ៉ាវអ្វីខ្លះ?

គិតចាប់ពីឆ្នាំ២០០៨ រហូតមកដល់វិបត្ដិកូវីដ-១៩ កើតឡើង អ្នកនាង ខាត់ សុឃីម នៅតែក្ដាប់មុខរបរទាំងពីរនេះបាន ប៉ុន្ដែដំណើរការទាំងត្រដាបត្រដួស។ បើទោះបីជាអស់រយៈពេលជាច្រើនឆ្នាំ នៃការធ្វើជំនួញទាំងនេះមិនជោគជ័យ ឬមិនបានសល់ប្រាក់តម្កល់ទុកក្នុងខ្លួន ខាត់ សុឃីម ចាប់ផ្ដើមអន់ចិត្ដព្រោះលុយដែលបានមក ត្រូវទិញអីវ៉ាន់វិញអស់ៗ។

ក្នុងពេលមុខជំនួញនេះ មិនរីកចម្រើន ខាត់ សុឃីម ក៏ឆ្លៀតប្រមែប្រមូលលុយ ទៅដាក់ទុនរកស៊ីជាមួយអ្នកជំនួញម្នាក់ ដោយសង្ឃឹមថា ទទួលបានជោគជ័យ ខណៈដែលមុខរបរសម្អាងការ និងតន្ដ្រីសម័យ ត្រៀមនឹងលក់ចេញក្នុងពេលដ៏លំបាក នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្ដែស្រាប់តែក្រោយមក ធ្លាយដំណឹងថាអ្នកនាងចាញ់បោកគេអស់ជិត ១លានដុល្លារ។ ពេលនោះហើយដែល ខាត់ សុឃីម ត្រូវលក់ទាំងសម្អាងការ និងឧបករណ៍ភ្លេងសម័យ ដើម្បីដោះស្រាយបន្ដ។

តើ ខាត់ សុឃីម មានហេតុផលអ្វីខ្លះទើបព្រមទម្លាក់ចោលមុខរបរដែលខ្លួនស្រឡាញ់ ហើយងាកមកចាប់មុខរបរទាំងពីរនេះ រហូតទទួលបានជោគជ័យ?

នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ តារាពហុជំនាញ ខាត់ សុឃីម បានលក់សម្ភារៈសម្អាងការ និងឧបករណ៍ភ្លេងសម័យចេញ ដោយរក្សាខ្លួននាងនៅតែច្រៀង និងសម្ដែងកាត់សក់តាមរោងការដដែល។ ទន្ទឹមគ្នានោះ នាង ក៏បានបង្កើតកម្មវិធីមួយឈ្មោះ “ទ្រព្យលោកពុក” ដោយដាក់ម្ចាស់ឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុន Mochy ដែលនាំចូល និងចែកចាយផ្ដាច់មុខនូវផលិតផលថែទាំសម្រស់ពីប្រទេសកូរ៉េ និងថៃ។

ទម្លាក់ចោលជំនួញ ឬមុខរបរច្រើនមុខដែលរកបានមកគ្រាន់តែចិញ្ចឹមបុគ្គលិក និងទិញសម្ភាៈថ្មីចូល ហើយសម្ភារៈចាស់ៗមិនអាចលក់បានវិញ អ្នកនាង ខាត់ សុឃីម ហាក់ស្រាលខ្លួនបន្ដិច។ ដោយមានការជំរុញ និងលើកទឹកចិត្ដពីស្វាមី អ្នកនាងបានក្ដាប់ជំនួញតែពីរគត់ គឺបើកក្រុមហ៊ុនMochy និងលក់ដីឡូត៍នៅស្រុកឧដុង្គ ដោយការងារភាគច្រើនត្រូវប្រគល់ឲ្យស្វាមី រីឯអ្នកនាងគ្រាន់តែអង្គុយLiveលក់ផលិតផល និងថ្ងៃខ្លះត្រូវចេញទៅសម្ដែងកាត់សក់ ឬច្រៀងតាមកម្មវិធីផ្សេងៗ។

ខាត់ សុឃីម៖ “មែនទែនទៅ…បងប្អូនយើងដែលជាអ្នករកស៊ីគាត់ដឹងហើយ! បើកមុខរបរមួយគេឲ្យការ៉ងទីរយៈពេល ៥ឆ្នាំ ប៉ុន្ដែការលក់បាន ឬមិនបានគឺរយៈពេល ៦ខែ។ អីចឹងខ្ញុំបើកក្រុមហ៊ុនខ្ញុំនេះ គិតមកដល់ឥឡូវជិត ៣ឆ្នាំហើយ វានៅដំណើរការបានល្អ ព្រោះប្ដីខ្ញុំមានយុទ្ធសាស្ដ្រជួយដឹកនាំពាំយួរក្រុមហ៊ុន ទើបរីកចម្រើនដល់ឥឡូវ“។

បើតាម តារាចម្រៀងវ័យជ្រេ ខាត់ សុឃីម សព្វថ្ងៃក្រុមហ៊ុន Mochy របស់អ្នកនាង បានផ្ដល់កន្លែងការងារសម្រាប់បុគ្គលិកដែលភាគច្រើនជាកូនក្មួយឯងជាង ១០នាក់ ដោយក្នុងម្នាក់ទទួលបានប្រាក់ខែយ៉ាងតិច ២៥០ដុល្លារ។ ប្រាក់សល់ពីបើកឲ្យបុគ្គលិក និងចាត់ចែងលើដំណើរការក្នុងក្រុមហ៊ុន អ្នកនាងទទួលបានប្រាក់ចំណេញច្រើនគួរសម។

ខាត់ សុឃីម ញញឹម ហើយពោលថា៖ “រាល់ថ្ងៃនេះ ស្រួលខ្លួន អត់សូវគិតអីច្រើន មានលុយតម្កល់ក្នុងខ្លួនពេញមួយខែៗ អត់ដូចមុនទេ មិនដែលមានលុយសល់ក្នុងខ្លួនសោះ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម