• 2023-03-07 03:08:30
  • ព័ត៌មាន

ពេជ្រ សោភា ប្រាប់ឲ្យ ទ្រី ដាណា អត់ធ្មត់ តែក្ដៅស្លឹកត្រចៀកពេក ទ្រី ដាណា ស្រែកឡើងផ្អើលមហាជន

  • 2023-03-07 03:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលពីរថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះ មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានជជែកគ្នាច្រើនលើករណី ទ្រី ដាណា សុំច្បាប់អនុញ្ញាតថតកម្មវិធី “សង្គ្រាន្ដឆ្នាំថ្មី ២០២៣” ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតំបន់អង្គរ តែមិនបានដូចបំណង។

គម្រោងបោះលុយជាង ១០ម៉ឺនដុល្លារ ដើម្បីរៀបចំកម្មវិធីកម្សាន្ដ ដោយផ្សាភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសនោះ ត្រូវបានអ្នកជំនួញល្បីឈ្មោះរូបនេះ ប្ដូរចិត្ដម្ដងលុបចោល ម្ដងនៅបន្ដធ្វើដោយគ្រាន់តែបង្ហាញការអន់ចិត្ដចំពោះមន្ដ្រី នៃក្រសួងវប្បធម៌។ អ្នកនាងថា មន្ដ្រី នៃក្រសួងវប្បធម៌ តឹងរឹងហួសហេតុក្នុងការអនុញ្ញាត ទាំងដែលខ្លួនបានគោរពទៅតាមគោលកាណ៍ណែនាំ ប៉ុន្ដែ ចាំឆ្លងអ្នកនេះ ឆ្លងអ្នកនោះ ដូចជាទៅសុំភ្លើងយក្ស

ទន្ទឹមនិងមានការជជែកគ្នានេះ តារាចម្រៀង ពេជ្រ សោភា ដែលជាអ្នករាប់អាន និងជាតំណាងចែកចាយផលិតផលង NNP របស់អ្នកស្រី ទ្រី ដាណា ដែរនោះ បានប្រាប់ឲ្យ ទ្រី ដាណា ត្រូវតែស៊ូទ្រា ក្នុងរឿងនេះ។ ប៉ុន្ដែម្សិលមិញ ទ្រី ដាណា ឆ្លើយតបភ្លាមៗថា៖ “លែងស៊ូហើយ នឹកឃើញថាសង្គ្រានមនុស្សរាប់លាននាក់ដែលមើល ខ្ញុំមានបំណងផ្សព្វផ្សាយវប្បធម៌តែឥឡូវខ្ជិលណាស់ ចំណាយលុយច្រើន គ្មានបានអីមកវិញផង ធ្វើដើម្បីខ្មែរ តែឥឡូវលែងហើយបង…ខ្ញុំចង់ធ្វើអីដែលខ្ញុំចង់ធ្វើវិញ”។

គិតត្រឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ គេមិនទាន់ឃើញមានការឆ្លើយតប ឬប្រតិកម្មយ៉ាងណាពីក្រសួងវប្បធម៌ជុំវិញការលើកឡើងរបស់អ្នកស្រី ទ្រី ដាណា នេះនៅឡើយទេ។ ប៉ុន្ដែក្រៅពីអ្នកស្រី ទ្រី ដាណា ក៏មានមតិខ្លះលើកឡើងថា បើកម្មវិធីសង្គ្រាន្ដឆ្នាំថ្មីរបស់អ្នកស្រី ទ្រី ដាណា ធ្វើឡើងក្នុងការលើកកម្ពស់វប្បធម៌ និងប្រពៃណីខ្មែរ គួរណាស់តែក្រសួងជួយសម្រួល ឬអនុញ្ញាត។

បន្ទាប់ពីមានសារឆ្លើយឆ្លងគ្នាច្រើនទាំងអ្នកគាំទ្រ និងតារាខ្មែរមួយចំនួនផង បានធ្វើឲ្យអ្នកជំនួញរូបនេះប្ដូរចិត្ដនៅថ្ងៃទី៧ ខែមីនា នេះ វិញ។ ទ្រី ដាណា បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបញ្ជាក់ថា នៅក្នុងថ្ងៃសង្គ្រាន្ដឆ្នាំថ្មីNNP អ្នកនាងនឹងបន្ដបង្ហាញវប្បធម៌ និងមរតកដូនតាខ្មែរដដែល បើទោះបីជាក្រសួងមិនអនុញ្ញាតឲ្យថតនៅប្រាសាទអង្គរវត្ដ។ ប៉ុន្ដែកម្មវិធីថតនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ អ្នកនាងនឹងធ្វើឲ្យអស់ពីសមត្ថភាព ព្រោះគិតចុះគិតឡើង តម្លៃវប្បធម៌ និងការផ្សព្វផ្សាយវប្បធម៌ជាមួយបងប្អូនសំខាន់ជាង បញ្ហាដែលកំពុងជួប៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម