• 2023-03-09 08:30:18
  • ព័ត៌មាន

ចម្លើយដ៏ខ្លីនៅថ្ងៃនេះ អាចបញ្ជាក់ពីស្ថានភាពស្នេហ៍របស់ ថុល សុភិទិ ជាមួយនារីដ៏ស្រស់ស្អាត ឡុង ម៉ានីន

  • 2023-03-09 08:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថុល សុភិទិ នៅតែជាតារាចម្រៀងម្នាក់លេចធ្លោរ ក្នុងចំណោមបេក្ខជន ៤រូប ដែលប្រឡងជំនាន់ជាមួយគ្នាក្នុងកម្មវិធី The Cambodian Idol រដូវកាលទី៤ ឆ្នាំ២០២២។ នៅមុន និងក្នុងពេលប្រឡង គេកម្រលេចឮដំណឹងថា សុភិទិ មានទំនាក់ទំនងស៊ីជម្រៅក្នុងន័យស្នេហាជាមួយនារីណាម្នាក់ ក្រៅពី ពេជ្រ សូលីកា ឡើយ។ ប៉ុន្ដែកាលណោះត្រូវ ភិទិ ចេញមុខបញ្ជាក់ថា សូលីកា គឺគ្រាន់តែជាមិត្ដភក្ដិសិ្នទ្ធស្នាលក្នុងនាមជាមិត្ដសិល្បៈ ឬដៃគូរួមការងារប៉ុណ្ណោះ។

ប៉ុន្ដែថ្មីៗនេះ ថុល សុភិទិ បានបង្កាត់ភ្លើងស្នេហ៍ជាមួយនារីម្នាក់ឈ្មោះ ឡុង ម៉ានីន ហើយរូបភាពស្និទ្ធស្នាលភាគច្រើនត្រូវបានបញ្ចេញជាសាធារណៈដោយភាគីខាងស្រី ខណៈដែលខាងប្រុសក៏មិនដែលប្រកែកប្រណាំងជាមួយភាគីខាងស្រីពេលបញ្ចេញរូបភាពទាំងនោះម្ដងៗដែរ។ជាក់ស្ដែងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ អ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមជាថ្មី ដោយ ឱប ថើបគ្នា ហើយបង្ហោះតាមគណនីហ្វេសប៊ុកឈ្មោះ Long Manin ទទួលបានការសាទរជាច្រើន។

ទាក់ទងសកម្មភាពផ្អែមល្អែមលើសពីប្ដី-ប្រពន្ធទើបរៀបការនេះ ត្រូវបានភាគីខាងស្រីបញ្ជាក់ថា កញ្ញាមិនខ្លាចចេញមុខថា ថុល សុភិទិ ពិតជាសង្សាររបស់កញ្ញាឡើយ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែមីនា នេះ ម៉ានីន បានបញ្ជាក់តាមរយៈSabay យ៉ាងខ្លីថា៖ “ស្គាល់គ្នាយូរដែរហើយបង…តែអត់ទាន់មានគម្រោង(រៀបការ)”។

គិតត្រឹមម៉ោង៣ រសៀលថ្ងៃទី៩ ខែមីនា នេះ Sabay មិនទាន់អាចស្វែងរកចម្លើយចេញពីមាត់ ថុល សុភិទិ ដើម្បីបញ្ជាក់ពីទំនាក់ទំនងស្នេហានេះនៅឡើយទេ។ ប៉ុន្ដែភាគីខាងស្រី គឺកញ្ញា ឡុង ម៉ានីន ប្រាប់ថាកញ្ញាកំពុងជាប់ប្រជុំពិបាកនិយាយគ្នា ហើយសុំឲ្យអ្នកសារព័ត៌មាន បើមានការអ្វីបន្ថែមចាំទាក់ទងគ្នា ឬផ្ដល់ចម្លើយតាមបណ្ដាញសង្គមតេឡេក្រាម។ ទោះជាយ៉ាងណា សកម្មភាពស្និទ្ធស្នាលនេះ ត្រូវបានអ្នកគាំទ្រខ្លះនិយាយថា ដូចជាមិនសូវសម ព្រោះពួកគេមិនទាន់ក្រាបក្បាលដល់កន្ទេល ឬរៀបការនៅឡើយ នៅគ្រាដែលអ្នកគាំទ្រភាគច្រើនបានសម្ដែងការសាទរ និងពោលថាសមគ្នា ព្រមទាំងជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នារហូតចាស់ទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី