• 2023-03-14 09:43:13
  • ព័ត៌មាន

ពិតជាអស្ចារ្យ! ព្រះសង្ឃ និងសិល្បករខ្មែរវ័យក្មេង ២នាក់ដាក់តាំងបង្ហាញស្នាដៃសិល្បៈរួមគ្នា

  • 2023-03-14 09:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសង្ឃ និងសិល្បករវ័យក្មេង២រូបបានរួមគ្នាដាក់តាំងបង្ហាញស្នាដៃសិល្បៈ ផ្នែកគំនូរ ចម្លាក់ និងបង្គុំរួមគ្នា នៅវិចិត្រសាលគម្រោងសិល្បៈ ស-ស នៅរាជធានីភ្នំពេញរយៈពេលជិត៧សប្តាហ៍ចាប់ពីថ្ងៃទី៣ មីនា ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

(ឆ្វេងទៅស្តាំ) សិល្បករ សួង ភភ្តីុ, ឡេង គឹមស្រៀង និងគង់ តារា ដែលរួមគ្នាដាក់តាំងបង្ហាញស្នាដៃសិល្បៈ «សាងជាថ្មី»

ស្នាដៃរបស់សិល្បករទាំង៣ ដែលយកមកដាក់តាំងបង្ហាញរួមគ្នានេះមានឈ្មោះថា «សាងជាថ្មី» មានទម្រង់ជាសិល្បៈគំនូរ ចម្លាក់ និងបង្គុំ ដែលបង្ហាញពីវដ្តនៃជីវិត ការកសាងដែលសាមញ្ញតែស្មុគស្មាញ បញ្ហាផ្លូវចិត្ត ការអភិវឌ្ឍ ភាពរលូននៃជីវិត ក្តីស្រឡាញ់ យេនឌ័រ មនុស្ស ធម្មជាតិ និងធម៌។

នាមជាព្រះសង្ឃ និងសិល្បករ សួង ភភ្តី បានធ្វើការសិក្សាតាមផ្លូវធម៌នៃព្រះពុទ្ធសាសនា ដោយធ្វើអន្តរាគមន៍ជាមួយស្នាដៃចម្លាក់ចំនួន ៦ មានចំណងជើងថា «ខន្ធ » ក្នុងទម្រង់ជារូបរាងកាយ និងងសរីរាង្គខាងក្នុងរបស់មនុស្ស។ ចម្លាក់ទាំងនេះធ្វើអំពីគ្រោងឆ្អឹងដែក មែកឈើងាប់ រុំដណ្តប់ដោយកន្ទេលចចូត និងដេរភ្ជាប់គ្នាដោយថ្នេរធ្វើពីស្បង់ចីពរ។ ចម្លាក់សរីរាង្គខាងក្នុងរួមមានក្រពះ សួត បេះដូង និងថ្លើមទាំងនេះសុទ្ធសឹងតែមានតួនាទីដ៏សំខាន់សម្រាប់ទ្រទ្រង់រាងកាយ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងបរិស្ថានអេកូឡូស៊ីធម្មជាតិនៅជុំវិញយើង។

ស្នាដៃសិល្បៈ សិល្បករ សួង ភភ្តីុ ដែលដាក់តាំងបង្ហាញនៅគម្រោងសិល្បៈ ស-ស

ស្នាដៃរបស់ សិល្បករ ឡេង គឹមស្រៀង ជាទម្រង់ចម្លាក់ និងបង្គុំចម្លាក់ចំបង ធ្វើពីកម្ចេចកញ្ចក់ឆ្អិនដែលប្រមូលពីការដ្ឋានសំណង់នានាក្នុងទីក្រុងភ្នំពេញ ជាមួយដែកគោល សរសៃដែក កង់ឡាន និងសៀវភៅ។ ស្នាដៃសិល្បកររូបនេះចង់បង្ហាញពីអ្វីដែលបានបាក់បែក ឲ្យមានជីវិតសារជាថ្មី ភាពរឹងមាំ និងភាពផុយស្រួយដើរទន្ទឹមគ្នា។ ការផ្គុំឡើងវិញនូវបំណែកកញ្ចក់តូចៗចង់បង្ហាញពីចិត្តសាស្ត្រនៃការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស និងការផ្លាស់ប្តូរដ៏ញឹកញាប់របស់ទីក្រុងភ្នំពេញ ហើយក៏ចង់បង្ហាញពីដំណើរការនៃការព្យាបាលផ្សះផ្សាផ្លូវចិត្ត។

ស្នាដៃសិល្បៈ សិល្បករ ឡេង គឹមស្រៀង ដែលដាក់តាំងបង្ហាញនៅគម្រោងសិល្បៈ ស-ស
ស្នាដៃសិល្បៈ សិល្បករ ឡេង គឹមស្រៀង ដែលដាក់តាំងបង្ហាញនៅគម្រោងសិល្បៈ ស-ស

ស្នាដៃរបស់ សិល្បករ គង់ តារា ជាគំនូររំលេចជារូបភាពសរសៃខ្សែពណ៌ខៀវរមួលត្របាញ់ពត់ពេនរុំព័ទ្ធអ្វីម្យ៉ាងដែលមើលទៅហាក់ដូចជាផែនទី។ រូបទាំងនេះ គង់ តារា ចង់ត្រិះរិះពិចារណាពីដំណើរលូតលាស់នៃជីវិត ការតស៊ូ ក្តីស្រឡាញ់ ទំនាក់ទំនង ការអភិវឌ្ឍសង្គម និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។ ចំណែកឯស្នាដៃបង្គុំចម្លាក់ដីឥដ្ឋឯណោះវិញ បង្ហាញអោយឃើញកាន់តែច្បាស់នូវទម្រង់កូនក្អាត់កំពុងត្បុលត្របាញ់រមួលចូលគ្នា បង្កើតបានទៅជាសំណុំនៃចលនាជីវិត។ សម្ភារៈដីឥដ្ឋមិនទាន់ដុតនេះ ចង់បញ្ជាក់ពីស្ថានភាពមិនទាន់ស្ថិតស្ថេរ ភាពផុយស្រួយ និងភាពអាចផ្លាស់ប្តូរនៃដី និងជីវិត។

ស្នាដៃសិល្បៈ សិល្បករ គង់ តារា ដែលដាក់តាំងបង្ហាញនៅគម្រោងសិល្បៈ ស-ស

ស្នាដៃសិល្បៈ សិល្បករ គង់ តារា ដែលដាក់តាំងបង្ហាញនៅគម្រោងសិល្បៈ ស-ស

អំពីសិល្បករ៖

១. សួង ភក្តី (កើតឆ្នាំ ១៩៩៦ ខេត្តតាកែវ) ជាព្រះសង្ឃ និងនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកគំនូរ។ បច្ចុប្បន្នគាត់កំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា។ ព្រះអង្គធ្លាប់បានចូលរៀនថ្នាក់ថតរូប និងថ្នាក់សិល្បៈសហសម័យនៅគម្រោងសិល្បៈស-ស ភ្នំពេញ។ ស្នាដៃសិល្បៈរបស់គាត់ផ្តោតលើបរិស្ថានវិទ្យា និងការរៀនសូត្រពីធម៌ និងច្រើនបង្ហាញជាទម្រង់ចម្លាក់ និងគំនូរ។ ស្នាកដៃព្រះអង្គធ្លាប់បានចូលរួមពិព័រណ៍ជាក្រុមរួមមាន «លទ្ធភាព ចម្លង ដំណើរ» (២០១៩) នៅគម្រោងសិល្បៈស-ស ភ្នំពេញ, ទេពកោសល្យសិល្បករវ័យក្មេង #១១ (២០១៩) នៅការិយាល័យសិល្បៈ និងវប្បធម៌សហសម័យទីក្រុងបាងកក, «បំណះ» (២០២១) នៅគម្រោងសិល្បៈស-ស ភ្នំពេញ, និងពិព័រណ៍ដាក់ដេញថ្លៃស្នាដៃសិល្បៈសម្រាប់ទ្រទ្រង់គម្រោងសិល្បៈស-ស (២០២០ និង ២០២២) នៅ Factory Phnom Penh។

២. ឡេង គឹមស្រៀង (កើតឆ្នាំ ១៩៩៧ ភ្នំពេញ) បានបញ្ចប់ការសិក្សាផ្នែករចនាខាងក្នុងពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅភ្នំពេញ។ គាត់ក៏បានចូលរៀនថ្នាក់សិល្បៈសហសម័យ នៅគម្រោងសិល្បៈស-ស។ ជាធម្មតាគាត់ធ្វើការជាមួយ Collage និងចម្លាក់ ហើយជារឿយៗមានយោបល់លើតថភាពនៃសង្គម វប្បធម៌ និងចិត្តសាស្រ្តទីក្រុង។ ពិព័រណ៍ជាក្រុមរបស់គាត់រួមមាន៖ «សារនៅក្នុងចិត្ត» នៃមហោស្រពរូបថតភ្នំពេញ ២០១៩ នៅវិចិត្រសាលទទឹម ភ្នំពេញ, «ដង្ហើម» (២០២០) នៅគម្រោងសិល្បៈស-ស ភ្នំពេញ, ហោស្រពសិល្បៈសក្ការៈនៅទីក្រុង Compiegne (២០២១) ប្រទេសបារាំង, និង ពិព័រណ៍ដាក់ដេញថ្លៃស្នាដៃសិល្បៈសម្រាប់ទ្រទ្រង់គម្រោងសិល្បៈស-ស (២០២០ និង ២០២២) នៅ Factory Phnom Penh។

៣. គង់ តារា (កើតឆ្នាំ ១៩៩០ ខេត្តព្រៃវែង) បានសិក្សាសិល្បៈនៅគម្រោងសិល្បៈស-ស ដែលគាត់ធ្វើការជាអ្នកសម្របសម្រួលកម្មវិធីនិវាសដ្ឋានពិសោធន៍។ តារា ធ្វើការជាមួយសម្ភារចម្រុះរួមមាន គំនូរ ចម្លាក់ និងស្នាដៃបង្គុំ ដែលជាញឹកញាប់ច្រើនប្រើប៊ិចនិងខ្មៅដៃពណ៌ លើក្រដាស និងដីឥដ្ឋ។ ស្នាដៃសិល្បៈរបស់គាត់ស៊ើបអង្កេតបទពិសោធន៍ផ្ទាល់ខ្លួន ការចងចាំ និងអារម្មណ៍របស់គាត់ ហើយជារឿយៗឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសង្គម និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ ស្នាដៃរបស់គាត់បានតាំងបង្ហាញក្នុងពិព័រណ៍ជាក្រុមជាច្រើននៅកម្ពុជា និងអន្តរជាតិ រួមមាននៅ Ku Bar បាងកក, Nhà Sàn Collective ហាណូយ, ស-សបាសាក់ ភ្នំពេញ, វិចិត្រសាលសិល្បៈសង្កែបាត់ដំបង, វិចិត្រសាល Carol Shen ញូវយ៉ក, និងគម្រោងសិល្បៈស-ស ភ្នំពេញ។ គាត់ធ្លាប់បានធ្វើនិវាសដ្ឋានជាច្រើននៅកម្ពុជា និងអន្តរជាតិ រួមទាំងនៅ មជ្ឈមណ្ឌលសិល្បៈសហសម័យ OCAC តៃប៉ិ, San Art Laboratory ហូជីមិញ, Tentacles Art Space បាងកក, វិចិត្រសាលសិល្បៈសង្កែ បាត់ដំបង និងគម្រោងសិល្បៈស-ស ភ្នំពេញ។ តារា គឺជាជ័យលាភី អាហារូបករណ៍កម្មវិធីសិក្សាអនឡាញ Alternative Art School Fellowship (២០២១)។

មតិយោបល់