• 2023-03-22 03:21:20
  • ព័ត៌មាន

ស្ងាត់​ៗលេច​ដំណឹង ឧកញ៉ា យឹម តាស្រង់ ជិត​រៀបការ​ជាមួយ​ម៉ាក់ អ៊ីអ៊ី!

  • 2023-03-22 03:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា យឹម តាស្រង់ ដែល​បាន​ចែក​ផ្លូវ​ជាមួយ​អតីតភរិយា​ប៉ុន្មាន​ឆ្នាំ​ហើយ​នោះ ស្រាប់​តែ​នៅ​ថ្មី​ៗ​នេះ មាន​តម្រុយ​ថា លោក​ជិត​រៀប​ការ​ជាមួយ​ភរិយា​ថ្មី​ម្នាក់​ទៀត​ហើយ ដែល​អនាគត​កូន​ក្រមុំ​នោះ គឺ​អ្នក​ស្រី លី ញូរី ហៅ​ម៉ាក់អ៊ីអ៊ី ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន EEw9 ចែក​ចាយ​ផលិតផល​ថែ​រក្សា​សម្រស់​មក​ពី​កូរ៉េ។

តម្រុយ​នេះ​ចេញ​ពី​កញ្ញា អ៊ីអ៊ី ដែល​ជា​កូន​ស្រី​បង្កើត​តែ​ម្នាក់​គត់​របស់​អ្នក​ស្រី​តែ​ម្ដង ក្រោយ​ពី​យុវតី​បាន​ធ្លោយ​ចេញ​អស់​នូវ​ចម្ងល់​របស់​ប្រិយមិត្ត​នៅ​លើ Tiktok នៅ​ថ្មី​ៗ​នេះ។ សំណួរ​ដែល​នាំ​ឲ្យ​បែក​ធ្លាយ​នោះ​មាន​ដូច​ជា ថា​តើ​ម្ដាយ​របស់​អ៊ីអ៊ី ចែក​ផ្លូវ​គ្នា​ជាមួយ​ប៉ា​ហើយ​មែន​ទេ? អ៊ីអ៊ី ដែល​ជា​យុវតី​ក្មេង​ខ្ចី​មួយ​រូប និង​មាន​និស្ស័យ​ស្មោះត្រង់ បាន​ឆ្លើយ​ថា "លែង​ហើយ...លែង​យូរ​ហើយ​បង​ទើប​នឹង​សួរ!”។

ក្នុង​ពេល​នោះ​ដដែល ប្រិយមិត្ត​នៅ​បាន​សួរ​ថា​តើ​ចង់​ឲ្យ​ម៉ាក់​មាន​ប៉ា​ថ្មី​ទៀត​ឬ​អត់ ហើយ​ថា​តើ​ពេល​នេះ​មាន​ប៉ា​ថ្មី​ឬ​នៅ? ហើយ​គាត់​ជា​នរណា? តប​នឹង​សំណួរ​ទាំង​នេះ អ៊ីអ៊ី ឆ្លើយ​ទៀត​ថា ម៉ាក់​សម្រេច​យក​ប៉ាថ្មី​ទៀត​ជា​សិទ្ធិ​របស់​ម៉ាក់។ ដោយ​ឡែក​ចំពោះ​សំណួរ​ទី​២ យុវតី​ស្រស់​ស្អាត​រូប​នេះ ប្រាប់​ថា អ៊ីអ៊ី​មាន​ប៉ាថ្មី​ហើយ ហើយ​គាត់​ឈ្មោះ យឹម តាស្រង់ ដែល​គេ​ស្គាល់​ថា​ជា​អតីត​នាយកគ្រប់គ្រង​ផលិតផកម្ម Galaxy Navatra ហើយ​បច្ចុប្បន្ន​ជា​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន EEw9 ផ្ទាល់​តែ​ម្ដង។

ជាមួយ​គ្នា អ៊ីអ៊ី នៅ​បាន​បង្ហើប​ថា ម៉ាក់ និង​ប៉ាថ្មី​របស់​កញ្ញា ជិត​រៀប​ការ​នឹង​គ្នា​ហើយ។ កញ្ញា​ថ្លែង​ថា "តិច​ទៀត គាត់​ជិត​រៀបការ​ហើយ​បង!”។

ជុំវិញ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​៣ គឺ​យឹម តាស្រង់ អ៊ីអ៊ី និង​ម៉ាក់អ៊ីអ៊ី។ ចំពោះ​ករណី​នេះ ឧកញ៉ា យឹម តាស្រង់ មិន​ទាន់​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​នៅ​ឡើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២២ មីនា ២០២៣​នេះ។ វិល​ទៅ​អ្នក​ស្រី លី ញូរី ឬ​ម៉ាក់ អ៊ី​អ៊ី វិញ ក្រោយ​កូនស្រី​ធ្លោយ​មាត់​ពី​រឿង​នេះ បាន​ចូល​ទៅ​សរសេរ​សារ​ឆ្លើយ​តប​ថា អ្នក​ស្រី​មិន​លាក់​បាំង​នោះ​ទេ។

គ្រាន់​តែ​អ្នក​ស្រី​គិត​ថា វា​មិន​មែន​ជា​រឿង​ចាំ​បាច់។ "ខ្ញុំ​គិត​ថា វា​មិន​ចាំ​បាច់​ផុស​អួត​គេ​រឿង​បែកបាក់ និង​រឿង​ជួប​ដៃគូ​ថ្មី​នោះ​នៅ​លើ​វិថី Online នោះ​ទេ"។ អ្នក​ស្រី​បន្ត​ថា ប្រសិន​បើ​ដល់​វេលា​ចាំ​បាច់ ចាំ​ដល់​ថ្ងៃ​រៀបការ គឺ​ការ​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​ប្រកាស ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​គេ​ដឹង​នោះ​ឡើយ។

ទាំង​ឧកញ៉ា យឹម តាស្រង់ និង​ម៉ាក់ អ៊ីអ៊ី សុទ្ធ​ជា​ពោះម៉ាយ និង​មេម៉ាយ​រៀង​ខ្លួន ក្នុង​នោះ​ភាគី​ខាង​ប្រុស​មាន​កូន​ប្រុស ៤នាក់ប្រុសទាំងអស់ និង​ខាង​ស្រី មាន​កូន​២នាក់(ប្រុស១ស្រី​១)។ ត្បិត​ថា​បាន​បង្ហើប​ពី​រឿង​រៀបការ​របស់​ប៉ាក់ ម៉ាក់ តែ អ៊ីអ៊ី នៅ​មិន​ទាន់​ប្រាប់​ពី​ពេល​វេលា​ជាក់​ច្បាស់​នៅ​ឡើយ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម