• 2023-03-29 03:31:08
  • ព័ត៌មាន

ធ្លាយរឿង រឿន ណាត អត់ចូលថៃ ៥ឆ្នាំ ស្របពេលពលរដ្ឋខ្មែរ ផ្ទុះកំហឹងជាមួយតារាម៉ូដែលថៃ​ TIA TAVEE

  • 2023-03-29 03:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំហឹងជាតិសាសន៍អាចថមថយ ហើយរស់នៅដោយសេចក្ដីស្ងប់សុខបាន ល្គិកណាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម នៃជាតិមួយ ចេះប្រើពាក្យ ឬបញ្ចេញសកម្មភាពបង្ហាញពីសច្ចៈភាព ក្នុងនាមជាជាតិសាសន៍មានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។ ប៉ុន្ដែម្ដងហើយម្ដងទៀត បុគ្គលល្បីៗមានកេរ្ដិ៍លើវិថីសិល្បៈថៃ តែងតែបញ្ចេញរូបភាព ឬសារឌឺដងទាក់ទងនឹងប្រវត្ដិសាស្ដ្រ និងវប្បធម៌ស្រដៀងគ្នានោះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្ទុះកំហឹងជាបន្ដបន្ទាប់។

ថ្មីៗនេះ Miss Grand Thailand ឈ្មោះ Tia Tavee បានប្រើយុទ្ធសាស្ដ្រទាញការគាំទ្រពីមហាជនក្នុងប្រទេសស្របពេលការប្រកួតរបស់ខ្លួនកំពុងដំណើរការ ដោយបង្ហោះរូបកាត់ត កាត់ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង។ សត្វទន្សង ភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេរ របស់ភាសាថៃ ដូចដែលខ្មែរ ប្រើប្រាស់សត្វឆ្កែ ក្នុងពាក្យជេរដែរ។

ប៉ុន្ដែក្រោយបង្ហោះបានប្រមាណ ៣០នាទី ហើយទទួលការប្រតិកម្មពីមហាជន ជាពិសេសពលរដ្ឋខ្មែរច្រើនពេក កញ្ញា Tia Tavee ក៏បានលុបទៅវិញ ព្រមទាំងបានបកស្រាយជាវីដេអូ និងបង្ហោះសារជាថ្មីជាមួយរូបថ្មីថា គាត់បង្ហោះក្នុងន័យល្អទេ តែគាត់ច្រលំដាក់រូបខុស ដែលមិនទាន់បានដាក់អក្សរ ធ្វើឱ្យមហាជនយល់ច្រឡំ ហើយគាត់បានសុំការអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នា។

ប្រតិកម្មទៅនឹងរឿងដ៏រសើបនេះ ទំព័រហ្វេសប៊ុកឈ្មោះ បុរាណាចារ្យ បានជូនពរបវរកញ្ញាថៃរូបនោះ ក្នុងន័យបញ្ឍឺថា អេតមីន ជូនពរឲ្យកញ្ញាបានជោគជ័យ បានមកុដ ព្រោះកញ្ញាល្បីដូចបំណងហើយ ដូចតាមការគ្រោងទុក។ តែបើកញ្ញាចង់បង្ហាញភាពស្អាតស្អំរបស់ខ្លួន ថាខ្លួនមិនបានធ្វើ poster នេះ កញ្ញា និងក្រុមការងារ Miss Grand Phuket ត្រូវតែស្វែងរកអ្នកធ្វើ poster នេះមកសុំទោស ប្រជាពលរដ្ឋខ្មែរ។

ក្នុងនាមជាពលរដ្ឋខ្មែរ និងជាអតីត Miss Grand Cambodia កញ្ញា រឿន ណាត ក៏ប្រតិកម្មខ្លាំងៗចំពោះបវរកញ្ញាថៃរូបនេះដែរ។ រឿន ណាត និយាយថា វាមិនមែនជាលើកទី១ ទេដែលប្រទេសមួយនេះបានមើលងាយមកកាន់ប្រទេសកម្ពុជា។ នេះហើយជាមូលហេតុតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល ៥ឆ្នាំមកហើយ ប៉ុន្ដែកញ្ញាមិនដែលទៅម្ដងទៀត ព្រោះកាលកញ្ញាផ្ទាល់ទៅប្រកួតទីនោះ រងនូវការមើលងាយខ្លាំងណាស់។

ភាពចម្រូងចម្រាសគ្នារវាងតារាថៃ ជាមួយពលរដ្ឋខ្មែរ ជុំវិញរឿងវប្បធម៌ ប្រពៃណីស្រដៀងគ្នានេះ គេនៅចាំបានថា ក្នុងឆ្នាំ២០០៣ តារាភាពយន្ដថៃឈ្មោះផ្កាយព្រឹក ធ្លាប់បោះសម្ដីថា បើចង់ឲ្យរូបគេមកលេងស្រុកខ្មែរ ទាល់តែកម្ពុជាប្រគល់ប្រាសាទអង្គវត្ដឲ្យគេ។ សម្ដីនេះ ត្រូវបានពលរដ្ឋខ្មែរគ្រប់រូបប្រតិកម្មខ្លាំងៗ រហូតដល់ផ្ទុះការ​ធ្វើបាតុកម្ម និងវាយកម្ទេចស្ថានទូតថៃប្រចាំនៅកម្ពុជាទៀតផង។ ប៉ុន្ដែដោយមានការសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ រឿងនេះបានស្ងប់ស្ងាត់ទៅវិញ។

ទោះជាយ៉ាងណាចាប់តាំងពីពេលនោះមក នៅតែមានបុគ្គលល្បីឈ្មោះថៃមួយចំនួន បន្ដបញ្ចេញពាក្យឌឺដង ឬសារផ្សេងៗទាក់ទងនឹងការស្លៀកពាក់ និងនិយាយពីវប្បធម៌របស់ខ្លួនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងវប្បធម៌របស់ខ្មែរ ទើបមានប្រតិកម្មពីពលរដ្ឋខ្មែរទូទៅ។

គេសង្កេតឃើញថា រឿងរ៉ាវចម្រូងចម្រាសគ្នាបែបនេះ គឺភាគច្រើនកើតឡើងនៅពេលដែលមានការប្រកួត ស្លៀកពាក់ឈុតតំណាងជាតិ និងបង្ហាញវប្បធម៌ប្រទេសទាំងពីរលើឆាកអន្ដរជាតិ។ ទោះជាយ៉ាងណា ទង្វើរបស់តារាម៉ូដែលថៃនៅពេលនេះ ត្រូវបានពលរដ្ឋខ្មែរចាត់ទុកថា ជាការមើលងាយម្ដងហើយម្ដងទៀតពីសំណាក់ជនជាតិថៃមួយចំនួន មកលើប្រទេសកម្ពុជា៕

ជិន សុភ័ក្ដ្រ

មតិយោបល់