• 2023-04-26 08:43:26
  • ព័ត៌មាន

ធ្លាយដល់ សាន ផានិត និងតារាប្រុសពីរដួងទៀតនិយាយរឿងឧកញ៉ាដីឡូត៍ ជា សារ៉ន

  • 2023-04-26 08:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលអនុវត្ដបទបញ្ជាផ្ទាល់មាត់របស់អភិបាលខេត្ដកំពត អមដោយកិច្ចសន្យាររបស់អាជ្ញាធរមានសមត្ថកិច្ចរយៈពេល ១ខែ លើបំណុលរាប់ម៉ឺនដុល្លារជាមួយពលរដ្ឋ ឧកញ៉ា ជា សារ៉ន រងនូវការរិះគន់កាន់តែខ្លាំងពីមហាជន។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ គេឃើញតារាប្រុស ៣ដួងទៀត បានលូកមាត់ក្នុងរឿងនេះដែរ។

ផ្ដើមពីតារាចម្រៀង សាន ផានិត។ លោកនិយាយថា ករណី ជា សារ៉ន បានរាលដាល់ដល់ឧកញ៉ាដីឡូត៍គ្រប់ទម្រង់មួយនគរ កំពុងក្អួតឈាមដូចអ៊ុក សារ៉េន។ មិនបាននិយាយបកស្រាយអ្វីច្រើន សាន ផានិត បានត្រឹមតែឆ្លើយតបខមិនរបស់អ្នកគាំទ្រ និងមិត្ដសិល្បៈដោយសំណេរភាគច្រើនលោកមិនគាំទ្រនូវវិធីរកស៊ីរបស់ឧកញ៉ា ជា សារ៉ន ឡើយ។

ទន្ទឹមគ្នានេះតារាសម្ដែង សាវិន ហ្វីលីព បន្ទរលោក សាន ផានិត ថា ឧកញ៉ាដីឡូត៍ជំនាន់ថ្មីខ្លះ គ្មានគុណធម៌ក្នុងខ្លួនសោះ ធ្វើបាបអ្នកក្រ។ លោកបន្ថែមបែបលេងសើចថា៖ “បើអាច ធ្វើត្រឹមជាឧកញ៉ាក្បាលគីប(សាន ផានិត លក់របស់ប្រើប្រាស់ក្បាលគីប) ដូចសម្លាញ់វិញថ្លៃថ្នូរជាង”។

ចំណែកDj កណ្ដុរវិញ មិនបាននិយាយអ្វីដោយផ្ទាល់មាត់ទេ ដោយលោកគ្រាន់តែយកវីដេអូដែលឧកញ៉ាដីឡូត៍ ជា សារ៉ន ថ្លែងពីយុទ្ធសាស្ដ្រ និងភាពជោគជ័យរបស់ក្រុមហ៊ុន Chea Saron Group កាលពីខ្លួនមិនទាន់ធ្លាក់ខ្លួនមានបញ្ហា មកចាក់ឡើងវិញ។ ស្ដាប់បណ្ដើរបើកឡានបណ្ដើរ Dj កណ្ដុរ បានសើច ហើយក្រវីក្បាល ហើយធ្វើកាយវិកាបែបបង្អាប់ឧកញ៉ា ជា សារ៉ន ជុំវិញរឿងបញ្ចុះបញ្ចូលពលរដ្ឋរាប់រយគ្រួសារឲ្យដើរចូលក្នុងអន្ទាក់បំណុលវ័ន្ដករបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារយកលុយទៅវិនិយោគដីឡូត៍ជាមួយក្រុមលោក ជា សារ៉ន។

សូមរំលឹកថា ករណីឧកញ៉ាដីឡូត៍ ជា សារ៉ន ជាមួយពលរដ្ឋខេត្ដកំពត និងមានខ្លះមកពីខេត្ដឆ្ងាយៗ ដែលជាប់ពាក់ព័ន្ធនឹងការវិនិយោគលើអចលនទ្រព្យ ឬដីឡូត៍ បានផ្ទុះការតវ៉ា រហូតមានការដោះស្រាយជាទ្រង់ទ្រាយធំ ក្រោមការសម្របសម្រួលពីអភិបាលខេត្ដកំពត លោក ម៉ៅ ធនិន កាលពីដើមសប្ដាហ៍នេះ។ ដំណើរការនីតិវិធី កំពុងតែទៅមុខ ដោយទុកពេលឲ្យលោក ជា សារ៉ន រយៈពេល ១ខែ ដើម្បីធ្វើបច្ចុប្បន្នពលរដ្ឋដែលជំពាក់បំណុលធនាគារដែលកើតចេញពីការវិនិយោគរបស់ខ្លួន ដោយបង្វិលការទទួលខុសត្រូវសងម្ចាស់លុយទាំងអស់ទៅឧកញ៉ា ជា សារ៉ន វិញ។

រូបថត៖ ហ្វេសប៊ុក (ឧកញ៉ា ជា សារ៉ន)

រឿងរ៉ាវនេះផ្ទុះការចាប់អារម្មណ៍ ឥឡូវធ្លាយមកដល់រង្វង់អ្នកសិល្បៈទៀតដែលពួកគេមួយចំនួនក៏រកស៊ីផ្នែកអចលនទ្រព្យ ឬដីឡូត៍ដែរ។ បើតាមលោក សាន ផានិត បញ្ហារបស់ឧកញ៉ា ជា សារ៉ន នៅពេលនេះ អាចជះឥទ្ធិពលអាក្រក់ដល់អ្នករកស៊ីដីឡូត៍ត្រឹមត្រូវផ្សេងទៀត។ គិតមកដល់ពេលនេះគ្រប់សម្ដីដែលនិយាយពាក់ព័ន្ធនឹងបញ្ហាលោក ជា សារ៉ន ពីសំណាក់មហាជន ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈសុទ្ធតែទទួលបានការចាប់អារម្មណ៍៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម