• ពុធ, 17 ឧសភា 2023 03:29
  • ព័ត៌មាន

តារាល្បី មកពីផលិតកម្មពីរផ្សេងគ្នា ត្រៀមខ្លួនបង្កើតផ្ទាំងទស្សនីយភាពថ្មីក្នុងពិធីបិទព្រឹត្ដិការណ៍ស៊ីហ្គេមរសៀលនេះ

  • ពុធ, 17 ឧសភា 2023 03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេហ៍ លើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា នេះហើយ។ ងាកមកមើលជ្រុងសិល្បករ-សិល្បការិនវិញ ពួកគេក៏ទន្ទឹងរង់ចាំព្រឹត្ដិកាណ៍នេះដែរ ដោយម្នាក់ៗសុទ្ធតែបង្ហាញការត្រៀមខ្លួនចូលរួម ដើម្បីផ្ដល់ផ្ទាំងទស្សនីយភាពថ្មីៗ សម្រាប់ទស្សនិកជន។

យើងផ្ដើមពីតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ខេមរៈ សិរីមន្ដ។ លោកនិយាយថា រូបលោកពិតជារំភើបណាស់ដែលមានឱកាសចូលរួមច្រៀងក្នុងពិធីបិទព្រឹត្ដិកាណ៍ស៊ីហ្គេម ហើយក៏បានត្រៀមខ្លួនរួចហើយដែរ។ លោកសង្ឃឹមទុកជាមុនថា បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ដែលលោកលើកយកទៅច្រៀងជាមួយមិត្ដរួមអាជីពនោះ នឹងលឺកងរំពងពេញសាល នៃពហុកីឡដ្ឋានជាតិ។

សម្រាប់តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា វិញ បានឲ្យដឹងតាមបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៧ ខែឧសភា ថា ថ្ងៃនេះជាថ្ងៃប្រារព្ធពិធី បិទការប្រកួត SEA GAMES លើកទី៣២ ឆ្នាំ២០២៣។ WE DID IT យើងធ្វើបាន យុវជនយើង អាចធ្វើបាន អរគុណរាល់ការលះបង់ ការតស៊ូ ខំប្រឹង របស់អ្នកគ្រប់ៗគ្នា ហើយក៏អរគុណដល់ប្រទេសអាស៊ានទាំងអស់ដែលបានចូលរួម។

តារាចម្រៀងសំឡេងផ្អែមពីរោះ ឱក សុគន្ធកញ្ញា ក៏បានប្រកាសប្រាប់អ្នកគាំទ្រ ព្រមទាំងមិត្ដភក្ដិសិល្បៈជាច្រើនទៀតនៅក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនៅរសៀលនេះចាប់ពីម៉ោង ៤រសៀលតទៅ។

ក្រៅពីតារាចម្រៀងទាំងពីរដួង ក៏គេសង្កេតឃើញមានតារាចម្រៀង តារាសម្ដែង ជាច្រើនផ្សេងទៀតត្រៀមចូលរួមសម្ដែង ឬច្រៀងក្នុងឱកាសបិទព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២នេះដែរ។ តារាទាំងនោះ គឺមានដូចជា៖ សុគន្ធ នីតា ហ្សូណូ ណុប បាយ៉ារិទ្ធ ពេជ្រ សុភា តន់ ចន្ទសីម៉ា ព្រាប សុវត្ថិ និងតារាចម្រៀងសំឡេងស្អក ខេម ជាដើម។

សូមរំលឹកថា ពិធីបើកព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅក្រោមអធិបតីភាពសម្ដេចតេជោ និងប្រតិភូកីឡាជាតិ-អន្ដរជាតិ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនទាំងនៅពហុកីឡដ្ឋានផ្ទាល់ និងនៅតាមកញ្ចក់ទូរទស្សន៍។ កាលនោះមានការសម្ដែង ច្រៀង ព្រមទាំងមានការបាញ់កាំជ្រួចដ៏អស្ចារ្យ និងមោទនភាពជាតិក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី