• 2023-05-19 04:18:29
  • ព័ត៌មាន

កំពុង​ចាប់​អារម្មណ៍​ខ្លាំង ស្រី​ស្អាត ស៊ិន យូប៊ីន បង្ហាញខ្លួន​ក្នុង​​កម្មវិធី​លំដាប់ពិភព​លោក​ទាំង​ដៃកាន់ឈើច្រត់​

  • 2023-05-19 04:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ស៊ិន យូប៊ីន ដ៏​ស្រស់​ប្រិមប្រិយ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ម្ដង​ទៀត​ហើយ ក្រោយ​ពី​នាង​​បាន​បង្ហាញ​វត្តមាន​ម្ដង​ទៀត​លើ​ទឹកដី​អឺរ៉ុប ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ដ៏​ល្បី​ល្បាញ​លើក​ទី ៧៦ របស់​បារាំង ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ល្បី​ៗ​មក​ពី​ទូទាំង​ពិភព​លោក។

Photo Credit: Getty Image

នេះ​ជាលើក​ទី​២ហើយ ដែល​តារា​ស្រី​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​គួរ​ឲ្យ​ស្ញប់ស្ញែង​នៅ​លើ​ទឹក​ដី​អឺរ៉ុប បន្ទាប់​ពី​ដើម​ឆ្នាំ ២០២៣ នេះ នាង​ក៏​បាន​ចូល​រួម​កម្មវិធី Fashion ដ៏​ធំ​មួយ​របស់​បារាំង​ដែរ តាម​ការ​អញ្ជើញ​ក្រុមហ៊ុន​ដ៏​ធំ​មួយ។

ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ យូប៊ីន បាន​គ្រង​រ៉ូប​ពណ៌​ខៀវ​ស្រាល​ដ៏​ស្រស់​ស្អាត​មួយ ជាមួយ​នឹង​ការ​ធ្វើ​សក់​បែប​សាមញ្ញ​ប៉ុន្តែ​ទាក់​ទាញ។ ដូច្នេះ​ហើយមិន​ខុស​ពី​លើក​ទី១​ដែរ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​ទឹក​ដី​បារាំង​នេះ ស៊ិន យូប៊ីន បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពិសេស គឺ​​នាង​បាន​ក្លាយ​ជា​គោលដៅ​មួយ​របស់​ភ្នាក់​ងារ​ថត​រូប​អន្តរជាតិ​ដ៏​ល្បី Getty Image និង Reuter ជា​ដើម។

Photo Credit: Reuter

ភ្នាក់ងារ​ប្រមាញ់​រូបភាព​ដ៏​ល្បី​ល្បាញ​ទាំង​នេះ ប្រមាញ់​បាន​រូបភាព​របស់​តារា​ស្រី​កម្ពុជា​ជា​ច្រើន​សន្លឹក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ តាម​រយៈ​ស៊េរី​រូបភាព​ទាំង​នោះ គេ​ឃើញ យូប៊ីន បង្ហាញ​ខ្លួន ទាំង​ដៃកាន់​ឈើ​ច្រត់ ដែល​តាម​ព័ត៌មាន​ គឺ​ដោយ​សារ​នាង​ឈឺ​ជើង តែ​មិន​ដឹង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅ​ឡើយ​ទេ។

ដោយ​សារ​តែ​បែប​នេះ ការ​បង្ហាញ​ខ្លួន​របស់​យុវតី​វ័យ ២៦ ត្រូវ​ជួយ​សម្រួល​ដោយ​បុរស​២រូប​ដែល​ក្រុម​ការងារ​រៀប​ចំ​មហោស្រព ដែល​ធ្វើ​ឲ្យ​នាងកាន់​តែ​ទាក់​ចំណាប់​អារម្មណ៍​ថែម​ទៀត។ បុរស​បរទេស​​ទាំង​ពីរ បាន​ជួយ​កាន់​ជាយ​រ៉ូប​ឲ្យ​នាង បង្ការនាង​​ជាន់​នាំ​ឲ្យ​ដួល ធ្វើ​ឲ្យ​មាន​បញ្ហា​បន្ថែម​ទៀត​ចំពោះ​ជើង​របស់​នាង។

ក្រោយ​ពី​ជួយ​ជ្រោមជ្រោយ​របស់​បុរស​ទាំង​ពីរ យូប៊ីន បាន​បង្ហាញ​ខ្លួន​ដោយ​ឈរ​យ៉ាង​ជឿជាក់​លើ​កម្រាល​ព្រំ តទល់​នឹង​កាណុងកាមេរ៉ា​របស់​អ្នក​ថត​រូប​បរទេស​ជា​ច្រើន​ដែល​តម្រង់​មក។ ជា​លទ្ធផល ក្រុម​អ្នក​ថត​រូប​បរទេស​បាន​ផ្ដល់​ឲ្យ​នាង​នូវ​ស៊េរីរូបភាព​ដ៏​គួរ​ឲ្យជក់ជិត និង​មោទនភាព​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​របស់​នាង​នៅ​លើ​បណ្ដា​ញសង្គម ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល។

Photo Credit: Getty Image

អត្ថបទ៖ ទារិកា

មតិយោបល់