• 2023-05-24 09:10:21
  • ព័ត៌មាន

កូនខ្មែរម្នាក់ គឺ​ជា​អ្នក​នៅពីក្រោយឈុតឆាកសាហាវៗជាច្រើននៃរឿង Fast X!

  • 2023-05-24 09:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្តហូលីវូដដែលចំណាយថវិកាផលិតប្រមាណ ៣៤០លានដុល្លារ រឿង FAST X (Fast 10) កំពុងចាក់បញ្ចាំងនៅតាមបណ្ដារោងភាពយន្តនៅកម្ពុជា ក៏ដូចជាជុំវិញពិភពលោក។

យ៉ាងណាមិញ មនុស្សមិនច្រើនទេដែលដឹងថា ដំណើរការផលិតក៏មានការរួមចំណែកពីតារាក្បាច់គុនខ្មែរ-បារាំង លោក ណុប ដារ៉ែន ផងដែរ។

តារាក្បាច់គុនដែលនៅពីក្រោយឈុតឆាកសម្ដែងវៃតប់ក្នុងកុនហូលីវូដជាច្រើនរឿងរូបនេះ បានសរសេរលើបណ្ដាញសង្គមជាភាសាអង់គ្លេស ដែលប្រែសម្រួលមកថា៖ «វាពិតជាបទពិសោធន៍ដ៏អស្ចារ្យជាមួយមនុស្សដ៏អស្ចារ្យ។ ខ្ញុំពិតជានឹកដល់អ្នកដែលផ្ដល់ទំនុកចិត្តដល់រូបខ្ញុំ។ អរគុណលោក Patrick Vo , @schneiderolivier , @yvesstunt @one4stunts និងមនុស្សជាច្រើនទៀត។ អរគុណធំៗដល់ក្រុមតួសម្ដែងជំនួសក្នុងឈុតឆាកវៃតប់ ដែលខ្ញុំរីករាយនឹងបានជួប ហើយចំណាយពេលវេលាធ្វើការជាមួយមនុស្សពោរពេញទេពកោសល្យទាំងអស់នេះ។ សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាជាថ្មីៗឆាប់ៗនេះក្នុងដំណើរផ្សងព្រេងលើក្រោយទៀត»។

តាមរយៈការសម្ដែងឈុតឆាកប្រយុទ្ធវ៉ៃតប់ស្ដែងៗក្នុងខ្សែភាពយន្តហូលីវូដ កូនខ្មែរ-បារាំង លោក ណុប ដារ៉ែន គឺជាតារាភាពយន្ត និងជាវីរបុរសនៅពីក្រោយភាពជោគជ័យរបស់តារាហូលីវូដជាច្រើនរូប។ លោក ដារ៉ែន មានឪពុកម្ដាយជាជនភៀសខ្លួន ទៅប្រទេសបារាំង ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយលោកបានកើតនៅទីក្រុងប៉ារីស នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៨៦ ក្នុងគ្រួសារដែលមានបងប្អូនស្រី ៤ នាក់ និងបងប្អូនប្រុសម្នាក់។

យោងតាមទិន្នន័យពីវេបសាយបណ្ដុំព័ត៌មានភាពយន្ត និងកម្មវិធីទូរទស្សន៍ IMDb លោក ដារ៉ែន មានបទពិសោធសម្ដែងជាតួជំនួស(Stunt Man) ក្នុងភាពយន្តជិត ៣០ រឿង រួមទាំងភាពយន្តហូលីវូដល្បី Fast X, John Wick: Chapter 4, Moon Knight, Black Widow, និង Solo: A Star Wars Story ជាដើម។ ជាមួយបទពិសោធសម្ដែងក្នុងភាពយន្តហូលីវូដល្បីៗ និងជាតួជំនួសក្នុងឈុតឆាកប្រយុទ្ធវ៉ៃតប់ជាច្រើនរឿង លោក ដារ៉ែន មានទម្លាប់ហ្វឹកហាត់ និងបញ្ចប់ដោយការពត់ខ្លួនជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ ទារិកា

មតិយោបល់