• 2024-12-13 05:05:28
  • ព័ត៌មាន

កម្មវិធី "បេះដូងអច្ឆរិយ​" ជិះកង់ ជុំវិញបឹងទន្លេសាប កាត់ខេត្តចំនួន ៦ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ កម្ពុជា

  • 2024-12-13 05:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង SAI រួមជាមួយក្រុមការងារ Run With Sai នឹងរៀបចំព្រឹត្តិការណ៍មនុស្សធម៌មួយ មានឈ្មោះថា “កម្មវិធី បេះដូងអច្ឆរិយ” ដើម្បីបង្ហាញក្តីស្រឡាញ់ជូនកុមារនៅកម្ពុជា។

“កម្មវិធី បេះដូងអច្ឆរិយ” ចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ដោយចាប់ផ្តើមចេញពី រាជធានីភ្នំពេញ ត្រង់ចំណុច មន្ទីរពេទ្យគន្ធបុប្ផាទី ៤ និងធ្វើការជិះកង់ជុំវិញខេត្តជាប់បឹងទន្លេសាប ឆ្លងកាត់ខេត្តចំនួន ៦ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង ខេត្តកំពង់ធំ។

នៅក្នុងព្រឹត្តិការណ៍នេះ SAI នឹងជិះកង់ រត់ និង ហែលទឹកជុំវិញបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រៀបដូចជាបេះដូងដ៏ធំរបស់កម្ពុជា នៅក្នុងគោលបំណង រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

“បេះដូងអច្ឆរិយ” ជាកម្មវិធីប្រព្រឹត្តឡើងអមព្រឹត្តិការណ៍ សាទរកម្ពុជា Celebrating Cambodia ក្នុងមោទនភាពជាតិ អត្តសញ្ញាជាតិ និង ការរួបរួមក្រោមទង់ជាតិតែមួយ។ បងប្អូនទាំងអស់គ្នា អាចចូលរួមជាមួយក្រុមការងារ Run With Sai ដើម្បីជិះកង់ និង រត់ ក៏ដូចជាធ្វើការបរិច្ចាគទឹកប្រាក់ ដើម្បីបង្ហាញក្តីស្រលាញ់ជូនដល់កុមារនៅកម្ពុជា៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់