• 2023-05-26 02:11:44
  • ព័ត៌មាន

វង្ស ថាណាន់ រៀប​ដំណើរ​រឿង ដែល​បណ្ដាល​រូប​គេ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡើង​ខ្ទេចឡាន

  • 2023-05-26 02:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម Galaxy Navatra វង្ស ថាណាន់ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​រថយន្ត​របស់​លោក​បាន​ទៅ​បុក​ជាមួយ​រថយន្ត​ធំ​មួយ​គ្រឿង​ដែល​ឈប់​លើ​ផ្លូវ​នៅ​ក្នុង​ទឹក​ដី​ខណ្ឌ​ព្រែក​ព្នៅ។

ក្នុង​គ្រោះ​​ថ្នាក់​នោះ លោក​បាន​រងរបួស​បាក់​ភ្លៅ​ខាង​ស្ដាំ បែកមុខ បែកមាត់។ ដោយ​ឡែក​រថយន្ត​ម៉ាក Toyota Prius ពណ៌​ស​របស់​លោក បាន​ខូច​ខាត​មួយ​កំណាត់​មុខ​ទាំង​ស្រុង។ គ្រោះ​ថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ ក្រោយ​ពី​លោក​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមាន​ជ័យ។

នៅ​មុន​ជួប​គ្រោះ​ថ្នាក់​ខាង​លើ លោក វង្ស ថាណាន់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន Toyota Prius ពណ៌​ស បុរស​ម្នាក់​ដែល​លោក​ប្រាប់​ថា​ជា​បង​ប្រុស ត្រឡប់​មក​ពី​ខេត្តបន្ទាយ​មាន​ជ័យ​ ក្រោយ​ចប់​បេសកកម្ម​ការងារ​តន្ត្រី​។ លោក​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​ទាំង​យប់ ដោយ​មក​ដល់​កន្លែង​កើត​ហេតុ ម៉ោង ៣រំលង​អាធ្រាត្រ​ទៅ​ហើយ ព្រោះ​ប្រញាប់​បន្ត​ទៅ​ច្រៀង​នៅ​ខេត្តកំពត​ទៀត​នៅ​ថ្ងៃ​បន្ទាប់។

នៅ​តាម​ផ្លូវ​ ថាណាន់ ប្រាប់​ថា លោក​បើកបរ​ដោយ​ប្ដូរ​គ្នា​កាន់​ចង្កូត​ម្ដង​ម្នាក់​ជាមួយ​បង​ប្រុស។ ប៉ុន្តែ​នឿយ​ហត់​ក្នុង​ការងារ សម្រាក​មិន​គ្រប់​គ្រាន់ បើករថយន្ត​ផ្លូវ​ឆ្ងាយទៀត ធ្វើ​ពួកឲ្យ​លោក​ងោកងុយ។ "និយាយ​ទៅ​ហត់​នឿយ​ពេក​បង...មុន​ដំបូង​ខ្ញុំ​បើក រួច​ហើយ​ក៏​បាន​ប្ដូរ​បង​ខ្ញុំ​បើក ខ្ញុំ​ដេក​ម្ដង ខ្ញុំ និង​បងដូរ​គ្នា​​បើក​ម្ដង​ម្នាក់ តែ​ដោយ​សារ​ហត់នឿយ​ពេក គាត់​ក៏ងោក ហើយ​ងោក​តែ​ប្រមាណ ១-២វិនាទី​សោះ​ហ្នឹង​បង គាត់​ថា បើក​ភ្នែក​ឡើង​មក​ដល់​គូទ​ឡាន​គេ​ទៅ​ហើយ"។

ម្ចាស់​បទ "ស្នេហ៍​ក្រៅ​ផ្លូវ​ការ" ប្រាប់​ថា រថយន្ត​របស់​លោក​បាន​បុក​មួយ​ទំហឹង​រថយន្ត​ធំ​ដែល​ឈប់​លើ​ផ្លូវ​អត់​មាន​ដាក់​សញ្ញា ឬ​ភ្លើង​ចំណាំង​ផ្លាត។ លោក​ប្រាប់​ទៀត​ថា កម្លាំង​បុក​ទង្គិច បាន​ធ្វើ​រថយន្ត​របស់​លោក​ផ្ទុះ និង​បែក​ពោង​សុវត្ថិភាព។ វង្ស ថាណាន់ បាន​រង​របួស បាក់​ភ្លៅ​ខាង​ស្ដាំង បែក​មុខ ដោយ​ឡែក​បង​ប្រុស របួស​ស្រាល​ជាង។

ក្រោយ​កើត​ហេតុ លោក​ត្រូវ​បាន​គេ​សង្គ្រោះ និង​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរ​កាល់ម៉ែត្រ។ មក​ដល់​ពេល​នេះ លោក​ប្រាប់​ថា បាន​ធូរ​ស្រាល​បន្តិច និង​អាច​ងើប​ទទួល​មេកើយ បង​ប្អូន ញាតិ​មិត្ត​មក​សួរ​សុខ​ទុក្ខ​ខ្លះ​ៗ។

ក្នុង​ពេល​សម្រាក​ព្យាបាល ក្រៅ​ពី​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ លោក វង្ស ថាណាន់ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ផលិតកម្ម Galaxy Navatra ឈឺ​ឆ្អាល ដោយ​ចាត់​ក្រុម​ការងារ​មក​សួរ​សុខទុក្ខ និង​ជួយ​ថវិកា​ចំនួន ៥០០០ដុល្លារ។ ក្រៅ​ពី​លោក ព្រាប សុវត្ថិ លោកខេម កញ្ញា តន់ ចន្ទសីម៉ា ក៏​ជួយ​ឧបតម្ថម្ភ​តារា​ចម្រៀង​ប្រុស​នូវ​ថវិកា​មួយ​ចំនួន​រៀង​ៗ​ដែរ។

មិន​ត្រឹម​តែ​តារាចម្រៀង​រួម​ទ្រនំ ប៉ុន្តែ​ក៏​ឃើញ​តារាសម្ដែង និង​តារាចម្រៀង​ផលិតកម្ម​ហង្សមាស បូក​រួម​នឹង​ការ​មក​សួរ​សុខ​ទុក្ខ​របស់​មិត្តសិល្បករ​ជា​ច្រើន​នាក់​ទៀត ដែល​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត និង​ទទួលបាន​អារម្មណ៍​កក់​ក្ដៅ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម