• 2023-05-26 07:53:49
  • ព័ត៌មាន

BTS ល្បីខ្លាំងរហូតមានសន្និសីទលើកទី 4 បង្ហាញ​ការ​សិក្សាស្រាវជ្រាវពី BTS និងវប្បធម៌ K-pop

  • 2023-05-26 07:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជោគជ័យនៃសន្និសិទជាសកលជាមួយប្រធានបទផ្ដោតលើក្រុមចម្រៀង BTS ជាលើកទី 3 នៅទីក្រុងសេអ៊ូលកាលពីខែកក្កដាឆ្នាំមុន សន្និសីទលើកទី 4 គ្រោងនឹងធ្វើឡើងនៅ Universiti Malaya (UM) ក្នុងទីក្រុង Kuala Lumpur នៅថ្ងៃទី 16 និង 17 ខែសីហាខាងមុខនេះ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសង្គមអន្តរជាតិសម្រាប់ការសិក្សាពីបាតុភូតក្រុមតន្ត្រីកូរ៉េខាងត្បូង BTS (ISBS) និងរៀបចំដោយនាយកដ្ឋានសិក្សាអាស៊ីបូព៌ានៅ Universiti Malaya ។

ISBS ត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ 2020 ដោយភ្ជាប់ជាមួយសន្និសីទសិក្សាស្រាវជ្រាវសកលអំពីក្រុមចម្រៀង BTS ជាលើកដំបូងនៅសាកលវិទ្យាល័យ Kingston ទីក្រុងឡុងដ៍។ សន្និសីទសិក្សាស្រាវជ្រាវដោយក្រុមអ្នកប្រាជ្ញ និងអ្នកគាំទ្រមកពីជុំវិញពិភពលោកដែលចាប់អារម្មណ៍ក្នុងការសិក្សាអំពីបាតុភូតនៃការបញ្ជ្រាបវប្បធម៌របស់ BTS កេរ្តិ៍ឈ្មោះ និងអ្នកគាំទ្រដ៏ច្រើនមហិមារបស់ពួកគេ។

សាស្ត្រាចារ្យស្រាវជ្រាវ Lee Ji-young មកពីសាកលវិទ្យាល័យ Hankuk University of Foreign Studies ក្នុងទីក្រុងសេអ៊ូល បាននិយាយថា៖ «សន្និសីទសិក្សាអំពី BTS និងផលប៉ះពាល់របស់វាគឺចាំបាច់នៅពេលដែលឥទ្ធិពលដ៏សម្បើមរបស់តារាចម្រៀងទាំង 7 រូប បានផ្សព្វផ្សាយពីវប្បធម៌ប៉ុបកូរ៉េខាងត្បូងពាសពេញពិភពលោក»។

សាស្ត្រាចារ្យរូបនេះបានលើកហេតុផលថា៖ «ដោយសិក្សាពីឥទ្ធិពលរបស់ក្រុម យើងអាចទទួលបានការយល់ដឹងពិសេសមួយលើផ្នែកដូចជានយោបាយ និងវប្បធម៌អ៊ីនធឺណិត»។

ប្រធានបទសម្រាប់សន្និសិទអន្តរកម្មជាសកលរបស់ BTS នាពេលខាងមុខនៅក្រុងគូឡាឡាំពួគឺផ្ដោតសំខាន់លើ “BTS នៅអាស៊ីអាគ្នេយ៍” និង “BTS និងអនាគត”។

ទន្ទឹមនឹងនេះ អនាគតរបស់ BTS គឺស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យចាប់អារម្មណ៍មួយ។ កាលពីខែមិថុនាកន្លងទៅ ក្រុមតន្រ្តីនេះបានផ្អាកសកម្មភាពក្រុមរបស់ខ្លួន ខណៈដែលសមាជិកមួយចំនួនត្រូវចុះឈ្មោះចូលបម្រើកាតព្វកិច្ចយោធា។

បច្ចុប្បន្ននេះ សមាជិក Jin និង J-Hope បានចុះឈ្មោះរួចហើយ។ សមាជិកដែលនៅសល់ - RM, Suga, Jimin, V និង Jungkook - កំពុងផ្តោតលើអាជីពទោលរបស់ពួកគេ។ “តើអនាគតរបស់ BTS ទៅជាយ៉ាងណា? ឬអ្វីទៅជាឥទ្ធិពលរបស់ក្រុមចម្រៀងនេះទៅលើអនាគត? ចុះអនាគតអ្នកគាំទ្ររបស់ BTS នឹងទៅជាយ៉ាងណា?

សំណួរទាំងនេះនឹងត្រូវបានឆ្លើយ នៅក្នុងសន្និសីទសិក្សាស្រាវជ្រាវពី BTS និង វប្បធម៌ K-pop។ តម្លៃចុះឈ្មោះគឺ 110 ដុល្លារសម្រាប់អ្នកធ្វើបទបង្ហាញ និង៧០ដុល្លារ សម្រាប់អ្នកចូលរួមសន្និសីទ និងនិស្សិត។

ប្រភព៖ https://www.thestar.com.my/lifestyle/entertainment/2023/05/24/academic-conference-on-k-pop039s-bts-to-be-held-in-malaysia-in-august

មតិយោបល់