- 2023-06-08 08:07:34
- ព័ត៌មាន
រឿងរ៉ាវគ្រប់យ៉ាងអ្នកគួរដឹង ពីសក្ដានុពលអស្ចារ្យរបស់ ទីក្រុងធំៗទាំង ៤ របស់កោះហៃណាន
- 2023-06-08 08:07:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវគ្រប់យ៉ាងអ្នកគួរដឹង ពីសក្ដានុពលអស្ចារ្យរបស់ ទីក្រុងធំៗទាំង ៤ របស់កោះហៃណាន
ចន្លោះមិនឃើញ
ហៃណាន (Hainan) គឺជាខេត្តតូចមួយរបស់ចិន និងស្ថិតនៅភាគខាងត្បូងនៃប្រទេស ហើយក៏សម្បូរទៅដោយកោះជាច្រើនផងដែរ។ ទោះជាខេត្តតូច ប៉ុន្តែកោះហៃណាន គឺជាកោះដែលធំជាងគេ និងមានប្រជាជនរស់នៅច្រើនគួរសមក្នុងប្រទេសចិន។
ក្រុងដ៏ធំប្រចាំខេត្ត គឺ Haikou ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងនៃកោះ Hainan ខណៈ Sanya គឺជាគោលដៅទេសចរណ៍ដ៏ល្បីមួយនៅឆ្នេរសមុទ្រភាគខាងត្បូង។ ទីក្រុងសំខាន់ៗផ្សេងទៀតគឺ Wenchang, Sansha, Qionghai, Wanning, Wuzhishan, Dongfang និង Danzhou។
តំបន់កម្សាន្តជាច្រើនរង់ចាំស្វាគមន៍ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ជាតិសាសន៍ មិនឲ្យគ្រប់គ្នាមានអារម្មណ៍នឿយណាយនោះទេ។ ប៉ុន្តែក្នុងចំណោមទីក្រុងសំខាន់ៗ របស់ហៃណាន មាន ៤ ដែលហាក់ទាញភ្ញៀវទេសចរបុកទៅលេងកម្សាន្តច្រើនឡើងៗ នោះគឺ Sanya, Haikou Wenchang និង Danzhou។
១. Haikou
Haikou ដើមឡើយជាទីក្រុងកំពង់ផែ សម្រាប់ Qiongshan។ ក្នុងអំឡុងសង្គ្រាមស៊ីវិលចិន ទីក្រុង Haikou គឺជាបន្ទាយជាតិនិយមចុងក្រោយមួយដែលត្រូវបានពួកកុម្មុយនិស្តដណ្តើមកាន់កាប់ — ជាមួយនឹងសមរភូមិកោះ Hainan ក្នុងឆ្នាំ ១៩៥០។ បច្ចុប្បន្ន ជាងពាក់កណ្តាលនៃវិស័យពាណិជ្ជកម្មសរុបរបស់កោះនេះ នៅតែឆ្លងកាត់កំពង់ផែ Haikou។
តំបន់អគារចំណាស់ៗ នៅ Haikou មានឈ្មោះថា «Qilou Old Street» ឬ «វិថីចាស់ Qilou» ត្រូវបានរក្សាទុក ដើម្បីអាចឲ្យគ្រប់គ្នាត្រឡប់ទៅកាន់សម័យមុន ព្រោះគ្រប់យ៉ាងមិនមានការផ្លាស់ប្ដូរទេ។ Qilou Old Street គឺជាត្បូងពេជ្រលាក់កំបាំងរបស់ Haikou។ វាមានលក្ខណៈជាអគារហាងទំនិញច្រើនជាន់ដែលមានរចនាម៉ូដបែបអឺរ៉ុប។ ផ្ទះនៅទីនេះមានចំនួន ៦០០ ល្វែងលើផ្លូវចំនួន ៣០ ដែលត្រូវបានរក្សាទុកជាទីតាំងទេសចរណ៍ជាទីចាប់អារម្មណ៍ និងធំបំផុតនៅក្នុងប្រទេសចិនទាំងអស់។
ដើមកំណើតដំបូងរបស់វាគឺជាទីក្រុងមួយដែលត្រូវបានសាងសង់ឡើងដោយជនជាតិចិនដែលរស់នៅក្រៅប្រទេស ហើយពេលបានត្រឡប់ចូលស្រុកកំណើតរបស់ពួកគេវិញនៅទសវត្សរ៍ឆ្នាំ ១៩០០ ដោយបាននាំចូលមិនត្រឹមតែទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្ថាបត្យកម្មបែបលោកខាងលិច-រ៉ូម៉ាំងផងដែរ។
ផ្លូវត្រូវបានបែងចែកជាតំបន់ផ្សេងៗគ្នាដូចជា កន្លែងលក់ថ្នាំចិន ថ្នាំសង្កូវលោកខាងលិច កន្លែងលក់សូត្រ និងសម្លៀកបំពាក់តាមតម្រូវការ កន្លែងលក់ត្រី និងសាច់ស្រស់ៗ ក៏ដូចជាកន្លែងលក់គ្រឿងក្រអូប ទៀន ក្រដាស ទឹកខ្មៅ និងទំនិញផ្សេងៗទៀតជាច្រើនមុខ។
ងាកមកវិស័យកសិកម្ម Haikou ក៏ត្រូវបានគេស្គាល់ផងដែរថាជា "ទីក្រុងដូង" និងគោលដៅទេសចរណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសចិន។
នៅតាមដងផ្លូវ សង្កេតឃើញថា មានដើមដូងជាច្រើន ដោយសារប្រជាជនត្រូវបានលើកទឹកចិត្តឲ្យដាំដូង ហើយអ្វីដែលគួរសរសើរ វិស័យពាណិជ្ជកម្មក្នុងតំបន់ពិតជាហក់ឡើងគួរកត់សម្គាល់ ដោយសារដូងត្រូវបានគេយកទៅច្នៃទៅជាផលិតផល និងចំណីអាហារជាច្រើនប្រភេទរាប់មិនអស់។
២. Sanya
Sanya គឺជាទីក្រុងភាគខាងត្បូងបំផុតនៅលើកោះហៃណាន និងជាទីក្រុងមួយក្នុងចំណោមទីក្រុងលូតលាស់គួរសមប្រចាំខេត្ត។
តាមប្រវត្តិសាស្ត្រ កាលពីអំឡុងរជ្ជកាល រាជវង្ស ឈិន ជួនកាល Sanya ត្រូវបានគេហៅថា Tianya Haijiao (天涯海角) មានន័យថា "ចុងបញ្ចប់នៃមេឃនិងមហាសមុទ្រ" ឬ "ចុងបញ្ចប់នៃផែនដី"។ ជាលទ្ធផលទីក្រុងនេះ ត្រូវបានបម្រើ និងទុកជាកន្លែងនិរទេសសម្រាប់មន្ត្រីដែលដឹងថាខ្លួនលែងជាប្រយោជន៍ដល់ប្រទេស។ ប៉ុន្តែនាពេលបច្ចុប្បន្ន Tianya Haijiao ក៏បានក្លាយជាតំបន់ទេសចរណ៍ដ៏មានន័យ សម្រាប់មនុស្សជាច្រើននាក់មកកម្សាន្តនិងលម្ហែ។
Tianya Haijiao Scenic Spot ត្រូវបានបង្កើតឡើង ជារមណីយដ្ឋានដែលមានការកែច្នៃ និងតុបតែងបន្ថែម ដែលជាចំណីអារម្មណ៍ និងចក្ខុ សម្រាប់គ្រប់គ្នាដែលបានមកដល់។
អ្វីដែលពិសេស នេះក៏ជាកន្លែងដែល គូស្នេហ៍ជាច្រើនគូ មកថតរូប Pre-Wedding តៗគ្នាមិនចេះដាច់ដែរ។ ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ ដើមដូងដុះឡើងបណ្ដេញឆ្លាស់គ្នា ពិសេសអ្នកក៏នឹងបានឃើញផ្ទាំងថ្មធំៗផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Sanya បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ សណ្ឋាគារលំដាប់ផ្កាយប្រាំខ្នាតអន្តរជាតិជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងតំបន់នេះ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ស្លាកសញ្ញារុស្ស៊ី អាចត្រូវបានគេមើលឃើញពាសពេញទីក្រុង។
អ្វីដែលមិនគួររំលង Sanya ក៏ជាកន្លែងដែលមានរូបសំណាក់ព្រះម៉ែ គង់ ស៊ីអ៊ីម (Guanyin) ដែលជារូបសំណាក់ខ្ពស់ និងធំជាងគេនៅក្នុងប្រទេសចិន ហើយស្ថិតនៅក្នុងប្រាសាទ Nanshan។
ឧទ្យាន Yalong Bay Tropical Paradise Forest Park និងតំបន់អភិរក្សធម្មជាតិ Sanya Coral Reef (Sanya Coral Reef National Nature Reserve) មានទីតាំងនៅជិត ឆ្នេរសមុទ្រ Yalong ហើយរមណីយដ្ឋានទេសចរណ៍ជាតិ Yalong Bay ទើបត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ ប៉ុន្តែមានការគាំទ្រមិនអន់នោះទេ។
៣. Wenchang
Wenchang គឺជាទីក្រុងដែលនៅភាគឦសាននៃខេត្ត Hainan ប្រទេសចិន។ ទីនេះមានប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយក្នុងចំណោមវិមានប្រវត្តិសាស្ត្រដ៏អស្ចារ្យទាំងបីរបស់កោះ Hainan និងជាប្រភពដើមនៃវប្បធម៌មីនណានរបស់ហៃណាន។
Wenchang មានឈ្មោះថាជាស្រុកកំណើតនៃរឿងអស្ចារ្យទាំងប្រាំបួន គឺស្រុកកំណើតនៃដូងចិន តំបន់របស់អនិកជនជនជាតិចិន បាល់ទះ វប្បធម៌ Mother of Nation ទីតាំងនៃអាកាសយានិក មេទ័ព អក្សរផ្ចង់ និងអាយុយឺនយូរ។ វាជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយនៅក្នុងខេត្ត Hainan ដែលត្រូវបានគេស្គាល់ថាជា "គុជនៅលើឆ្នេរខាងកើតដែលមានពន្លឺថ្ងៃអស្ចារ្យ" និងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបេតិកភណ្ឌវប្បធម៌។
៤. Danzhou
ទីក្រុង Danzhou ដែលមានទីតាំងនៅភាគពាយព្យនៃកោះ Hainan ក្បែរឈូងសមុទ្រតុងកឹង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដឹកជញ្ជូន ទំនាក់ទំនង និងវប្បធម៌ Hainan ភាគខាងលិច ។ កន្លែងទាក់ទាញធម្មជាតិក្នុងតំបន់ដែលមិនអាចរំលងបានរួមមាន បឹង Yunyue ("បឹងពពកព្រះច័ន្ទ") Lanyang Hot Spring ("ទឹកធ្លាក់មហាសមុទ្រខៀវ") និង ទឹកជ្រោះ Lumuwan។
ទីតាំងដែលពុំគួរមើលរំលង គឺកោះ Ocean Flower Island ឬកោះ Haihua គឺជាតំបន់ទេសចរណ៍ដែលកំពុងបង្កើនសក្ដានុពលមិនធម្មតា ហើយវិវត្តខ្លួនក្លាយជាទីតាំងដ៏ល្បីនៅក្នុង Danzhou។ Ocean Flower Island ក៏ត្រូវបានគេស្គាល់ច្បាស់ថាជា ប្រជុំកោះសិប្បនិមិត្តដែលកំពុងសាងសង់ជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត បន្ថែមពីលើទីតាំងដែលធ្វើរួចជាច្រើន ហើយវាស្ថិតនៅក្បែរឆ្នេរភាគខាងជើងនៃទីក្រុង Danzhou ខេត្ត Hainan ប្រទេសចិន ភាគខាងលិចនៃឧបទ្វីប Yangpu។ ដោយសារការរៀបចំ និងសាងសង់ឡើងមិនសំចៃដៃ Ocean Flower Island ក៏ទទួលបានរហស្សនាមថាជា “Dubai of China”។
កោះសិប្បនិមិត្តនេះដែរ ត្រូវបានបង្កើតឡើងដោយកោះឯករាជ្យចំនួនបី ដែលមានរាងជាផ្កា ក្រោមស្នាដៃរួមគ្នាគិតគូររបស់អ្នក Design អន្តរជាតិ ដែលជំនាញខ្ពស់ក្នុងវិស័យ (ឬ Design Master) ចំនួន ៦០០នាក់ ក្រោមកញ្ចប់ទឹកប្រាក់វិនិយោគដល់ជិត ខ្ទង់ ២៤ពាន់លានដុល្លារ។ វាមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗចំនួន ២៨ ដែលរួមមាន មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និង មជ្ឈមណ្ឌលតាំងពិពណ៌ ព្រមទាំង សារមន្ទីរ ពិភពរឿងនិទាន (Fairy-tale World) សួនទឹក សួនរុក្ខជាតិ ទីតាំងរៀបអាពាពិពាហ៍ អាងទឹកក្ដៅ និង ផ្សារទំនើបអន្តរជាតិ ជាដើម។
ដោយឡែកក្នុងចំណោម សណ្ឋាគារប្រណីតជិត ៦០កន្លែង នៅលើកោះនេះ Castle Hotel Ocean Flower Island គឺជាសណ្ឋាគារដែលជាជម្រើសពិសេសបំផុតសម្រាប់ភ្ញៀវទេសចរក្នុងការស្វែងរកកន្លែងស្នាក់នៅក្នុងទីក្រុង Danzhou។ សណ្ឋាគារដ៏ប្រណីតនេះបានបើកដំណើរការកាលពីឆ្នាំ ២០២១ មកម្ល៉េះ ជាមួយនឹងអគារកម្ពស់ ១៨ជាន់ និង ៥០០០បន្ទប់។
ភ្ញៀវរបស់យើងចាត់ទុកសណ្ឋាគារនេះថាមានសេវាកម្មល្អបំផុត ព្រោះនេះគឺជាកន្លែងស្នាក់នៅផ្ដល់ភាពងាយស្រួលគ្រប់យ៉ាងសម្រាប់ភ្ញៀវដែលធ្វើដំណើរជាមួយក្រុមគ្រួសារ៕
សម្រាប់ព័ត៌មានបន្ថែម អំពីកញ្ចប់ទេសចរណ៍កោះហៃណាន សូមទាក់ទងភ្នាក់ងាដំណើរកម្សាន្ត Go Trips តាមលេខទូរសព្ទ +85587 803232