• 2023-06-21 02:23:14
  • ព័ត៌មាន

ARMY ម្នាក់អរគុណ BTS នាំខ្លួនចេញពីភពងងឹត រហូតរកបានគូពិត និងជិតរៀបការទៀត

  • 2023-06-21 02:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនតិចដងទេ ដែលសមាជិក BTS ត្រូវអ្នកគាំទ្រសារភាពសុំរៀបការគ្រប់ទិស។ ទោះជាស្រឡាញ់ BTS យ៉ាងណា ប៉ុន្តែ ARMY ក៏ត្រូវជួបគូពិតរៀងខ្លួនដែរ ហើយឱកាសរៀបការពិតជាមានប្រាកដ ប្រសិននោះជាក្ដីស្នេហ៍ពិត។ សម្រាប់ RM មេ​ក្រុម​ឆ្នើម បាន​លើកឡើងថា និងជឿជាក់ថាឱកាសពិតជា​អាច​ទៅ​រួច។

RM បានជួបជុំជាមួយនឹង​អ្នកគាំទ្រជាង ៤០០,០០០ នាក់ នៅសួន Yeoido Park ក្នុងក្រុងសេអ៊ូល ដើម្បីអបអរខួប ១០ ឆ្នាំនៃការបង្កើតក្រុម។ កម្មវិធីនេះ ជាកម្មវិធីជជែកលេងកម្សាន្តផ្ទាល់ជាមួយនឹងអ្នកគាំទ្រជា​ទីស្រឡាញ់ ហើយក៏ជាពេល​ដែល RM កាន់កាប់ឆាកនាមជា DJ

នាពេល​នោះដែរ RM បានអានសំបុត្រមួយចំនួនពីអ្នកគាំទ្រ ហើយក៏ភ្ញាក់ផ្អើលនឹងរឿងខ្លះដែរចំពោះរឿងរបស់ពួកគេទាក់ទងនឹង BTS។ សំបុត្រមួយក្នុងចំណោមសំបុត្រគឺមកពី ARMY ដែលមានឈ្មោះហៅក្រៅថា "Simba Noona" បានឲ្យដឹងថានាងទទួលបានភាពកក់ក្ដៅខ្លាំងពីក្នុងបទចម្រៀងរបស់ BTS បន្ទាប់ពីអតីតមិត្តប្រុសរបស់នាងបានចាកចោលនាងដោយគ្មានការពន្យល់បកស្រាយ។

នាងបានសរសេរថា ដំបូងឡើយ ទោះបីជានាងស្គាល់ក្រុមនេះត្រឹមតែតាមឈ្មោះក៏ដោយ ក៏នាងមិនមែនជាអ្នកគាំទ្រដែរ។ ប៉ុន្តែបន្ទាប់ពីមិត្តប្រុសរបស់នាង ផ្ញើសារសុំបែកពីនាងភ្លាមៗ នាងពិតជាចង់ទៅកន្លែងណាឆ្ងាយៗ ហើយក៏បានទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រី Wembley Concert របស់ BTS ក្នុងឆ្នាំ ២០១៩។

អ្នកគាំទ្ររូបនេះ ពិតជាសម្ដែង​ការដឹងគុណ និងគ្រប់យ៉ាងដែល BTS បានជួយនាងតាមរយៈចម្រៀង និងធ្វើឲ្យនាង​ប្រែជា​មានភាពរឹងមាំ មានក្ដីសង្ឃឹមថ្មីក្នុងជីវិត និងគិតអ្វីក្នុងន័យ​វិជ្ជមាន។ អ្វីដែលធ្វើឲ្យ RM និងអ្នកគាំទ្រផ្សេងទៀត រំភើបកាន់តែ​ខ្លាំង​នោះគឺ នាង​បញ្ជាក់ថា ពេល​នេះនាង​បាន​រកឃើញមនុស្សសំខាន់ម្នាក់ទៀត​ ហើយក៏ជិតរៀបការដែរ។

អានចប់ RM ទះដៃអបអរភ្លាម ប៊ិះនឹងធ្លាក់មេក្រូចេញពីតុទៀត ព្រោះតែចង់សម្ដែងការសាទរ។ វាជាសាច់រឿងដែលរីករាយ ហើយឲ្យ ARMY ផ្សេង​ទៀតស្ដាប់ហើយមាន​ក្ដីសុខ ហើយចង់​រៀបការភ្លាមៗដូចគ្នានៅពេល​ណា​មួយបាន​ជួប​នឹង​មនុស្សពិសេស។ មេក្រុម BTS បាននិយាយថា "ប្រសិនបើអ្នកផ្ញើព័ត៌មានលម្អិតពីគណនីរបស់អ្នកមកខ្ញុំ ខ្ញុំនឹងផ្ញើប្រាក់ ដើម្បីសម្ដែងអបអរសាទរដល់អ្នកហ្មង"។ មួយឃ្លានេះធ្វើឲ្យអ្នកដែលកំពុងទស្សនាផ្ទាល់ទាំងអស់ផ្ទុះការសាទរ និង​ហ៊ោរយ៉ាងខ្លាំង៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម