• 2023-06-30 04:08:00
  • ព័ត៌មាន

នាយពាក់មី រំលឹកទ្រនំចាស់ CTN ហើយថាមិនទោមនស្សរឿងគេយករឿងចាស់ៗទៅចាក់ឡើងវិញទេ

  • 2023-06-30 04:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចែម ចាន់រ៉ា ហៅនាយពាក់មី ស្ថិតនៅក្នុងចំណោមសមាជិកក្រុមកំប្លែងដ៏ល្បីៗប៉ុន្មានដួងទៀត ធ្លាប់បំពេញការងារនៅ CTN ក្នុងនាមជាតារាកំប្លែងប្រចាំស្ថានីយ៍ ប៉ុន្ដែបានឃ្លាតឆ្ងាយពីទ្រនំចាស់នេះ ១ឆ្នាំហើយ។ លោកនៅតែនឹក CTN ព្រោះវាជាកន្លែងផ្ដល់កំណើតសិល្បៈរហូតលោកមានអ្វីនៅថ្ងៃនេះ។

ក្នុងឱកាសចូលរួមពិធីសម្ពោធខ្សែភាពយន្ដមួយនាផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នាយពាក់មី និយាយថា ចំពោះការយកកម្មវិធីកំប្លែងចាស់ៗរបស់ក្រុមលោកទៅចាក់ឡើងវិញ គឺលោកមិនទោមនស្សអ្វីឡើយ ព្រោះវាជាកម្មសិទ្ធិរបស់ស្ថានីយ៍។ ផ្ទុយទៅវិញលោកសប្បាយចិត្ដដែលរឿងចាស់ៗរបស់ក្រុមលោក ត្រូវបានគេចាប់អារម្មណ៍ ហើយលើកមកចាក់ឡើងវិញ ដើម្បីស្នាមញញឹមទស្សនិកជន ហើយលោកក៏អ្នកនិយមតាមដានរឿងខ្លួនឯងដែរ។

សកម្មភាពសម្ដែងរបស់ក្រុមនាយពាក់មី ដែលធ្លាប់ដឹកនាំដោយលោកតាវ៉ិចទ័រ កាលនៅបម្រើក្នុងស្ថានីយទូរទស្សន៍CTN ត្រូវបានគេចាក់ឡើងវិញនៅពេលរសៀល លើកញ្ចក់ទូរទស្សន៍CTN។ កម្មវិធីកប្លែងនេះនៅតែទទួលបានការនិយមតាមដានទស្សនាពីមហាជន ហើយថ្មីៗនាយពាក់មី ក៏ឆ្លៀតទស្សនាដែរ។

តារាកំប្លែងរូបនេះបញ្ជាក់ថា ដ្បិតរូបលោក និងសមាជិកក្រុមកំប្លែងមួយចំនួនទៀត បានផ្ដាច់ខ្លួនមកនៅក្រុមហ៊ុន 9Collor ដែលជាក្រុមហ៊ុនផលិតកម្មវិធីកម្សាន្ដផ្សេងៗសម្រាប់ចែកចាយទៅស្ថានីយទូរទស្សន៍ផ្សេងៗ ប៉ុន្ដែស្នាដៃថ្មីៗចេញពីក្រុមលោកក៏ស្ថានីយទូរទស្សន៍ CTN ទិញយកទៅចាក់។ ប៉ុន្ដែចំពោះម៉ោង និងថ្ងៃចាក់បញ្ចាំងកម្មវិធីថ្មីៗរបស់ក្រុមលោកនៅលើកញ្ចក់ទូរទស្សន៍ CTN លោកមិនដឹងច្បាស់ឡើយ។

សូមរំលឹកថា សមាជិកក្រុមនាយពាក់មី និងលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រដែលជាអ្នកគ្រប់គ្រងក្រុមផង បានដើរចេញពីស្ថានីទូរទស្សន៍CTN ដែលខ្លួនធ្លាប់អះអាងថាជាទ្រនំធ្លាប់ផ្ដល់ភាពកក់ក្ដៅ និងកំណើតសិល្បៈនោះ ជាបន្ដបន្ទាប់។ ការដើរចេញកាលណោះ គឺក្រោយពីមានអ្នកគ្រប់គ្រងការផ្សាយថ្មី ដោយថាអ្នកគ្រប់គ្រងថ្មីនោះមានការរឹតត្បិតហួសហេតុ ហើយចាប់ពីខែកក្កដា ឆ្នាំ២០២២ សមាជិកក្រុមនេះបានដើរចេញជាបន្ដបន្ទាប់រហូតអស់។

ពេលនោះ គេឃើញសមាជិកក្រុមសំខាន់ៗបានសម្រេចចិត្ដដើរចេញមុនគេ គឺមានដូចជា៖ នាយពាក់មី នាយគ្រឿន នាយក្រូច និងលោកតាវ៉ិចទ័រជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់