• 2023-07-07 07:51:14
  • ព័ត៌មាន

មុនបន្ដិច នៃថ្ងៃលាលែងវិលត្រឡប់ ម្ដាយ អេដវីន បានបន្សល់ទុកសម្ដីដ៏ស្រណោះសម្រាប់កូន

  • 2023-07-07 07:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងសម្បូរសាច់ដុំ យិត មាសឧស្សាហ៍ ហៅអេដវីន នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ បានរំលឹកអនុស្សាវរីយ៍ម្ដាយជាមួយខ្លួនក្នុងគ្រាដែលម្ដាយធ្លាក់ខ្លួនឈឺធ្ងន់។ លោក បង្ហើបថាកាលម្ដាយនៅមានជីវិត ក្នុងរយៈពេល ១សប្ដាហ៍ពេញ គឺហូតតែសម្លរស្ងោរជ្រក់ប៉ុណ្ណោះ។

អេដវីន រៀបរាប់ថា ពេលម៉ាក់លោកឈឺធ្ងន់ ហើយលោកជាអ្នកនៅមើលថែនោះ មុនពេលទៅផ្សារទិញម្ហូបមកចម្អិននោះលោកតែងតែសួរម្ដាយថា៖ “ម៉ាក់ចង់ហូហអីថ្ងៃហ្នឹង?”។ ម្ដាយក៏ឆ្លើយតបមកលោកវិញយ៉ាងខ្លីថា៖ “មើលរកទិញត្រី ឬមាន់មួយអីស្ងោរជ្រក់ទៅបានហើយកូន”។

អេដវីន តែងតែសួរបែបនេះទៅកាន់ម្ដាយមុនពេលខ្លួនចេញទៅផ្សារ ដើម្បីទិញម្ហូប ប៉ុន្ដែចម្លើយម្ដាយរបស់លោកនៅតែដដែល ពោលគឺរយៈពេល ១សប្ដាហ៍ពេញតែម្ដង គឺចង់ហូបស្ងោរជ្រក់។ ដោយនឹកឆ្ងល់ អេដវីន ក៏សួរម្ដាយថា ម៉ាក់មិនទ្រលាន់ ឬមិនធុំទេឬ? ស្រាប់តែសួរយូរៗទៅចេញចម្លើយថា ម្ដាយមិនចង់ឲ្យកូនប្រុសលំបាកក្នុងការស្លរស្លុកអីដែលត្រូវផ្សំគ្រឿងច្រើន។

ពាក្យសម្ដីទាំងនេះហើយដែលធ្វើឲ្យតារាប្រុសរូបនេះ នឹកអាឡោះអាល័យ រហូតដល់គេងយល់សប្ដិថា ម្ដាយចង់ហូបសម្លរស្ងោជ្រក់ទៀត ហើយនៅថ្ងៃនេះលោកបានទៅផ្សារទិញត្រីសុទ្ធតែពងមកស្ងោជ្រក់ ជាមួយផ្សិត ដួសមួយចានមកដាក់នៅខាងមុខរូបថតម្ដាយ ហើយអុចធូបរំលឹកដល់ម្ដាយថា៖ “មួយរយៈនេះ ម៉ាក់មកលេងកូនរហូត ម៉ាក់ចង់ហូបស្ងោជ្រក់ក្បាលត្រីមែនហ្អេស នេះម៉ាក់ ត្រីសុទ្ធតែពងម៉ាក់អើយ ឆ្ងាញ់ណាស់”។

គេនៅចាំបានថា ក្នុងខែមិថុនា ឆ្នាំ២០២១ រូបលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីផ្ទុះរឿងឈ្លោះប្រកែកគ្នាឈានដល់ការប្រើអំពើហិង្សា កើតចេញពី ការប្រចណ្ឌជាមួយអ្នកនាង សុទ្ធ បញ្ចការ។ ក្នុងគ្រាដែលលោកមានក្ដីក្ដាំ ហើយជាប់ឃុំនោះហើយ ដែលម្ដាយរបស់លោកត្រូវស្លាប់ ដោយអេដវីនធ្លាប់តែនៅក្បែរ និងមើលថែជាប្រចាំនោះ បែរជាឃ្លាតឆ្ងាយមិនបាននៅមើលមុខម្ដាយនៅគ្រានោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម