• 2023-08-02 02:34:17
  • ព័ត៌មាន

ក្រុម​ផ្ការីក​គ្រប់រដូវ ពាក់មី កំណត់ពេល​ប៉ះជើងជាមួយ​ ក្រុមអភិបាល​ខេត្ដ​កំពង់ស្ពឺ ដើម្បីទឹកប្រាក់​សប្បុរសធម៌

  • 2023-08-02 02:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡេក​មក​មើល​សកម្មភាព​របស់​លោក ចែម ចាន់រ៉ា ហៅ​នាយ​ពាក់មី នា​ពេល​ចុង​ក្រោយ​នេះ ហាក់​សកម្មខ្លាំង​ក្នុង​ការ​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធាបុប្ផា តាម​រយៈ​ការ​ប្រកួត​បាល់​ទាត់​ជាមួយ​ក្រុម​ផ្សេងៗ​ដោយ​ប្រើ​ថ្វី​ជើង​ក្រុម​បាត់​ទាត់​ផ្ការីក​គ្រប់​រដូវ​របស់​លោក។

មិន​ទាន់​ឃើញ​ប្រកាស​ចេញ​ពី​មាត់​នាយ​ពាក់មី ស្រាប់​តែ​នៅ​ព្រឹក​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២៣ នេះ អភិបាល​ខេត្ដ​កំពង់​ស្ពឺ លោក វ៉ី សំណាង បាន​ទទួល​យក​ការ​ណាត់​ប្រកួត​មិត្ដភាព​ជាមួយ​ក្រុម​បាល់ទាត់​ផ្ការីក​គ្រប់​រដូវ​របស់​នាយ​ពាក់មី​ជាមួយ​ក្រុម​បាល់ទាត់​ខ្ញុំ​ស្រឡាញ់​កំពង់​ស្ពឺ នៅ​ថ្ងៃ​ទី៥ ខែ​សីហា វេលា​ម៉ោង ៥​ល្ងាច នា​ពហុ​កីឡដ្ឋាន​កំពង់​ស្ពឺ។

លោក វ៉ី សំណាង បាន​អំពាវនាវ​ដល់​ពុក ម៉ែ បងប្អូន ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ថ្ងៃ​នោះ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ក្រុម​បាល់​ទាត់​ផង និង​បង្ហាញ​ពី​ទឹកចិត្ដ​សប្បុរសធម៌​ផង។ បើ​តាម​អភិបាល​ខេត្ដ​រូប​នេះ ការ​ប្រកួត នឹង​ត្រូវ​ដឹកនាំ​ដោយ​នាយ​ពាក់មី និង​រូប​លោក​ផ្ទាល់។

ក្រុម​បាល់ទាត់​ផ្ការីក​គ្រប់រដូវ​របស់​នាយ​ពាក់មី ដែល​ត្រូវ​ប៉ះ​ជើង​គ្នា​នៅ​លើ​ទឹកដី​ខេត្ដ​កំពង់​ស្ពឺ ខាង​មុខ​នេះ គឺ​មាន​ចំនួន​១២​នាក់ ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​វត្ដមាន​តារា​ប្រុសៗ​ល្បីៗ​មួយ​ចំនួន​ដូច​ជា៖ នាយ​ពាក់មី នាយ​ក្ដី ពិធីករ ពៅ មេត្ដា តារា​ចម្រៀង ខេម គូម៉ា និង​ចេន ជាដើម។

ជាច្រើន​លើក​ហើយ​ដែល​ក្រុម​បាល់ទាត់​នាយ​ពាក់មី បាន​ប្រគល់​ថវិកា​សប្បុរសធម៌​ដល់​មន្ទីរ​ពេទ្យ​គន្ធាបុប្ផា រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទទួល​បាន​ប្រក់​រង្វាន់​ពី​ម្ចាស់​ឧបត្ថម្ភ​ដែល​មាន​ធនធាន​ដល់​ក្រុម​លោក ហើយ​លោ​ក៏​សម្រេច​ប្រគល់​ថវិកា​ទាំង​នេះ​ទៅ​មន្ទីរ​ពេទ្យ​វិញ ក្នុង​ន័យ​បាន​រួម​ចំណែក​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ជាច្រើន​នៅ​កម្ពុជា៕

ជិន សុភ័ក្ដ្រ

មតិយោបល់