• 2023-08-04 07:48:04
  • ព័ត៌មាន

បច្ចុប្បន្នភាព៖ ភរិយា​នាយ​ពាក់មី ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​ហើយ

  • 2023-08-04 07:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សង្គ្រោះ​នៅ​បន្ទប់​ICU នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ៣​ថ្ងៃ ភរិយា​នាយ​ពាក់មី បាន​ចេញ​មក​សម្រាក​នៅ​គ្រែពេទ្យ​សម្រាប់​អ្នក​ជំងឺ​ធម្មតា​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី៤ ខែសីហា ឆ្នាំ​២០២៣។

នាយ​ពាក់មី បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្ដិច​ថា ស្ថានភាព​ជំងឺ​ភរិយា​របស់​លោក គឺ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​តាម​ដាន និង​ព្យាបាល​បន្ដ​ដោយ​គ្រូ​ពេទ្យ​ជំនាញ​នៅ​ឡើយ ប៉ុន្ដែ​ស្ថានភាព​បាន​ធូរ​ច្រើន​ហើយ ហើយ​គ្រូ​ពេទ្យ​ឲ្យ​ចេញ​មក​សម្រាក​នៅ​បន្ទប់​សម្រាប់​អ្នក​ជំងឺ​ធម្មតា​វិញ​ហើយ។

បើ​តាម​ពិនិត្យ​មើល​ស្ថានភាព​ជាក់​ស្ដែង​លោក​ថា ភរិយា​របស់​លោក​មិន​ទាន់​អាច​ចេញ​ទៅ​ផ្ទះ​វិញ​បាន​នៅ​ឡើយ​ទេ ព្រោះ​នៅ​វិល​មុខ អស់​កម្លាំង និង​មិន​ទាន់​ស្រួល​ក្នុង​ខ្លួន​១០០%​នៅ​ឡើយ។ទោះ​ជា​យ៉ាង​ណា​លោក​ត្រេក​អរ​នៅ​ពេល​ដែល​ឃើញ​ភរិយា​បាន​ធូរ​បន្ដិច ខណៈ​ដែល​លោក​ក៏​រងចាំ​មើល​ចំណាត់​ការ​ផ្លូវច្បាប់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​លើ​ម្ចាស់​គ្លីកនិក​កែសម្ផស្ស​នោះ។

នាយ​ពាក់មី៖ "ឥឡូវ​នេះ​គាត់​និយាយ​អី​បាន​ហើយ តែ​អត់​ទាន់​ស្រួល​មែន​ទែន​ទេ។ ខ្ញុំ​ជឿ​ថា មក​ពី​សេរ៉ូម​ហ្នឹង​ហ្មង ដែល​ធ្វើ​ឲ្យ​គាត់(ភរិយា)ធ្ងន់​ដល់​ម្លឹង…ខ្ញុំ​ជឿ​ថា​សមត្ថកិច្ច​គេ​មាន​ជំនាញ​ស្រាវជ្រាវ​ថែម​ទៀត​ថា​នៅ​ក្នុង​សេរ៉ូម​ហ្នឹង​មាន​អី​ខ្លះ"។

បើ​តាម​នាយ​ពាក់មី គិត​ត្រឹម​ម៉ោង ២​កន្លះ​រសៀល​ថ្ងៃ​ទី៤ ខែ​សីហា នេះ ម្ចាស់​គ្លីនិក​មិន​ទាន់​បាន​ចេញមុខ​ដោះស្រាយ ឬ​បកស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ ហើយ​រូប​លោក​ផ្ទាល់​ក៏​ទន្ទឹង​រង់ចាំ​ការ​ពិត​ដែរ។

ភរិយា​នាយ​ពាក់មី បាន​ចូល​ទៅ​ម៉ាស្សា​មុខ​ឲ្យ​ស​នៅ​មជ្ឃមណ្ឌល​ថែសម្ផស្ស​មួយ​នៅ​ម្ដុំ​ផ្សារ​ធំ​ថ្មី រាជធានី​ភ្នំពេញ ដែល​មាន​យីហោ "S88 Beauty " កាល​ពី​ថ្ងៃ​ទី២ ខែសីហា ឆ្នាំ​២០២៣។ ក្រោយ​ពី​បន្ដោក​សេរ៉ូម​សាច់​ស្អាត​បាន​ប្រហែល​ជា​កន្លះ​ម៉ោង ស្រាប់​តែ​ភរិយា​លោក​មាន​អាការ វិល​មុខ ថប់​ដង្ហើម ហើយ​ចាប់​ផ្ដើម​ក្អួត។ ឃើញ​បែប​នេះ​ ទើប​លោក​នាំ​ទៅ​ពេទ្យ​កាល់ម៉ែត ដើម្បី​សង្គ្រោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម