• 2023-08-22 07:05:42
  • ព័ត៌មាន

របួសជើងមិនទាន់ជាស្រួលបួល រឿងថ្មីសម្បូរឈុតឆាកហក់លោតមកដល់ ស៊ីន យូប៊ីន ប្ដេជ្ញាធ្វើឲ្យបានល្អ

  • 2023-08-22 07:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដរឿង “បណ្ដាសានាងរាត្រី” បានបើកកាមេរ៉ាថតហើយ ហើយតួឯកស្រី ស៊ីន យូប៊ីន ក៏ចាប់ផ្ដើមចេញថតជាមួយតួឯកប្រុសជនជាតិភូមា Paing Takhon ដែរ។ ឆ្លងកាត់ការថតរឿងជាច្រើន យូប៊ីន មិនដែលអល់អែក ឬបារម្ភក្នុងចិត្ដនោះទេ ប៉ុន្ដែសម្រាប់រឿងថ្មីនេះមានឈុតឆាកពិបាកច្រើនក្នុងពេលដែលជើងរបស់កញ្ញាមិនទាន់ជាសះស្បើយ១០០%។

កញ្ញា ស៊ីន យូប៊ីន បានប្រាប់Sabay ថា សម្រាប់រឿងបែបភ័យរន្ធត់ថ្មីនេះ គឺមានឈុតដែលនាងត្រូវហក់ឡើងចុះលើចំណោទ និងរត់ច្រើន ដូច្នេះវាជាការលំបាកបន្ដិចដែរសម្រាប់នាង ក្នុងពេលដែលរបួសជើងមិនទាន់បានជាស្រួលបួលនៅឡើយ។

ស៊ីន យូប៊ីន៖ “តាមពិតសម្រាប់ យូប៊ីន ផ្ទាល់ មិនថាតែសម្ដែងជាមួយតារាខ្មែរណាទេ សម្រាប់ស្នាដៃនីមួយយើងតែងតែសង្ឃឹមថាទទួលបានការគាំទ្រច្រើន ព្រោះយើងបានខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងកិច្ចការនីមួយៗដែលយូប៊ីន បានធ្វើ។ តាមពិតធីមទាំងមូលក៏មានការបារម្ភពីបញ្ហាជើងរបស់ខ្ញុំដែរ ព្រោះរឿងបែបភ័យរន្ធត់ ត្រូវមានឈុតហោះបុកជញ្ជាំង ខ្ទាតត្រូវនេះត្រូវនោះ រត់ផងអីផង តែខ្ញុំនឹងដាក់ចិត្ដដាក់កាយធ្វើវាឲ្យបានល្អ”។

សូមបញ្ជាក់ថា នៅអំឡុងខែឧសភា ឆ្នាំ២០២៣ ស៊ីន យូប៊ីន បានរបួសជើងឆ្វេងក្នុងពេលថតភាពយន្ត ដោយសារកំហុសបច្ចេកទាក់ទងការថត បណ្ដាលឱ្យនាងប្រេះឆ្អឹងភ្លៅ តម្រូវឱ្យមានការវះកាត់ព្យាបាលជាបន្ទាន់។

ប៉ុន្ដែព្យាបាលមិនទាន់បានប៉ុន្មានផង យូប៊ីន ក៏ហោះទៅចូលរួមកម្មវិធី Cannes Film Festival លើកទី ៧៦ នៅប្រទេសបារាំង ទាំងដៃនៅកាន់ឈើច្រត់។ ពេលនោះហើយដែលធ្វើឲ្យប្រជាប្រិយភាពរបស់តារាស្រីរូបនេះ ផ្ទុះឡើងមួយកម្រិតទៀត។ ជារួមគេសង្កេតឃើញថា យូប៊ីន មិនសូវនៅស្ងៀមនោះទេ បើទោះបីជាខ្លួនមិនទាន់ជាសះស្បើយ១០០% ក៏នាងនៅតែប្រឹងប្រែងធ្វើនូវការងារដែលខ្លួនពេញចិត្ដបំផុតនោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់