• 2023-08-25 04:58:08
  • ព័ត៌មាន

អបអរសាទរ Nak Fake និងកញ្ញា មីហឹរ ភ្ជាប់​ពាក្យ ខណៈ​ខាង​ប្រុស​ចេញ​សារ​ផ្អែម​ដូច​ស្ករ

  • 2023-08-25 04:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា លោក សេង វណ្ណៈ ហៅ Nak Fake ទីបំផុត​បាន​សម្រេច​បំណង​ស្នេហា ដោយ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កញ្ញា មីហឹរ ក្លាយ​ជា​គូដណ្ដឹង​ផ្លូវ​ការ​ហើយ ខណៈ​ខាង​ប្រុស​រំភប​ចិត្ត ចេញ​សារ​ផ្អែមល្ហែម​ដូច​ស្ករ​ជូន​ខាង​ស្រី។

នៅ​បណ្ដាញ​សង្គម​របស់​ខ្លួន Nak Fake បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក បញ្ជាក់​ពី​ភាព​រួច​រាល់​របស់​ពួក​គេ​ក្នុង​នាម​ជាគូដណ្ដឹង។ ក្រោម​ការ​សាទរ​ពី​ប្រិយមិត្ត​ជា​ច្រើន​លើ​បណ្ដាញ​សង្គម តារា​ប្រុស បាន​ថ្លែង​អរគុណ​ដល់​ខាង​ស្រី ដែល​ច្រើន​ឆ្នាំ​មក​នេះ មើល​ថែ និង​អត់ធ្មត់តស៊ូ​ជាមួយ​គេ​រហូត​មក។

លោកថ្លែង "អរគុណសម្រាប់ក្តីស្រឡាញ់មួយនេះ របស់អូនអរគុណការមេីលថែររយៈពេល4ឆ្នាំជាងកន្លងមកនេះ​ អរគុណដែលផ្តល់ក្តីស្រឡាញ់យ៉ាងធំធេងមកលេីបង​ នេះជាអ្វីដែរពួកយេីងរំពឹងទុក​មកជាយូរ​ អរគុណដែលទទួលយកបងជាបង​ អរគុណដែលរស់នៅទ្រាំលំបាកជាមួយបង"

Nak Fake បន្តថា ច្រើន​ឆ្នាំ​មក​នេះ ពួក​លោក​ជួប​រឿង​ជា​ច្រើន មិន​ថា​ផ្អែមល្ហែម លី្វង ជូរចត់នោះទេ ប៉ុន្តែ​លោក​អាច​ឆ្លង​កាត់​បាន​គ្រប់​រឿង ព្រោះ​តែ​មាន​ស្រីតូច​រូប​នេះ​នៅ​ក្បែរ។ ណាក់ ហ្វេក ថា នាងតែងលេីកទឹកចិត្ត​ឲ្យ​លោក​អត់ធ្ងន់​ស៊ូ​ទ្រាំជានិច្ច ព្រោះ​នាង​ជឿ​ថា អ្វី​អ្វី​នឹង​ប្រសើរ​ឡើង​ក្នុងរយៈ​ពេល​មិន​យូរ​ទៀត​នោះ​ទេ។

តារាចម្រៀង​ប្រុស ថ្លែង​ថា "យេីងតស៊ូមកជាមួយគ្នាច្រេីនឆ្នាំមកហេីយ​ មានទាំង​ ផ្អែម​ ល្វីង​ ជូរ​ ចត់​ តស៊ូមកលំបាកជាមួយគ្នា​ ទោះរស់នៅពេលខ្លះ ពួកយេីងមានកំហុស​ ក៍យេីងមិនបោះបង់គ្នាចោលទៅណា​ ️️អរគុណសម្រាប់អនុស្សារវរីយ​ ល្អរបស់អូន​ ដែលតែងតែបំពេញលេីបង​ បងនឹងចងចាំវាជារៀងរហូត​ បងនឹងមេីលថែអូ​នរហូតណា​ ព្រះច័ន្ទ️មីហឹរ"។

លោក សេង វណ្ណៈ ហៅ Nak Fake បាន​ជួប​ជាមួយ​កញ្ញា ស្រ៊ុន គន្ធា ហៅ​កញ្ញា មីហឹរ អំឡុង​ឆ្នាំ ២០១៨ គ្រា​ដែល​លោក​ និង​ម្ដាយ បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ខេត្តស្វាយរៀង​មក​រស់​នៅ​ភ្នំពេញ។លោក​ប្រាប់​ថា ពេល​ឃើញ​នាង​ភ្លាម លោក​ស្រឡាញ់​ភ្លែត តែ​មិន​សង្ឃឹម​ថា​ទទួល​លទ្ធផល​ល្អ​ឡើយ ព្រោះ​លោក​មាន​ជីវភាព​ខ្សត់ខ្សោយ។

ដូច្នេះហើយ លោក​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ​ឆ្លុះបញ្ចាំង​ស្ថានភាព​រវាង​លោក និង​នាង គឺបទ​"យើង​ជា​ទន្សាយ​គេ​ជា​ព្រះចន្ទ"។ Nak Fake ធ្លាប់​សារភាពស្នេហ៍​ប្រាប់ មីហឹរ តែ​មិន​ទទួល​បាន​ផល​នោះ​ទេ គឺ​នាង​ថា រាប់​អាន​ទុកដូច​ជា​បងប្អូន និង​ក្រុម​ការងារ​ប៉ុណ្ណោះ។

យ៉ាងណា នាង​ក៏​មិន​ដែល​និយាយ​ថា​ មិន​ស្រឡាញ់​លោក​ដែរ...ដូច្នេះ​ហើយ​លោក​មិន​អស់​សង្ឃឹម​នោះ​ទេ តែ​ព្យាយាម​ធ្វើ​ចិត្ត​ធម្មតា ផ្សំពេល​នោះ​​មាន​ការ​ងារច្រើន​ផង លោក​ក៏​ធ្វើ​ចិត្ត​បាន។ យ៉ាងណា ពួកគេ​ទាំង​ពីរ ចិញ្ចឹមចិត្តរៀងខ្លួន គ្រាន់​តែ​យក​ពេល​​កសាង​សមត្ថភាព កសាង​អនាគត​សិន​ប៉ុណ្ណោះ។

ដល់​មក​ដល់​ពេល​នេះ ខាង​ប្រុស​ ចាប់​ផ្ដើម​មាន​ជំហរ​រឹង​មាំ ដោយ​បាន​ធ្វើ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​របស់​ផលិតកម្ម​ធំ ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទើប​លោក​ព្រមព្រៀង​គ្នា​រៀប​ចំ​អនាគត​តែ​ម្ដង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម