• 2023-12-25 09:56:29
  • ភាពយន្ត

Wonder film បោះជំហ៊ានមុនគេលើវិស័យភាពយន្ដខ្មែរ នាំទៅចាក់បញ្ចាំងតាមរោងកុនល្បីៗនៅប៉ែកអ៉ឺរ៉ុប

  • 2023-12-25 09:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“កំណើតអរូប” គឺជាខ្សែភាពយន្ដខ្មែរបែបភ័យរន្ធត់របស់ផលិតកម្ម Wonder Film បានបំបែកកំណត់ត្រាដំបូងគេក្នុងចំណោមខ្សែភាពយន្ដជាច្រើនដែល​ផ្ទុះការគាំទ្រខ្លាំងនៅក្នុងស្រុក បានឈានជើងចូលទីផ្សារភាពយន្តអន្ដរជាតិ ក្នុងនោះមាននៅអាស៊ីអាគ្នេយ៍ និង អ៉ឺរ៉ុប សរុបចំនួន ១៥ប្រទេស។

អ្នកនិពន្ធ និងដឹកនាំរឿង លោក សែម វិសាល បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅរោងកុន Major Cineplex ផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ថា នេះគឺជាដំណឹងមួយដ៏ល្អសម្រាប់វិស័យភាពយន្តរបស់កម្ពុជា ដែលកំពុងត្រូវប៉ាន់ពីខាងទីផ្សារភាពយន្តក្រៅស្រុក។ ជាពិសេសផលិតកម្ម Wonder Film Entertainment ដែលជាអ្នកបើកទំព័រដំបូងគេក្នុងប្រវត្តិសាស្ត្រភាពយន្តកម្ពុជាឆ្ពោះទៅកាន់អន្តរជាតិយ៉ាងច្រើនប្រទេស។

លោកបន្តថា ចក្ខុវិស័យរបស់ផលិតកម្ម Wonder Film Entertainment គឺចង់ពាំនាំខ្សែភាពយន្តខ្មែរ ពោរពេញដោយគុណភាពពិតប្រាកដនិងបន្តបន្ទាប់ ដើម្បីចូលរួមលើកកំពស់និងផ្សព្វផ្សាយវិស័យវប្បធម៌ តំបន់ទេសចរណ៍ ប្រពៃណី អរិយធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា ដ៏សម្បូរបែបនិងបុរាណជាយូរលង់សមនឹងកិត្តិនាមរបស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

រឿង “កំណើតអរូប” បានចាប់ផ្តើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២៣ ដោយទទួលបានការគាំទ្រខ្លាំងយ៉ាងមិននឹកស្មានដល់ពីអ្នកនិយមចូលចិត្តមើលរឿងប្រភេទរន្ធត់ ឬលងបន្លាច ក្នុងរយៈពេលមួយដ៏ខ្លី រហូតដល់មានការចាប់អារម្មណ៍ពីប្រទេសជិតខាងដូចជាឡាវ និងថៃ ជាដើម។

សាច់រឿងដ៏ប្លែកមួយនេះ នឹងធ្វើដំណើរទៅកាន់ប្រទេសទាំង១៥ ក្នុងពេលឆាប់ៗនេះ។ ហើយមិនត្រឹមតែ ១៥ ប្រទេសលើទីផ្សារអាស៊ី និងអឺរ៉ុបនោះទេ ព្រមទាំងមានការបញ្ជាក់ជាផ្លូវការថា នឹងមានប្រទេសជិត២០ ទៀតនឹងត្រូវចាក់បញ្ចាំង ក្រោយបញ្ចាំងតាមបណ្ដារោងភាពយន្តអន្តរជាតិរួចរាល់ នឹងមានដាក់ឱ្យទស្សនាក្នុង platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់