• 2024-10-30 03:36:18
  • ភាពយន្ត

រឿង «Black Light» ទទួលបានពានរង្វាន់ធំជាងគេសម្រាប់ «មហោស្រពភាពយន្តខ្លីចតុមុខ» ជំនាន់ទី១៣​

  • 2024-10-30 03:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំ២០២៤​ នេះមហោស្រពភាពយន្តខ្លីចតុមុខ បានរៀបចំកម្មវិធីបិទមហោស្រពរបស់ខ្លួននៅ ថ្ងៃទី២៨ ខែ តុលា ដែលកម្មវិធីប្រព្រឹត្តទៅនៅ រោងភាពយន្ត លេជន អូឡាំព្យា (Legend Cinema Olympia) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហឹម សុទិត្យា រដ្ឋលេខាធិការ របស់ ក្រសួងព័ត៌មាន ដោយមានការចូលរួម ពីគណៈមេប្រយោគ ភ្ញៀវកិត្តិយស ដៃគូសហការ ផ្សេងៗ សមិទ្ធករភាពយន្ត អ្នកបង្កើតមាតិកាអនឡញ ​ក៏ដូចជាតួសម្តែងជាច្រើន រូបផងដែរ។

មហោស្រពឆ្នាំនេះបានធ្វើការប្រគល់នូវរង្វាន់ជាសាច់ប្រាក់និងលិខិតសសើរទៅតាមប្រភេទនៃចំណាត់ថ្នាក់ជាច្រើន រួមមាន៖

  1.   ភាពយន្តខ្លីកម្ពុជាល្អបំផុត បានទៅលើរឿង «Black Light» ដឹកនាំរឿងដោយ ចិន ពិសេន ទទួលបានទឹកប្រាក់ ៤លានរៀល និងពាន១
    
  2. ភាពយន្តខ្លីកម្ពុជាល្អបំផុតឆ្នើមបន្ទាប់ បានទៅលើរឿង «នាគមាស» ដឹកនាំរឿងដោយ ឈិត បូរិន ទទួលបានទឹកប្រាក់ ២លានរៀល និងពាន១

  3. រង្វាន់ពីទស្សនិកជនដល់ភាពយន្តខ្លីក្នុងស្រុក បានទៅលើរឿង «Black Light» ដឹកនាំរឿងដោយ ឈាន ពិសេន ទទួលបានប័ណ្ណសសើរ
    
  4. ចំណារលើកទឹកចិត្តពីមេប្រយោគក្នុងស្រុក បានទៅលើរឿង «Help» ដឹកនាំរឿងដោយ ផុន​ សុផាន់ណារិទ្ធ (ហៅ Tobii) ទទួលបានប័ណ្ណសសើរ

  5. ភាពយន្តខ្លីអន្តរជាតិល្អបំផុត បានទៅលើរឿង «Dreams Like Paper Boats» ដឹកនាំរឿងដោយ Samuel Suffren (ប្រទេស ហៃទី) ទទួលបានទឹកប្រាក់ ១លានរៀល និងពាន១

  6. រង្វាន់ពីទស្សនិកជនដល់ភាពយន្តខ្លីអន្តរជាតិ បានទៅលើរឿង «The Masterpiece» ដឹកនាំរឿងដោយ Àlex Lora (ប្រទេស អេស្ប៉ាញ) ទទួលបានប័ណ្ណសសើរ

  7. ចំណារលើកទឹកចិត្តពីមេប្រយោគក្នុងអន្តរជាតិ បានទៅលើរឿង «Don’t Cry Gabriel» ដឹកនាំរឿងដោយ Mathilde Chavanne ទទួលបានប័ណ្ណសសើរ។ សូមបញ្ជាក់ថា រាល់ជ័យលាភីកម្ពុជា ក៏ទទួលបានជារង្វាន់បន្ថែមពីហាង Camera Hut ជាគ្រឿងភ្លើងថត Aputure និង AMARAN ផងដែរ។

កម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខបានបញ្ចប់ទៅដោយជោគជ័យក្រោមការចូលរួមពីបណ្តាសាធារណជន គ្រប់ មជ្ឈដ្ឋានជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យ គឺការបញ្ចាំងនូវភាពយន្តខ្លីកម្ពុជា និង អន្តរជាតិជ័យលាភីទៅកាន់ ភ្ញៀវកិត្តិយសផងដែរ។ សូមជម្រាបដល់ សាធារណជនថា «មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំនេះ ក៏បានទទួលរឿងពីសមិទ្ធករនារី មួយចំនួនមិនថាក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្តែង មេប្រយោគរបស់ទាំងខ្មែរ ទាំងបរទេស ក៏មាន សមាសភាពនារីផងដែរ។ អ្វីដែលពិសេសឆ្នាំនេះ គឺមានវីដេអូផលិតដោយ ឬអំពីកុមារ ភ្ជាប់ជាមួយ ការជជែក បែបអប់រំ និងកម្សាន្ត និងថ្នាក់ចែករំលែកស្តីពី «ការផ្សព្វផ្សាយខ្លឹមសារបែបពាណិជ្ជកម្ម» ដើម្បីផ្សារភ្ជាប់ សមិទ្ធករភាពយន្តខ្លី ជាមួយការរកចំណូលពីក្រុមហ៊ុនផ្សេងៗ។» នេះបើតាមការលើឡើងរបស់ លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រព និងជាស្ថាបនិករបស់ក្រុមភាពយន្តឈូករ័ត្ន។

«ខ្ញុំបាទបានឮថា មហោស្រពភាពយន្តខ្លីចតុមុខ២០២៤ ក៏ទទួលភាពយន្តឯកសារ ដែរ។ ស្នាដៃទាំងនោះ មានទាំងមកពី ខេត្តប៉ែកឦសាន និងរាជធានីភ្នំពេញ ដែលត្រូវបានផលិតប ន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរបស់ មជ្ឈមណ្ឌលបុប្ផាណា និងដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ជាដើម។ ដូច្នេះ ខ្ញុំបាទផ្ទាល់មានមោទនភាព បំផុតដែល​មហោស្រពនេះ បន្ត បេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានដល់មហាជន យើង ក៏ដូចជាបណ្តុះ បណ្តាលយុវសមិទ្ធិករជំនាន់ក្រោយៗទៀត តាមរយៈ ភាពយន្តឯកសារខ្លី ដែលត្រូវនឹងគោលការណ៍ របស់ក្រសួងផងដែរ។» នេះបើតាមការលើកឡើង របស់ឯកឧត្តម ហុឹម សុទិត្យា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន។

រីឯកញ្ញា ឈាង សុម៉ាលីន តំណាងគណៈមេប្រយោគរក្នុងស្រុកឆ្នាំ២០២៤ បានលើកឡើងថា៖ «នាងខ្ញុំពិតជាកោតសសើរដល់ការខិតខំ របស់សមិទ្ធករយើងក្នុងការច្នៃជាសាច់រឿងខ្លិ តែមានន័យទាក់ទាញ សម្រាប់ទស្សនិកជន។ ណាមួយ នាងខ្ញុំសង្កេតឃើញថា សមិទ្ធករភាគច្រើនដែលធ្វើការជាមួយខ្ញុំផ្នែក វីដេអូ ផ្សាយពាណិជ្ជកម្ម បានឆ្លងកាត់វេទិកានៃ «មហោស្រពភាពយន្តខ្លីចតុមុខ»។

«ខ្ញុំសូមអរគុណកម្មវិធីនេះទាំងមូលដែលផ្តល់អារម្មណ៍រំភើបបែបនេះ ដែលធ្វើឲ្យខ្ញុំបានភ្លក់នូវរសជាតិ ទទួលបាន ពានរង្វាន់នៅរាត្រីនេះ ដល់ទៅ២ក្នុងពេលតែ១។ ហើយខ្ញុំ ក៏ដូចអរគុណក្រុមការងារទាំងអស់ ជាពិសេសដល់ «សាលាសិល្បៈសម្តែង» ដែលផ្តល់ឱកាសឱ្យខ្ញុំទាំងសម្តែង និងដឹកនាំរឿង រហូតបានជោគជ័យដូចនេះ​ ទោះបី​ជាស្នាដៃ ដំបូងរបស់ខ្ញុំក្តី។ » នេះជាពាក្យសម្តីរបស់ម្ចាស់ពានរង្វាន់ធំជាងគេ និងរង្វាន់ពីទស្សនិកជន ប្រចាំឆ្នាំ ២០២៤ នៃមហោស្រពភាពយន្តខ្លីចតុមុខ គឺ លោក ចិន ពិសេស ជាម្ចាស់​រឿង «Black Light»។

ចំណែកឯលោក Glenn ALA ទីប្រឹក្សាមហោស្រព បានសម្តែងនូវចំណាប់អារម្មណ៍ក្នុងនាម ជាគណៈមេប្រយោគ ជ្រើសរឿងបរទេស ទៅលើរឿងជយលាភីពីរដូចជា៖ «Don't Cry Gabriel - សម្រាប់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃសមាសធាតុភាពយន្ត ដើម្បីសាងពិភពបែបម្សាន្ត ចូលរួម និងលើកទឹកចិត្ត។ សម្រាប់ការបង្ហាញ ឱ្យឃើញថាតើសិល្បៈ និងការបញ្ចេញមតិខ្លួនឯង ធ្វើឱ្យជីវិតតស៊ូ យ៉ាងដូចម្តេច ក្នុងពិភពមួយដែលដួលរលំ។ និងសម្រាប់កាព្យ ឃ្លោងឃ្លា ចាក់ដោតអារម្មណ៍ ជាមួយនឹងអនុភាពនៃក្តីស្រឡាញ់។ ដោយសារហេតុផលទាំងនេះហើយ ទើបគណៈកម្មការវិនិច្ឆ័យឆ្នាំនេះបានផ្តល់រង្វាន់ដល់ "Don't Cry Gabriel" ជាមួយ «ចំណារលើកទឹកចិត្តពិសេស»។ Dreams Like Paper Boats-

សម្រាប់ការពណ៌នាឱ្យដឹងថាតើប្រជាជនខំរស់ទាំងត្រដយ៉ាងណា ក្នុងសង្គមមួយ ដែលពោរពេញទៅ ដោយអំពើហិង្សាដ៏ឃោរឃៅ ភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយ។ សម្រាប់​រូបភាព​បែប​កំណាព្យ​ដែល​បង្ហាញ​ទាំង​ភាព​ឃោរឃៅ​នៃ​ការពិត និង​ក្តី​សង្ឃឹម​នៃ​ក្តី​សុបិន។ សម្រាប់ភាពច្បាស់លាស់ និងភាពផ្អែមល្ហែម ដែលមានឃើញនៅក្នុងខណៈពេលស្ងប់ស្ងាត់នៃ ភាពយន្តនេះ និងក្រុមគ្រួសារ។ ហើយ​សម្រាប់​ការ​បង្ហាញ​ភាព​ស្មុគ​ស្មាញ​នៃ​ក្ដី​ស្រឡាញ់​ដែល​លង​ បន្លាច​យើង និង​ដាស់​តឿន​យើង​ឲ្យ​ស៊ូទ្រាំ។ ដោយហេតុផលទាំងនេះហើយទើប គណៈកម្មការ វិនិច្ឆ័យនៅឆ្នាំនេះបានផ្តល់រង្វាន់ “Dreams Like Paper Boats” ជា "ភាពយន្ត អន្តរជាតិល្អបំផុត"»

គួរបញ្ជាក់ផងដែរថា មហោស្រពធំរបស់យើង បានប្រព្រឹត្តទៅអស់រយៈពេលបួនថ្ងៃជាប់ៗគ្នា ពីថ្ងៃទី២៥ដល់ទី២៨ខែតុលា កន្លងទៅនេះ ។ ហើយទស្សនិកជនក៏បានទៅចូលរួមយ៉ាងច្រើនកុះករ ក្នុងការទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់នេះក៏ដូចជាបោះឆ្នោតគាំទ្រដោយផ្ទាល់ដល់រឿងដែល ខ្លួនពេញចិត្ត នៅ រោងភាពយន្ត Legend Cinema Olympia, Fable Cinema, Major Cineplex - Sorya, Cine Hub និង Workspace 2/Factory Phnom Penh។ អ្វីដែលពិសេសឆ្នាំនេះ គឺ «មហោស្រព ភាពយន្តខ្លីចុតមុខ» នឹងចាក់បញ្ចាំងឡើងវិញនូវរឿងដែលបានជ្រើសរើសក្នុងជំនាន់ ទី១៣ ជាពិសេសភាពយន្តខ្លីផ្តាច់ព្រ័ត្រ ទាំង២រឿង នៅភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង បន្តទៀត ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូនេះ។

នៅក្នុងឆ្នាំ២០២៤​ នេះ CSFF ត្រូវបានគាំទ្រជាផ្លូវការពីបណ្តាស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាច្រើនរួមមាន៖ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ជាស្ថាប័នគាំទ្រ ក្រសួងព័ត៍មាន​ ជាស្ថាប័នគាំទ្រ អង្គការមូលនិធិកុមារអន្តរជាតិ ជាស្ថាប័នផ្តល់មូលនិធិ មូលនិធិជប៉ុន ប្រចាំប្រទេសកម្ពុជា ជាស្ថាប័នផ្តល់មូលនិធិ រោងភាពយន្តដៃគូធំ Legend Cinema រោងភាពយន្តដៃគូ FABLE CINEMA និង Major Cineplex ដៃគូផលិត សាលាភាពយន្តរបស់អង្គការ PSE, ដៃគូបច្ចេកទេស Camera Hut, Aputure និង Amaran, និងដៃគូផ្សព្វផ្សាយរួមមាន Sabay និង ទូរទស្សន៍បុស្តិ៍លេខ 5 ជាភាសាខ្មែរ, Kiripost Media, Cinemata និងEAC News ជាភាសាអង់គ្លេស ដៃគូសហគមន៍របស់យើងគឺ ​Factory Phnom Penh, Cine Hub, Cambodia Film Commission, Neeson Cripps Academy, អង្គការសកម្មភាពសិល្បៈ, «មហោស្រពភាពវីដេអូសម្រាប់កុមារ អាស៊ីអាគ្នយ៍», សាលាសិល្បៈសម្តែង, ផ្ទះផ្កាខ្មែរ ដៃគូផ្គត់ផ្គង់រួមមាន ហាងកាហេ្វ11:11, ហាងនំ«នាទ្បិ» និង Coca-Cola។

ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខCSFFក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង។ ដូច្នេះការបរិច្ចាគអាចផ្ញើទៅកាន់ គណនេយ្យ ABA លេខ 000 877 929 ឬក៏ស្គេនតាម QR Code ខាងក្រោម។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖ Website: Chaktomuk Short Film Festival Facebook Page: Chaktomuk Short Film Festival - Home | Facebook Telegram:​ https://t.me/csffkh YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/ TikTok: https://www.tiktok.com/@chaktomukshortfest

អំពី «ក្រុមភាពយន្តឈូករ័ត្ន» ក្រុមភាពយន្តឈូករ័ត្ន ឬ Sunflower Film​ ​Alliance គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយអង្គការភាពយន្ត ឈូករ័ត្ន - Sunflower Film Organization - SFO ។ ក្រុមភាពយន្តឈូករ័ត្ន មានសមាជិកចូលរួមដោយ អ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំង ប្រទេសកម្ពុជាដែលពួកគាត់សុទ្ធតែមាន ចំណង់ចំណូលចិត្ត ទៅលើជំនាញ ផលិតភាពយ​ន្ត ដែលមានអាយុ​ចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ អង្គការភាពយន្តឈូករ័ត្នបានចុះឈ្មោះ ជាផ្លូវការ នៅក្រសួងមហាផ្ទៃ ជាអង្គការមិនរក ប្រាក់ចំណញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាសលេខ ១៣៩៤ ប្រ.ក។

លើសពីនេះក្រុមភាពយន្តឈូករ័ត្នក៏បានផលិតគម្រោងខ្លួនឯង និងសហផលិត តាំងពីចុងឆ្នាំ ២០១៧ ដែល រួមមានកម្មវិធី«កុនខ្ញុំ» សម្រាប់ទូរទស្សន៍ ជាតិ​កម្ពុជា (ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូច ជារឿង “akumu”និងរឿងខ្លីៗមួយ​ចំនួន ទៀត។ តាំងពីឆ្នាំ ២០១៩ ក្រុមនេះក៏ បានរៀបចំកម្មវិធី«តស់ ថត ឯកសារនៅកម្ពុជា» (Let’s Document Cambodia) ដោយបាន បណ្តុះបណ្តាល យុវជននៅភ្នំពេញ និងតាម ខេត្តនានាបានមិនតិចជាង២០០នាក់ទេ។ ក្រុមភាពយន្តឈូករ័ត្ន មានគោលដៅដ៏ចម្បង គឺចង់ឱ្យមាន ការ​យល់ដឹង កាន់តែទូលំទូលាយ អំពីការផលិត ភាពយន្ត ដើម្បីកសាងឧស្សាហកម្ម ភាពយន្តកម្ពុជាឱ្យ រឹងមានដោយរៀបចំវគ្គ បណ្តុះបណ្តាលខ្លីៗ និង ចាក់បង្ហាញស្នាដៃ តាមប្រព័ន្ធផ្សព្វផ្សាយនានា និង រោងភាពយន្ត ឬមហោស្រពនានា ជាមួយ​សម្ព័ន្ធមិត្តតាមបណ្តាខេត្តនៅកម្ពុជា ក៏ដូចជា ដៃគូនៅ ក្រៅស្រុក ដើម្បីនាំស្នាដៃយុវជនខ្មែរ ឱ្យមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ Chin Sopheak

មតិយោបល់
អត្ថបទថ្មី