• 2024-02-28 08:05:08
  • ព័ត៌មាន

បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយចំៗរឿងតម្លៃខ្លួនធ្វើ BA ថ្លៃកប់!

  • 2024-02-28 08:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ជយលាភី 5th Runner up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើបតែដឹកដៃបវរកញ្ញាលំដាប់ប្រទេសថៃ អ៊ីងហ្វា ធ្វើជា BA តំណាងឱ្យផលិតផលក្នុងស្រុកដ៏ធំមួយរបស់ លោកស្រី មាស ចាន់ដាលីន អមដោយការប្រគំតន្ត្រីខ្នាតតូចដ៏សប្បាយរីករាយ។

វត្តី បានផ្តល់កិច្ចសម្ភាសន៍ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នេះជាក្តីស្រមៃតាំងពីយូររបស់នាងដែលចង់ក្លាយជា BA តំណាងផលិតផល Cosmetic ក្នុងស្រុក ដើម្បីមានឱកាសប្រម៉ូតផ្សាយពីប្រេនខ្មែរយើងទៅទីផ្សារអន្តរជាតិ។ ប៉ុន្តែ ដោយសារនាងនៅជាប់កុងត្រាជាមួយស្ថាប័ន MGI ជាហេតុធ្វើឱ្យតម្លៃខ្លួននាងខ្ពស់ជាងទីផ្សារក្នុងស្រុកខ្លាំង សូម្បីសាម៉ីខ្លួននាងក៏ទទួលស្គាល់ចំនុចនេះផងដែរ។

ក្នុងបទសម្ភាសន៍ថ្ងៃចុះកុងត្រាធ្វើ BA បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ច្បាស់ៗថា តម្លៃខ្លួនរបស់នាងនាពេលបច្ចុប្បន្នពិតជាខ្ពស់ខ្លាំងមែនទែន ដោយសារតែនាងនៅជាប់កុងត្រាជាមួយ MGI ដូច្នេះតម្លៃខ្លួននាង និង អ៊ីងហ្វា ជាតម្លៃស្តង់ដាអន្តរជាតិ។

យ៉ាងណាមិញ វត្តី មិនបានទម្លាយឱ្យដឹងពីតួលេខតម្លៃខ្លួននោះឡើយ នាងប្រាប់យ៉ាងខ្លីថា គឺវាខ្ពស់ខ្លាំងមែន ហើយនាងពិតជាសប្បាយចិត្តដែលម្ចាស់ប្រេនក្នុងស្រុកហ៊ានជួលចំណាយប្រាក់ច្រើន ដើម្បីជួលនាង និង អ៊ីងហ្វា មកធ្វើជា BA ដែលការចំណាយច្រើនបែបនេះគឺជាការផ្តល់តម្លៃ និងតបស្នងទឹកចិត្ត ការខិតខំប្រឹងប្រែងដែលនាងបានធ្វើដើម្បីប្រទេសកម្ពុជាកន្លងមក។ បវរកញ្ញាដ៏មានឥទ្ធិពល ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាសប្បាយចិត្តដែលមានឱកាសបានរួមធ្វើការងារជាមួយ បវរកញ្ញាល្បីឈ្មោះលំដាប់ប្រទេសថៃ អ៊ីងហ្វា ដែលជា idol ក្នុងដួងចិត្តរយៈពេលពេញ ១ ឆ្នាំ ថែមទាំងមានឱកាសថតស៉្បតពាណិជ្ជកម្ម និងការប្រម៉ូតផ្សព្វផ្សាយផ្សេងៗផងដែរ។

គួររំឮកផងដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឈ្នះជយលាភីលំដាប់រងទី ៥ ពីការប្រកួត Miss Grand International 2022។ ចាប់តាំងពីជាប់តំណែងលើឆាកអន្តរជាតិ ទីផ្សារការងាររបស់ វត្តី បើកចំហរកាន់តែធំឡើងៗទាំងក្នុងនិងក្រៅស្រុក រីឯតម្លៃខ្លួនក៏ហក់ឡើងខ្ពស់ខ្លាំងទៅតាមតម្លៃស្តង់ដាអន្តរជាតិផងដែរ។ ទោះបីជាបច្ចុប្បន្ន វត្តី នៅកម្ពុជា តែតម្លៃពលកម្មការងាររបស់នាងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័ន MGI ដូចនេះទើបនាងមិនសូវទទួលបានការងារក្នុងស្រុកច្រើនដូចសិល្បករផ្សេងទៀត ព្រោះតម្លៃនិងការចចារគ្រប់យ៉ាង គឺស្ថិតទៅលើស្ថាប័នអន្តរជាតិ។

ដោយចិត្តស្រលាញ់ និងចង់ឃើញវិស័យបវរកញ្ញានៅកម្ពុជាកាន់តែរីកចម្រើន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសម្រេចចិត្តបើកស្ទូឌីយូបង្ហាត់បង្រៀនដើរម៉ូដមួយកន្លែង តែពេលនេះស្ទូឌីយូរបស់នាងស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ប្រហែលអាចចាប់ផ្តើមនៅអំឡុងខែមីនា ឆ្នាំ២០២៤ នេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម