• 2024-03-14 06:54:33
  • ព័ត៌មាន

អស្ចារ្យណាស់! ប្រាសាទ ដាវីន ដឹកនាំបេក្ខភាព Universal Woman 2024 គ្រងឈុតអប្សរា ថតនៅអង្គរវត្ត

  • 2024-03-14 06:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតអន្តរជាតិ Universal Woman 2024 ដែលកម្ពុជាទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីអង្គរ ខេត្តសៀមរាប តែម្តង។ បវរកញ្ញាប្រមាណជាង ៥០ ប្រទេសមកពីជុំវិញពិភពលោក បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ក្នុងគោលបំណងចូលរួមការប្រកួត Universal Woman 2024។

ពិតជាពិសេសអស្ចារ្យខ្លាំងណាស់ បើកទំព័រថ្ងៃទី១នៃការប្រកួត Universal Woman 2024 អ្នកនាង ប្រាសាទ ដាវីន National Director Universal Woman Cambodia និងជាអ្នកទទួលបន្ទុករៀបចំការប្រកួតអន្តរជាតិនេះ បានដឹកនាំបេក្ខភាពផ្លូវការទាំងអស់ រួមទាំង កញ្ញា Brianna Mai ដែលជា Universal Women Cambodia 2024 គ្រងឈុតអប្សរាខ្មែរដ៏ប្រណីត ដើម្បីថតរូបនៅប្រាសាទអង្គរវត្ត ក្នុងន័យជួយប្រម៉ូតផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ។ ម៉្យាង ក៏ជាដំណើរទស្សនកិច្ចក្នុងការនាំបេក្ខភាពផ្លូវការទាំងអស់ឱ្យស្គាល់់ពីសម្បិត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជាយើងផងដែរ។

តាមរយៈវីដេអូខ្លីបង្ហោះដោយទំព័រហ្វេសប៊ុក Universal Woman Cambodia បង្ហាញឱ្យឃើញថា ក្រៅពីការគ្រងឈុតអប្សរា ក្រុមការងារក៏បានរៀបចំលោកគ្រូអ្នកគ្រូមកបង្រៀនពីការរាំរបាំអប្សរា ការថតរូបអប្សរា អត្ថន័យនៃក្បាច់របាំអប្សរា និងបានព្យាយាមមើលសម្លៀកបំពាក់ ដើម្បីធានាឱ្យបានថា ការគ្រងឈុតអប្សរានេះពិតជាត្រឹមត្រូវតាមក្បួនខ្នាតនិងមានរបៀបរៀបរយប្រាកដមែន។ ងាកទៅមើលបេក្ខភាពផ្លូវការឯណោះវិញ មើលទៅស្រស់ស្អាតប្លែកពេលបានគ្រងឈុតអប្សរាខ្មែរ ថែមទាំងបង្ហាញទឹកមុខរំភើបរីករាយពេលបានរៀនពីការក្បាច់របាំអប្សរាទៀតផង។ គួរឱ្យសរសើរខ្លាំងមែនទែន ទោះអាកាសធាតុក្តៅខ្លាំងប៉ុណ្ណា ក៏បេក្ខភាពទាំងអស់សុខចិត្តដោះស្បែកជើង ដើម្បីថតរូបផ្លូវការណ៍តាមក្បួនច្បាប់របស់ខ្មែរយើង។

គួររំឮកផងដែរថា កន្លងមក អ្នកនាង ប្រាសាទ ដាវីន National Director Universal Woman Cambodia និងជាអ្នកទទួលបន្ទុករៀបចំការប្រកួតអន្តរជាតិនេះ ធ្លាប់បានបញ្ជាក់ពីការដាក់បញ្ជូលនូវទម្រង់សិល្បៈវប្បធម៌ ការទស្សនាតំបន់ទេចរណ៍វប្បធម៌ និងធម្មជាតិ និងមានការផ្សារភ្ជាប់ទម្រង់សិល្បៈខ្មែរ និងការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបេក្ខភាពបានស្គាល់ពីប្រពៃណីខ្មែរកាន់តែច្បាស់ផងដែរ។

បន្ទាប់ពីរៀបចំពិធីបើកកម្មវិធីនៅទឹកដីខេត្តសៀមរាប អមជាមួយដំណើរទស្សនកិច្ចផ្សេងៗ បេក្ខភាពទាំងអស់នឹងបន្តដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីទទួលយកបទពិសោធន៍តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួចទើបត្រឡប់មកភ្នំពេញវិញ ដើម្បីត្រៀមសម្រាប់ការប្រកួតបឋម និងរាត្រីផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម