• 2024-03-20 03:21:03
  • ព័ត៌មាន

កូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលGalaxy ភ្លាម បើកឆាកជាមួយMV ដ៏អស្ចារ្យ

  • 2024-03-20 03:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យក្មេង ធ្លាប់រួមរស់ជាមួយផលិតកម្មរស្មីហង្សមាស គឺលោក សុវត្ថិ សិរីវុឌ្ឍ បានសម្រេចចិត្ដទៅរួមរស់ជាមួយគ្រួសារថ្មី គឺផលិតកម្ម Galaxy កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ក្នុងពិធីទទួលស្វាគមន៍ដែលរៀបចំដោយផលិតកម្មថ្មី ដោយមានការអញ្ជើញចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូបនោះ សុវត្ថិ សិរីវុឌ្ឍ បានបង្ហាញអារម្មណ៍រំភើប រីករាយ និងបានបង្ហាញស្នាដៃដំបូងរបស់ខ្លួនភ្លាមៗដែរ។

ឡើងបង្ហាញពីចំណាប់អារម្មណ៍នៅចំពោះមុខប៉ា-ម៉ាក់ ថ្នាក់ដឹកនាំផលិតកម្មថ្មី និងសិល្បករ-សិល្បការិនី សុវត្ថិ សិរីវុធ អះអាងថា នេះជាឱកាសថ្មីមួយទៀតដែលលោកអាចមានលទ្ធភាពកាន់តែច្រើន ហើយពង្រីកកេរ្ដិ៍ឈ្មោះកាន់តែទូលំទូលាយទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ តាមរយៈវិស័យចម្រៀង។ លោកនឹងខិតខំបង្កើតស្នាដៃថ្មីៗ សម្រាប់ផលិតកម្ម ក៏ដូចជាអ្នកគាំទ្រ ដើម្បីទទួលបាននូវចំណីអារម្មណ៍ថ្មីៗពីលោក។

ក្រៅពីបង្ហាញស្នាដៃMV ដំបូងរបស់ខ្លួននៅលើអេក្រង់ទូរទស្សន៍ តារាចម្រៀងរូបនេះក៏បង្ហាញសមត្ថិភាពចម្រៀង និងរាំជាមួយកាយវិកាយ៉ាងរស់រវើកនៅលើឆាកផ្ទាល់ដែរ។ បទថ្មីដែលលោកលើកយកមកច្រៀងស្វាគមន៍ភ្ញៀវ និងចាត់ទុកជាស្នាដៃដំបូងសម្រាប់ផលិតកម្មថ្មីនោះ គឺបទ “Stuck with You”។ បទនោះ ទទួលបានការសាទរ និងស្រែកហ៊ោគាំទ្រពីអ្នកចូលរួមជាច្រើន។

បើតាម សុវត្ថិ សិរីវុឌ្ឍ ក្រោយពីបញ្ចេញស្នាដៃមួយនេះ រូបលោកផ្ទាល់មិនបានចេញបទថ្មីៗសម្រាប់អបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះទេ។ ប៉ុន្ដែនៅអំឡុងខែឧសភា ឆ្នាំ២០២៤ លោកនឹងបញ្ចេញស្នាដៃជាប់ៗគ្នាចំនួន ៥បទ ដោយបទនីមួយៗមានភាពរស់និយផ្សេងៗគ្នា។

សូមរំលឹកថា កូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ បានចុះកុងត្រាក្នុងនាមជាតារាចម្រៀងថ្មីម្នាក់ទៀតរបស់ផលិតកម្ម Galaxy Navatra បន្ទាប់ពីឪពុក និងបងប្រុស សុវត្ថិ មុនីវណ្ណ បានក្លាយជាគ្រួសារដ៏ធំនេះជាបន្ដបន្ទាប់គ្នា។ ពិធីចុះកុងត្រា និងទទួលស្វាគមន៍សមាជិកថ្មី នៃគ្រួសារ Galaxy នេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម