• 2024-04-13 02:00:00
  • ជីវិតតារា

មិនហក់លោតតាមគេ តែ ស្រីផាច រក្សាស្តង់ដាស្រុកស្រែថ្លៃថ្នូរតាមរយៈការធ្វើម្ហូប

  • 2024-04-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆម ស្រីផាច គឺជាអ្នកបង្កើតមាតិកាម្ហូប ដែលបានបង្ហាញ​ស្នាដៃចេញពីចំណេះជំនាញផ្នែកធ្វើម្ហូបយ៉ាងប៉ិនប្រសប់ បូករួមជាមួយនឹងសម្ដីសំដៅគួរឲ្យចង់ស្ដាប់បែបរដឺន តាមបែបអ្នកស្រុកនៃខេត្តបន្ទាយមានជ័យ។

ប្រជាប្រិយភាពហក់ឡើងបែបនេះ កើតចេញពីសមត្ថភាពពិតៗរបស់នាង ហើយត្រឹមរយៈពេល​ដ៏ខ្លី ស្រីផាច ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមាន​មោទកភាពបំផុត។ តាមរយៈភាពល្បីល្បាញនេះដូចគ្នាក៏បាន​ធ្វើឲ្យបរទេសកោតសរសើរមិនធម្មតាដែរចំពោះនាងក្នុងនាមជា Content Creator ឆ្នើមរបស់កម្ពុជា ដែលផ្ដោតលើការបង្ហាញ​ម្ហូបខ្មែរ អមជាមួយនឹងការ រំលេចសម្រស់ ឬទិដ្ឋភាពស្រុកស្រែនៃទឹកដីកម្ពុជាដ៏ស្រស់ត្រកាលមិនអាចកាត់ថ្លៃបាន។ ដូច្នេះតទៅនេះ សូមបង្ហាញអំពីចំណុចសំខាន់ៗពុំគួររំលង អំ​ពីអ្នកបង្កើតមាតិកាវ័យ ២៥ ឆ្នាំ ឆម ស្រីផាច

១. ស្រីផាច មានបងប្អូនបង្កើត ៣ នាក់ ប្រុស ២ ស្រី ១

ក្នុងនោះនាងមានបងប្រុសម្នាក់ ដែលក៏ជាអ្នកផលិតមាតិកាបែបជនបទដូចគ្នា និងជាម្ចាស់ផេក Home Food។ បន្ទាប់មកគឺ ស្រីផាច ដែលជាកូនទី​២ និង ប្អូនប្រុសភ្លោះម្នាក់ ដែលបច្ចុប្បន្នជា កាម៉េរា man ថតវីដេអូធ្វើម្ហូបឲ្យនាងរាល់ថ្ងៃនេះ។

ស្រីផាច និងប្អូនប្រុសភ្លោះ

២. ជោគជ័យខាងផ្នែកជំនាញធ្វើម្ហូបក៏ពិតមែន ប៉ុន្តែ ស្រីផាច បាន​បញ្ចប់ការសិក្សា បរិញ្ញាបត្រជំនាញ Businessទំនាក់ទំនងជាមួយនឹងជនជាតិជប៉ុន រយៈពេល ៤ ឆ្នាំ

មុនចប់មហាវិទ្យាល័យ​​នាង​បាន​ទៅដាក់ពាក្យធ្វើការនៅកន្លែងមួយ ប៉ុន្តែត្រូវ​បាន​គេបដិសេធ ដោយហេតុថានាងពុំទាន់រៀនចប់ ដូច្នេះ​នាងក៏ត្រលប់ទៅស្រុកកំណើតវិញ។ គាប់ជួនបងប្រុសសួរនាំពីរឿងធ្វើវីដេអូ និងផ្ដល់ការណែនាំចង្អុលបង្ហាញ​ផ្លូវផង នាងក៏សម្រេចសាកល្បងសិន ហើយជាលទ្ធផលល្អ ការងារនេះក៏ទទួលការគាំទ្រ ខ្លាំង ទើបស្រីផាចចាប់យកជាអាជីពតែម្ដង។

៣. ចូលចិត្តបង្ហាញអ្វីដែលជាខ្លួនឯង តាមស្តង់ដាធម្មជាតិ

ខុសពីនារីមួយចំនួន ដែលចូលចិត្តបង្ហាញ​តែភាពស្រស់ស្អាតឥតខ្ចោះលើបណ្ដាញសង្គម ស្រីផាច ពេញ​ចិត្តនឹង​បង្ហាញអ្វី​ដែល​ជាខ្លួននាង ទៅតាម​បែបសាមញ្ញ និងអ្វីដែល​ជាធម្មជាតិ។ ដូចវីដេអូដែលតែងតែងបង្ហាញ​កន្លងមក នាងពុំសូវចូលចិត្តការតុបតែងខ្លួនអ្វីច្រើនឡើយ ព្រោះនាងឲ្យតម្លៃទៅលើការធ្វើម្ហូប និងធ្វើយ៉ាងណាឲ្យវីដេអូរបស់នាងមានភាពទាក់ទាញទៅបានហើយ។

បន្ថែមពីលើភាព​វៃឆ្លាត និងទេពកោសល្យផ្នែកចម្អិនម្ហូប នាង​ក៏ត្រូវ​បាន​ប្រិយមិត្តទាំងអស់សម្ដែងការកោតសរសើរនឹងអត្តចរិតរួសរាយរាក់ទាក់ និងគួរឲ្យស្រឡាញ់ពីកំណើតផងដែរ។ បេះដូងមេត្តា និងបរិសុទ្ធនេះហើយដែលបានធ្វើឲ្យប្រជាជនកម្ពុជាស្ទើរទាំងអស់ ពេញចិត្តពេញថ្លើមគ្រប់គ្នា! ហើយកាន់តែគួរឲ្យរំភើប និងជាមហាកិត្តិយសទៅទៀតនោះ ស្រីផាច បានអង្រួនព្រះទ័យរបស់ ព្រះនាងតូច នរោត្តម ជេនណា ដោយទ្រង់បាន​សម្ដែងការស្ញប់ស្ញែង សព្វព្រះរាជហឫទ័យជាខ្លាំង ហើយកាន់តែស្រឡាញ់ ស្រីផាច ថែមមួយកម្រិតនៅពេល​ដែលបានយាងចូលទៅជិត និងស្គាល់ស្រីផាចកាន់តែខ្លាំង។

ជាក់ស្ដែង អ្នកបង្កើតមាតិកាជើងខ្លាំង​រូបនេះ​ បាន​ចូលរួមយ៉ាងពេញ​ទំហឹងក្នុងការលើកស្ទួយមុខម្ហូប​ខ្មែរ តាមរយៈការ​ផ្សព្វផ្សាយ ប្រកបដោយការយល់ដឹង និងភាពថ្លៃថ្នូរទៅកាន់ប្រជាជនក្នុងស្រុក និងអន្តរជាតិ។ ជាមួយគ្នានោះ ស្រី ផាច ក៏ត្រូវ​បាន​ប្រិយមិត្តស្គាល់ថាជា អ្នកមាន​ចិត្តសប្បុរស ចូលចិត្តធ្វើបុណ្យ ចែកទាន ប្រកបដោយក្ដីស្រឡាញ់ មិនថាចំពោះក្មេង​ចាស់ប្រុសស្រី ទៅតាម​អ្វី​ដែល​នាង​អាចជួយបាន ដោយក្ដីពេញចិត្តបំផុត។ សរុបជារួមមក ចំណុចសំខាន់ទាំងនេះហើយ ដែលបានធ្វើឲ្យអ្នកគាំទ្រដកចិត្តពុំរួច ព្រោះតែភាពល្អស្អាតទាំងក្នុងនិងក្រៅ ពិសេសការធ្វើជាខ្លួនឯង និងរក្សាបាននូវភាពថ្លៃថ្លៃថ្នូររបស់កូនខ្មែរមួយរួបនេះ៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម