• 2024-04-18 03:35:54
  • ព័ត៌មាន

លក្ខខណ្ឌទាំងនេះ ត្រូវបានអតីតតារាសម្ដែង ម៉ៅ ចំណាន បំពេញគ្រប់ សម្រាប់បេក្ខភាពប្រធាន​សមាគម

  • 2024-04-18 03:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ។ នេះបើយោងតាមគណៈកម្មការបណ្ដោះអាសន្នរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លក្ខណ្ឌដែលបានកំណត់ដោយគណៈកម្មការ ត្រូវបានលោកជំទាវបំពេញរួចរាល់។ ក្នុងនោះមានការដាក់ពាក្យស្នើសុំឈរឈ្មោះ និងការបំពេញប្រវត្ដិរូបសង្ខេបជាដដើម។ ទន្ទឹមគ្នានេះក៏មានអ្នកមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត ដោយពួកគេបានសាកសួរព័ត៌មាន និងទទួលយកពាក្យពីគណៈកម្មការទៅបំពេញ ដើម្បីចូលរួមប្រកួតផងដែរ ប៉ុន្តែគិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមការងារមិនទាន់បានទទួលពាក្យទាំងនោះត្រឡប់មកវិញគ្រប់នៅឡើយទេ។

គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានប្រកាសថា ការដាក់ពាក្យ និងទទួលពាក្យនឹងបន្តរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ប្រសិនបើអ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដមលោកជំទាវ អស់លោកលោកស្រី និងសិល្បករ សិល្បការិនីទាំងអស់ មានបំណងឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦នេះ អាចទៅទទួលពាក្យស្នើសុំនៅទីស្នាក់ការបណ្ដោះអាសន្នរបស់គណៈកម្មការដែលមានអាស័យដ្ឋានផ្ទះលេខ២ មហាវិថី ម៉ៅសេទុង(ក្រោយក្រសួងកសិកម្ម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់ម៉ោងធ្វើការ។

សូមជម្រាបជូនថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត ព្រមទាំងរួមចំណែកជួយដល់សង្គមជាតិជាដើម។

រូបថត៖ ហ្វេសប៊ុកសមាគមសិល្បករខ្មែរ

ថ្មីៗនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីយ៉ាងសំខាន់ក្នុងនាមជាសេនាធិការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីបង្កើតសកម្មភាពសិល្បៈនានាក្នុងន័យលើកស្ទួយវប្បធម៌ជាតិ និងសម្រួលកិច្ចការផ្សេងៗរបស់សិល្បករ-សិល្បការិនី។ គ្រប់ការជ្រោមជ្រែងពីសមាគ ដល់សិល្បករ-សិល្បការិនីដែលជួបបញ្ហា ព្រមទាំងសកម្មភាពមួយចំនួនទៀតដែលបម្រើដល់ផលប្រយោជន៍សង្គម ត្រូវបានអនុវត្ដយ៉ាងខ្ជាប់ខ្ជួនជាមួយគោលការណ៍របស់សមាគម៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី