• 2024-04-23 03:32:25
  • ព័ត៌មាន

អាក់ខាន​ជាង ១០​ឆ្នាំ ឥឡូវ តាប៊ុយ ប្រកាស​ទទួល​ការងារ​គ្រប់​ផ្នែក​ឡើង​វិញ ដោយ​ប្រាប់ថាមានបរិបទថ្មី

  • 2024-04-23 03:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​តាំង​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ពិធីករ តាប៊ុយ ទទួល​បា​ន​ការងារ​សិល្បៈ​ឡើង​វិញ​ខ្លះ​ហើយ ក្រៅ​ពី​ការងារ​ស្នូល​នៅ​ក្នុង​កម្មវិធី "ពេញ​ចិត្ដ ឬ​អត់?"របស់​ស្ថានីយទូរទស្សន៍ My TV។ ទើប​ថ្មីៗ​នេះ​ទៀត​ពិធីករ​រូប​នេះ ចេញ​មុខ​កាន់​តែ​ខ្លាំង​ក្នុង​ទីផ្សារ​សិល្បៈ​ខាង​ក្រៅ ដោយ​លោក​ប្រកាស​ថា​ចាប់​ពី​ពេល​នេះ​ទៅ​លោក​នឹង​ទទួល​ការងារ​ទាំង​អស់​មិន​ថា​តូច ឬ​ធំ​នោះ​ឡើយ។

តាម​រយៈ​Sabay នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ តាប៊ុយ បញ្ជាក់​ថា ដក​តែ​ការ​ច្រៀង​ចេញ គឺ​លោក​ទទួល​ទាំង​អស់​សម្រាប់​ការ​ថត​ឲ្យ​ផលិតផល​ផ្សេង ហើយ​កាន់​តែ​ត្រូវ​ជំនាញ​លោក​ទៀត​នោះ គឺ​ធ្វើ​ជា​ពិធីករ ម៉ូដែល ថត​ខ្សែ​ភាពយន្ដ។ កន្លង​ទៅ​លោក​ផ្ដោត​តែ​លើ​កម្មវិធី​ទូរទស្សន៍ ដោយ​លើក​តម្កើង ផ្សព្វផ្សាយ​ឲ្យ​បុគ្គល​មួយ​ចំនួន​បាន​ល្បី​បើក​លុយ​បាន​ច្រើន​ៗ​ទៀត​ផង ប៉ុន្ដែ​លោក​ខ្លួន​ឯង​នៅ​តែ​ឈរ​ទ្រឹង​មិន​ព្រម​ចេញ​ក្រៅ​ដើម្បី​រក​លុយ។

បើ​តាម​តាប៊ុយ រយៈ​ពេល​ប្រមាណ ១០​ឆ្នាំ មក​នេះ មាន​ផលិតកម្ម និង​ម្ចាស់​ផលិតផល​ខ្លះ​បាន​ទាក់ទង​លោក​ដើម្បី​ថត​ដែរ ប៉ុន្ដែ​មាន​ខ្លះ​តម្លៃ​មិន​ត្រូវ​គ្នា ហើយ​ម្យ៉ាង​លោក​រវល់​នឹង​ការងារ​នៅ​កម្មវិធី​ទូរទស្សន៍ មាន​ពេល​តិចតួច​ផង ក៏​សម្រេច​បដិសេធ​តែ​ម្ដង​ទៅ។ ប៉ុន្តែ​បច្ចុប្បន្ន​លោក​លែង​ជាប់​កុងត្រា​ជាមួយ​ស្ថានីយទូរទស្សន៍ ឬ​ក្រុមហ៊ុន​ណា​ទៀត​ទេ ដូច្នេះ​លោក​អាច​បំពេញ​ការងារ​ក្រៅ​បាន​ជា​ធម្មតា ហើយ​សុំ​ឲ្យ​មហាជន​នៅ​តែ​បន្ដ​គាំទ្រ​រូប​លោក។

តាប៊ុយ៖ "ឥឡូវ​ទទួល​ទាំង​អស់​ឲ្យ​តែ​បាន​លុយ...និយាយ​ទៅ​ជំនាញ​អត់​តែ​ច្រៀង​មួយ ក្រៅ​ពី​នេះ​អ្វី​ដែល​អាច​ធ្វើ​បាន គឺ​ទទួល​ធ្វើ​ទាំង​អស់។ ឥឡូវ​ចាប់​ពី​ខែ​២​មក​ការងារ​ចាប់​ផ្ដើម​ចូល​មក​ជាប់ៗ​គ្នា ហើយ​សង្ឃឹម​ថា​បងប្អូន​នៅ​តែ​បន្ដ​គាំទ្រ និង​តាម​ដាន​សកម្មភាព​របស់​ខ្ញុំ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ច្រើន​ទៀត"។

ផ្ដើម​ចេញ​ពី​តារា​ម៉ូដែល តាប៊ុយ បាន​កសាង​កេរ្ដិ៍ឈ្មោះ​ល្បី​ច្រើន​ឆ្នាំ​ក្នុង​រង្វង់​អ្នក​សិល្បៈ​តាម​រយៈ​ធ្វើ​ជា​ពិធីករ​ដែល​មាន​រូប​សម្បត្តិ​ស្រស់​សង្ហារ និង​សម្បូរ​វោហារ។ ឆ្លង​កាត់​អាជីព​នេះ​ច្រើន​ឆ្នាំ តាប៊ុយ មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​រស់នៅ​ជាមួយ​ជីវភាព​ល្អ​ប្រសើរ និង​មាន​សម្ភារៈ​ប្រើប្រាស់​ល្អៗ ដោយ​មិន​សូវ​ទទួល​បាន​ការងារ​ច្រើន​ពេក​ក្រៅ​ពី​ការងារ​ទូរទស្សន៍​ដែល​លោក​ស្រឡាញ់​បំផុត​នា​ពេល​កន្លង​ទៅ ប៉ុន្ដែ​ឥឡូវ​លោក​ចាប់​ផ្ដើម​ងាក​បន្ដិច​មក​រក​ការងារ​ក្រៅ​ដោយ​លោក​ព្រលយ​ពាក្យ​ថា៖ "ខ្ញុំ​មិន​អាច​ផ្ដោត​តែ​ទៅ​លើ​ទូរទស្សន៍​បាន​ទេ ព្រោះ​ឥឡូវ​ទូរទស្សន៍​គេ​អត់​សូវ​មើល​ផង"៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី