• 2024-05-09 10:30:37
  • ព័ត៌មាន

ចាំតួស្រីរឿង «នាឡិកាដាស់វិញ្ញាណ» អត់? ឃុល សាមេនតា ត្រៀមធ្វើឱ្យអ្នកទស្សនាព្រឺរោមម្តងទៀត

  • 2024-05-09 10:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីវ័យក្មេងឆ្វាក់តែរឿងរន្ធត់ ឃុល សាមេនតា កំពុងត្រៀមធ្វើឱ្យអ្នកទស្សនាព្រឺរោមជាថ្មីម្តងទៀត ជាមួយស្នាដៃភាពយន្តខ្នាតធំថ្មី ចំណងជើង «ផ្ទះព្រាយកន្លង» ជារឿងបែបភ័យរន្ធត់ព្រឺព្រួចបង្កប់ទៅដោយអបិយជំនឿដែលមហាជនភាគច្រើនមិនធ្លាប់បានដឹង។

រូបភាព៖ ហ្វេសប៊ុក Pao Makara ពៅ មករា

ផ្តល់បទសម្ភាសន៍ក្នុងពិធីសន្នីសីទសារព័ត៌មានស្តីពីការផលិតរឿង «ផ្ទះព្រាយកន្លង និង អ្នកតាកំបុតក្បាល» កាលពីពេលថ្មីៗ សាមេនតា រីករាយដែលបានចូលរួមសម្តែងរឿងរន្ធត់ថ្មីរបស់ LD Entertainment ជាមួយ កញ្ញា អឿន រ៉ូហ្សា និងលោក អ៊ុំ សុវណ្ណគីរី ដែលក្នុងរឿងនេះនាងសម្តែងជាតួអង្គត្រូវព្រាយចូលសន្ធឹត។ វាជារសជាតិថ្មីមួយដែល សាមេនតា មិនធ្លាប់សម្តែងពីមុនឡើយពាក់ព័ន្ធអបិយជំនឿពីបុរាណរឿងព្រាយសំពោងសក់ធំបែបនេះ។

រូបភាព៖ ហ្វេសប៊ុក Pao Makara ពៅ មករា

ក្រោយបានសម្តែងរឿង «ផ្ទះព្រាយកន្លង» ម្ចាស់ពានតួឯកស្រីឆ្នើមរឿង «នាឡិកាដាស់វិញ្ញាណ» ឃុល សាមេនតា យល់ថា យុវវ័យជំនាន់ថ្មីគួរតែនាំគ្នាទស្សនារឿងនេះ ព្រោះសាចរឿងនេះអាចឱ្យគ្រប់គ្នាយល់កាន់តែច្បាស់អំពីអបិយជំនឿខ្មែរយើងមួយចំនួនដែលមិនធ្លាប់ឃើញពីមុនមក។

តាមគម្រោងរឿង «ផ្ទះព្រាយកន្លង និង អ្នកតាកំបុតក្បាល» អាចនឹងបង្ហាញវត្តមានលើផ្ទាំងសំពត់សរនៃរោងភាពយន្តអំឡុងខែសីហា ឬខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ឮការប្រកាសនេះភ្លាម អ្នកធ្លាប់ទស្សនាការសម្តែងរបស់ សាមេនតា នាំគ្នាព្រឺរោមទុកមុនបាត់ហើយ។

រូបភាព៖ ហ្វេសប៊ុក Pao Makara ពៅ មករា

ឃុល សាមេនតា ត្រូវគេចាត់ទុកជាតារាស្រីវ័យក្មេងម្នាក់ ឆ្វាក់តែរឿងរន្ធត់ព្រឺព្រួច ហើយនាងតែងតែធ្វើឱ្យអ្នកទស្សនាព្រឺរោមខ្ញាក់ៗ ហើយស្រែកស្ទើរបែកសាលបញ្ចាំង ព្រោះការដាក់អារម្មណ៍ ទឹកមុខ កាយវិការ និងក្រសែភ្នែកដ៏ព្រឺព្រួចពេលនាងសម្តែងតួអង្គវិញ្ញាណចូលសន្ធិត ឬខ្មោចចូលជាដើម មើលទៅដូចពិតៗតែម្តង។

គិតមកទល់ពេលនេះ តារាសម្តែងវ័យក្មេងនេះសម្តែងរឿងខ្នាតធំបាន ៤ ហើយ រួមមាន៖ «នាឡិកាដាស់វិញ្ញាណ» , «ថ្នាក់ ១២ង», «សាកសម 7 ថ្ងៃ» និងរឿង «ផ្ទះព្រាយកន្លង» ដែលត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម