• 2024-05-10 23:00:00
  • ជីវិតតារា

ទោះស្ថិតពេលបំពេញកាតព្វកិច្ចការពារជាតិ តែតារាប្រុស ៦នាក់ នៅតែខំឆ្លៀតចូលរួមកម្មវិធីមហាជន

  • 2024-05-10 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈចូលបម្រើយោធា ជាធម្មតាមានន័យថាតារាៗត្រូវផ្អាករាល់សកម្មភាពទាំងអស់ពីអាជីពសិល្បៈ ប៉ុន្តែអ្នកមួយចំនួននៅតែអាចបង្ហាញមុខជាសាធារណៈនៅក្នុងព្រឹត្តិការណ៍នានាបាន។

ដូច្នេះខាង​ក្រោម​នេះ​គឺ​ជា​តារា​៦​ដួង​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ដោយ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពាក់​កណ្តាល​ការ​ចូល​បម្រើ​ការងារ៖

១. Lee Do Hyun

កាលពីថ្ងៃទី ០៧ ឧសភា ឆ្នាំ ២០២៤ តារាសម្តែងរូបនេះបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ Baeksang Arts Awards លើកទី ៦០ ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ Do Hyun បានចុះឈ្មោះចូលបម្រើយោធានៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ ប៉ុន្តែបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដែលតំណាងឱ្យភាពជោគជ័យរបស់រឿង Exhuma ពិសេសក៏ត្រូវឡើងទទួលពានដែរ។ លោកក៏បានជ្រើសរើសចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងឯកសណ្ឋានយោធា ដែលបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

២. Son Sang Yeon

តារាសម្តែង Son Sang Yeon បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងឆ្នាំ ២០២១ នៅពេលដែលគាត់បានចូលរួមក្នុងកម្មវិធី SBS Drama Awards ឆ្នាំ ២០២១។ លោកបានចុះឈ្មោះនៅថ្ងៃទី ០៨ ខែវិច្ឆិកានៃឆ្នាំនោះ ហើយបន្ទាប់ពីចូលទ័ព ជាងមួយខែ លោកបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហមក្នុងឯកសណ្ឋានយោធា។ តារាប្រុសរូបនេះ បាន​ឈ្នះពាន​រង្វាន់​តារា​សម្ដែង​ប្រុស​ថ្មី​សម្រាប់​ Racket Boys នៅ​យប់​នោះ។

៣. Park Hyung Sik

តារាសម្តែង Park Hyung Sik បានចូលបម្រើយោធានៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩។ ដូច្នេះហើយ នៅពេលដែលលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធី Blue Dragon Film Awards លើកទី ៤០ ក្នុងឆ្នាំនោះ វាបានក្លាយជាប្រធានបទក្តៅភ្លាមៗ។ លោកបានឈ្នះពានរង្វាន់តារាដ៏មានប្រជាប្រិយ ហើយឡើងទទួលទាំងឯកសណ្ឋានយោធានៅលើឆាក។

៤. Kim Jaejoong

អតីតសមាជិក TVXQ បានចូលបម្រើយោធានៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៥។ នៅឆ្នាំនោះលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធី Korean Popular Culture and Arts Awards ក្នុងខែតុលា។ Jaejoong ក៏​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ក្នុង​ឈុត​ទាហាន​ដូចគ្នា។

៥. Kim Min Ho

តារាសម្ដែង Kim Min Ho បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩ បន្ទាប់ពីគាត់បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ភាពយន្ត Buil ឆ្នាំ ២០១៩ នៅទីក្រុងប៊ូសាន កាលពីថ្ងៃទី ០៤ ខែតុលា។

៦. Yoon Gye Sang

តារាសម្តែង Yoon Gye Sang បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់សិល្បៈ Baeksang លើកទី ៤២ ក្នុងឆ្នាំ ២០០៥ ខណៈលោកចូលទ័ពដូចគ្នា។ លោកបានធ្វើឱ្យអ្នកសារព័ត៌មានភ្ញាក់ផ្អើល បន្ទាប់ពីបានបង្ហាញខ្លួនក្នុងឯកសណ្ឋាននៅលើកំរាលព្រំក្រហម។ ដោយសារនេះជាករណីដំបូងបំផុតដែលតារាល្បីមួយរូប បង្ហាញមុខនៅលើកាមេរ៉ាពេលកំពុងស្ថិតក្នុងពេលបម្រើទ័ព ហេតុនេះទើបមានមតិចម្រុះកើតឡើងច្រើន។

ជាក់ស្ដែង សិល្បករមិនអាចចេញសកម្មភាពការងារទាកទងនឹងសិល្បៈ ឬបង្ហាញមុខថតស្ប៉តពាណិជ្ជកម្មណាមួយក្នុងអំឡុងពេលចូលបម្រើការងាររបស់ពួកគេឡើយ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឱ្យបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សាធារណៈបែបនេះ ដរាបណាពួកគេមិនទទួលបានប្រាក់កម្រៃពីការចូលរួម។ អរគុណចំពោះគោលការណ៍នេះ អ្នកគាំទ្រយ៉ាងហោចណាស់អាចឃើញតារាដែលពួកគេចូលចិត្តបានហើយ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់