• 2024-05-17 09:57:21
  • ព័ត៌មាន

គ្រាន់តែបង្ហើបក៏ដឹងអស្ចារ្យ! ឈុត អូលីវ៉ា ត្រៀមសម្រាប់សិល្បករ និងបុគ្គលមានឥទ្ធិពលទាំង ៥ រូប

  • 2024-05-17 09:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកច្នៃម៉ូដ និងជាគ្រូបង្រៀនដើរ catwalk អូលីវ៉ា គង់ និងអ្នកជំនួញ សៀន សូលីដា ហៅ ម៉ាដាម ដា រួមជាមួយតារាម៉ូដែល ទៀន គឹមចេង បានធ្វើដំណើរពីកម្ពុជាឆ្ពោះទៅប្រទេសបារាំង ដើម្បីចូលរួមដើរកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024។

រូបភាព៖ ហ្វេសប៊ុក Oliva Kong

កូនខ្មែរទាំង ៣រូប បានបង្ហាញអារម្មណ៍រំភើបចំពោះឱកាសដើរលើកម្រាលព្រំក្រហមទីក្រុងកានលើកទី១ និងការត្រៀមបង្ហាញអត្ថសញ្ញាណជាតិខ្មែរតាមរយៈឈុតសម្លៀកបំពាក់ច្នៃឡើងយ៉ាងប្រណីតឆ្លុះបញ្ចាំងពីវប្បធម៌ដ៏រវើករបស់ខ្មែរយើង។

លោក អូលីវ៉ា គង់ ដែលមានឈ្មោះពិតថា ម៉ែន សីហា បានប្រាប់ឱ្យដឹងថា លោកបានសម្រិតសម្រាំងច្នៃឈុតសហសម័យថ្មីជាច្រើនសម្រាប់សិល្បករ និងបុគ្គលមានឥទ្ធិពលទាំង ៥រូប រួមមាន៖ អ្នកជំនួញស្រី ម៉ាដាម ដា, បងប្អូនម្ចាស់ហាងពេជ្រ ជាងបាក់វណ្ណហុង វណ្ណឌី និង វណ្ណដា, តារាម៉ូដែល ទៀន គឹមចេង, កញ្ញា ស៊ីន យូប៊ីន ព្រមទាំងសម្រាប់រូបលោកផងដែរ។

ក្នុងនាមជាអ្នកច្នៃម៉ូដ អូលីវ៉ា បានព្យាយាមរិះរកគំនិតច្នៃប្រឌិតថ្មីប្លែក ដែលមើលទៅទាន់សម័យតែបង្កប់អត្ថន័យជ្រាលជ្រៅអំពីទម្រង់សិល្បៈ វប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់ខ្មែរយើង។

រូបភាព៖ ហ្វេសប៊ុក Oliva Kong

អ្នកច្នៃម៉ូដរូបនេះបង្ហើបឱ្យដឹងថា ឈុតដែលសិល្បករ និងបុគ្គលមានឥទ្ធិពលខ្មែរត្រៀមដើរបង្ហាញលើកម្រាលព្រំក្រហមទទួលបានគំនិតបំផុសពី អប្សរា គួរស្រូវ ផ្ការំដួល ចម្លាក់ស្បែកធំ ហនុមាន និង សមរាត្រី (ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ) ដែលលោកបានធ្វើប្រើប្រាស់គំនិតច្នៃប្រឌិតមកច្របាច់បញ្ចូលអត្ថសញ្ញាណខ្មែរទាំងនេះឱ្យក្លាយជាឈុតសម្លៀកបំពាក់ដ៏ប្រណីត ស្រស់ស្អាត មានអត្ថន័យសម្រាប់បង្ហាញចំពោះមុខអន្តរជាតិ ពិសេសអ្នកសារព័ត៌មានអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

រូបភាព៖ ហ្វេសប៊ុក Oliva Kong

អ្នកច្នៃម៉ូដ អូលីវ៉ា គង់ មិនឱ្យខកខានឱកាសល្អក្នុងការប្រម៉ូតពីអត្ថសញ្ញាណជាតិខ្មែរនោះឡើយ ព្រោះ Cannes Film Festival 2024 ជាកម្មវិធីលំដាប់អន្តរជាតិដែលល្បីសុះសាយទូទាំងពិភពលោក និងមានសិល្បករ តារាភាពយន្តបរទេសចូលរួមជារៀងរាល់ឆ្នាំ។ ហើយលោកពិតជាសប្បាយចិត្ត និងមានមោទនភាពដែលកូនខ្មែរយើងជាច្រើនរូបបានចូលរួមដើរកម្រាលព្រំក្រហមទីក្រុងកានឆ្នាំ២០២៤នេះ រួមទាំងរូបលោកផងដែរ៕

អត្ថបទ៖ Ah Mouy

មតិយោបល់