• 2024-06-03 07:49:09
  • ព័ត៌មាន

ធ្លាយដំណឹង យក់ ថិតរដ្ឋា ដឹកដៃ ឃុំ ប៉ុណ្ណាដែត ចូលទ្រនំផលិតកម្មថ្មី ដើម្បីប្រឡូក្នុងអាជីពចម្រៀងពេញលេញ

  • 2024-06-03 07:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងចាស់វស្សា យក់ ថិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ត្រូវបានប្រភពច្បាស់ការមួយទម្លាយថា ថ្មីៗនេះ គូរស្នេហ៍លលកញីឈ្មោលមួយគូនេះ​ បានសម្រេចចិត្តដឹកដៃគ្នាចូលច្រៀងរួមទ្រនំតែមួយក្នុងផលិតកម្មឈ្មោះ "ថែមម៉ោង"។

ប្រភពដដែលបង្ហើបថា សម្រាប់បទចម្រៀងរបស់តារាទាំងពីរដួងនេះ នៅតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ពោលគឺនៅតែទទួលបាននូវពាក្យកោតសរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យ​ និងសមត្ថភាពច្រៀងរបស់ពួកគេ។

មិនខុសពីពាក្យចាស់ពោលថា ខ្ញីកាន់តែចាស់កាន់តែហឹរ។ នេះគ្រាន់តែជាបទចម្រៀងដំបូងរបស់ពួកគាត់នៅក្នុងផលិតកម្ម​ "ថែមម៉ោង"​ ប៉ុណ្ណោះ ខណៈ​ដែល​ហ្វេនៗរង់ចាំតាមដាន បទចម្រៀងថ្មីៗ របស់ពួកគាត់ខាងមុខទៀត។

ទោះជាយ៉ាងណាសាមីខ្លួនទាំងពីរ មិនទាន់ចេញ​មុខ​បញ្ជាក់​ការពិត​ជាសាធារណៈ​នៅ​ឡើយ​ទេ ខណៈដែលទូរស័ព្ទរបស់ អ្នកទាំងពីខលចូល មិនមានអ្នកទទួល ចំណែកខាងផលិតកម្មឯណោះវិញ ក៏មិនទាន់អាចទាក់ទងបានដូចគ្នា។

ប៉ុន្ដែ​បើ​តាមប្រភព​មួយនៅក្នុងផលិតកម្ម "ថែមម៉ោង" ឲ្យដឹង​ថា "ថែមម៉ោង" គឺជាផលិតកម្មថ្មីមួយ ទើបបង្កើត ដែលប្រជុំទៅដោយ អ្នកនិពន្ធបទភ្លេង និងមេឡូឌី ជាច្រើនរូបដែលមានបទពិសោធន៍លើវិស័យបទចម្រៀង។ បច្ចុប្បន្ន ក្រៅពីតារាចម្រៀងទាំងពីរដួង នៅមានតារាចម្រៀងជាច្រើន ត្រៀម​មក​ចូល​រួម​ក្នុង​ផលិតកម្ម​ថ្មីមួយនេះ។

គួរបញ្ជាក់ថា អ្នកនាង យក់ ថិតរដ្ឋា គឺជាតារាចម្រៀង ប្រចាំផលិតកម្មថោន មុនឈានជើងចូលផលិតកម្មថ្មីឈ្មោះ ​"ថែមម៉ោង"។ តើផលិតកម្មមានអ្វីពិសេស បាន​ជាធ្វើឲ្យតារាទាំងពីរដួងនេះ សម្រេចចិត្តដឹកដៃគ្នា ស្ងាត់ៗចូលទ្រនំ​ថ្មីមួយនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម