• 2024-06-05 08:28:22
  • ព័ត៌មាន

តួសេដ្ឋីនី កាចឆ្នាសឆ្នើម ហេង ស្រីពេជ្រ អាចវ៉ាដាច់តួស្រីដទៃ ងាកមកតួស្លូតវិញ ក៏មិនធម្មតាដែរ

  • 2024-06-05 08:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ៥ខែដើមឆ្នាំ២០២៤ នេះ តារាសម្ដែងសាច់សទ្រលុកទ្រលន់ សម្ផស្សនៅតែស្រស់ស្អាត ហេង ស្រីពេជ្រ ហាក់មិនសូវឃើញមានវត្ដមាននៅលើផ្ទាំងទស្សនីយភាព នៃខ្សែភាពយន្ដខ្នាតធំ ឬខ្សែភាពយន្ដភាគរបស់ស្ថានីយទូរទស្សន៍ល្បីៗទេ។ ប៉ុន្ដែថ្មីៗនេះ ស្រីពេជ្រ បានលេចមុខក្នុងក្រុមសម្ដែងដ៏ល្បីមួយឈ្មោះ “ពូត្រូល” ក្នុងតំណែងជាតួអង្គស្រីម្នាក់មហាសែនស្លូត ហើយពូកែលេងទឹកមុខសាហាវ។

តាមរយៈសមត្ថភាពនេះ ធ្វើឲ្យហ្វេនៗកាន់តែបើកភ្នែកធំៗ ហើយស្ងើចសរសើរ ស្រីពេជ្រ ថា ចំពោះការសម្ដែងមួយ គឺទុកចិត្ដលើស្រីពេជ្រ ចុះ អាចលេងបានល្អគ្រប់ទម្រង់។ ក្នុងវ័យ ៣៨ឆ្នាំ ហេង ស្រីពេជ្រ និយាយថា សព្វថ្ងៃខ្លួនមិនសូវទទួលបានការងារសិល្បៈច្រើនដូចមុនទេ ហើយគាប់ជួនកញ្ញាក៏ចំណាយពេលច្រើនក្នុងការមើលថែអ្នកមានគុណទាំងពីរ។

ហេង ស្រីពេជ្រ បានបង្ហាញអារម្មណ៍ពិតក្នុងការទទួលបានតំណែងតួអង្គស្រីដ៏ស្លូតនៅក្នុងការសម្ដែងរឿងកំប្លែង បង្កប់នូវសារអប់រំមួយរបស់ក្រុមសម្ដែងពូត្រូល។ កញ្ញាថា វាពិតជារំភើបណាស់ដែលកញ្ញាបានរួមចំណែកជាតួអង្គថ្មីមួយរបស់ក្រុមនេះ ដោយកញ្ញាថាមិនប្រកាន់ខ្លួនថា ធ្លាប់សម្ដែងក្នុងខ្សែភាពយន្ដខ្នាតធំ ឬរឿងភាគធំៗ ហើយមិនចង់ថតរឿងកំប្លែងខ្លីៗដូចការគិតរបស់មតិមួយចំនួនឡើយ។

កញ្ញាបន្ដថា រយៈពេលខ្លីដែលកញ្ញាទើបចូលសម្ដែងជាមួយក្រុមនេះ កញ្ញាទទួលបានបទពិសោធន៍តួអង្គស្លូតបានច្រើន ប៉ុន្ដែអ្នកដឹកនាំសម្ដែងមិនបានដាក់តួកញ្ញាចូលសម្ដែងគ្រប់រឿងនោះទេ។ ឆ្លៀតពេលទំនេរពីការងារសិល្បៈ កញ្ញាក៏មានមុខរបរផ្ទាល់ខ្លួនដែរ គឺលក់គ្រឿងក្រអូប និងសម្លៀកបំពាក់តាមអនឡាញ។

ចំពោះរឿងស្នេហាវិញ ដោយសារមានការជជីកសួរពីអ្នកសារព័ត៌មាន ហេង ស្រីពេជ្រ ក៏បង្ហើបថា ចូលមកដល់វ័យនេះហើយ កញ្ញាមិនអល់អែកក្នុងការទទួលយកបុរសក្នុងក្ដីស្រមៃឡើយ ប៉ុន្ដែសុំបុរសមានអត្ដចរិតល្អ ហើយចេះយល់ចិត្ដ ខណៈកន្លងទៅនេះក៏មានបុរស ៣នាក់ ចូលចែចូវកញ្ញាដែរ ប៉ុន្ដែហាក់មិនមាននិស្ស័យនឹងគ្នា ក៏សម្រេចប្រាប់ប៉ា-ម៉ាក់ឲ្យបដិសេធវិញ។ ទន្ទឹមគ្នានេះ ស្រីពេជ្រ ថា៖ “រឿងជីវិតគូស្រក ចាំដល់ពេលណាពេលហ្នឹងទៅ សំខាន់កញ្ញាមានពេលគ្រប់គ្រាន់សម្រាប់មើលថែខ្លួនឯង និងអ្នកមានគុណទាំងពីរ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់