• 2024-06-10 06:05:51
  • ព័ត៌មាន

ងាកមកស្តាប់ចំណាប់អារម្មណ៍របស់គ្រូ និងសិស្សរបស់ «ក្រុមភាពយន្តឈូករ័ត្ន» ជំនាន់ទី៧!

  • 2024-06-10 06:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីឆ្នាំ២០២៤មក ក្រុមភាពយន្តឈូករ័ត្នបានបានជ្រើសរើស យុវជន៩រូបមកពីសាវតាផ្សេងៗគ្នា ដើម្បីទទួលបានឱកាសដូច៦ជំនាន់មុនៗ ក្នុងវគ្គបណ្តុះបណ្តាលភាពយន្តខ្លី។ វគ្គប្រចាំឆ្នាំនេះ ជាកម្រងវគ្គខ្លីៗ ពី១ថ្ងៃ​ ទៅ១ថ្ងៃកន្លះ តាមមុខវិជ្ជា ដែលរួមមានទាំងអស់ សុទ្ធសឹងតែចាំបាច់សម្រាប់តម្រូវការក្នុងអាជីព ភាពយន្ត៖

១. គ្រប់គ្រងការផលិត បង្រៀនដោយលោក ស៊ុំ ស៊ីថែន ជាស្ថាបនិកផ្ទាល់របស់ក្រុមភាពយន្តឈូករ័ត្ន និងជា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ

២. និពន្ធអត្ថបទភាពយន្ត បង្រៀនដោយលោក វង្ស បញ្ញាវន្ត័ ជាបុគ្គលិកផ្នែកផលិតរបស់ក្រុមហ៊ុនផ្នែកកម្សាន្ត ក្នុងស្រុក និងជាជយលាភី១រូប ពីមហោស្រពភាពយន្តខ្លីថ្នាក់ជាតិ ឆ្នាំ២០២២

៣. ដឹកនាំរឿង បង្រៀនដោយលោក ជុង សៀវភីន ជាអ្នកបង្កើតមាតិកា និងតែងចម្រៀងតន្ត្រី និងជាជយលាភី ពីមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ ២០២៣

៤. ជំនួយការដឹកនាំរឿង បង្រៀនដោយ កញ្ញាឆេង ស៊ីណា ជាផលិតកររបស់ទីភ្នាក់ងារផលិតវីដេអូផ្សព្វផ្សាយ និងជាជំនួយការដឹកនាំរឿង របស់ភាពយន្តខ្លី «សំឡេងរាត្រី» ដែលជាប់ពានរង្វាន់ធំពីមហោស្រពភាពយន្តខ្លី ចតុមុខ ឆ្នាំ ២០២២

៥. ចាប់ប្លង់ថត បង្រៀនដោយលោក ហាន សិរី វឌ្ឍនៈ ជាសមិទ្ធិករភាពយន្តឯករាជ្យ ដែលធ្លាប់ផលិតវីដេអូ ផ្សព្វផ្សាយឱ្យទូរទស្សន៍ អង្គការ និងក្រុមហ៊ុនក្នុងស្រុកជាច្រើន

៦. កាត់ត បង្រៀនដោយលោក សារ៉ាវាន់ តេចា ជាជាសមិទ្ធិករភាពយន្តឯករាជ្យឥណ្ឌា ដែលបម្រើការផលិត វីដេអូ និងឯកសារខ្លីៗ ឱ្យកម្មវិធីនៅកម្ពុជាជាច្រើន។

សម្រាប់កញ្ញា ហេង សុចិន្តា ដែលជាអាជីវករផ្នែកភេសជ្ជៈ និងជាសមាជិក«ឈូករ័ត្ន»ឆ្នាំ២០២៤៖ «ទោះបីវគ្គ សិក្សាផ្នែកអត្ថបទភាពយន្តមានរយៈពេលតែ១ថ្ងៃ នាងខ្ញុំពេញចិត្តវគ្គនេះ ដោយបានស្វែងយល់ និងដឹងអំពីទម្រង់ របស់អត្ថបទភាពយន្ត ហើយជួយឱ្យនាងខ្ញុំចេះប្រើគំនិតសាមញ្ញៗ ដើម្បីទទួលបានលទ្ធផលធំដុំ។»

កញ្ញា ហេង សុចិន្តា

រីឯលោក ហ៊ី​ ធៀង ដែលជាសមាជិកនៅក្នុងក្រុមនេះដែរ សព្វថ្ងៃបម្រើការផ្នែកផលិតវីដេអូ ឱ្យក្រុមហ៊ុន អចលនទ្រព្យ បានសម្តែងចំណាប់អារម្មណ៍ថា៖ «ទោះបីខ្ញុំបាទផ្ទាល់ចេះកាត់តដោយខ្លួនឯងហើយក្តី វគ្គកាត់ត បានបន្ថែមទ្រឹស្តីថ្មីដល់ខ្ញុំ ដូចជាចលនាចេញពី key frames ​និងការកាត់ shots ឬ scenes ត្រឡប់ប្តូរ មុខក្រោយបាន តែក្នុងន័យមិនឱ្យបាត់អត្ថន័យសាច់រឿង។ អ្វីដែលពិសេស ខ្ញុំបាទសប្បាយចិត្តដែលមិត្តរួមក្រុម ផ្សេងទៀត មានឱកាសអនុវត្តការកាត់ត លើកដំបូងដោយខ្លួនឯង ហើយពួកគាត់ក៏សម្តែងក្តីពេញចិត្តនឹង ការៀនភ្ជាប់ជាមួយការអនុវត្តផ្ទាល់ដូចគ្នា។»

លោក ហ៊ី​ ធៀង

បើតាមលោក ហាន សិរី វឌ្ឍនៈ ជាគ្រូបង្គោលផ្នែកចាប់ប្លង់ថត៖ «ដោយសារខ្ញុំបាទ ចង់ចែករំលែកបទពិសោធន៍ ដែលធ្លាប់ជួប និងអនុវត្ត ហើយប្រៀបធៀបចំណេះធ្វើទាំងនោះទៅនឹងទ្រឹស្តីដែលរៀន​។ ធ្វើដូចនេះអាចឲ្យ ពួកគាត់ដឹងថាការអនុវត្តន៍ផ្ទាល់ និងរៀនខុសគ្នាយ៉ាងដូចម្តេច។ សង្ឃឹមថាពួកគាត់អាចផលិតរឿងខ្លីបាន ព្រោះ ក្នុងវគ្គ១ថ្ងៃកន្លះនេះ ខ្ញុំបាទបានបង្ហាត់បង្ហាញពួកគាត់ឲ្យបានឃើញសកម្មភាពនៃការថតដោយរបៀបណា តាមសភាពជាក់ស្តែង។»

លោក ហាន សិរី វឌ្ឍនៈ (ទី២ រាប់ពីស្តាំ)

បើតាមកញ្ញា ឆេង ស៊ីណា ជាគ្រូបង្គោលផ្នែកជំនួយការដឹកនាំរឿង៖ «ជំនាញជំនួយការដឹកនាំរឿង ផ្តោតសំខាន់ លើការដោះស្រាយបញ្ហាពេលថត។ ដូច្នេះ នៅពេលដែលនាងខ្ញុំចែករំលែកពីបញ្ហាប្រឈមនានាក្នុងពេលថត ក៏ដូចជាស្ថានការណ៍ប្រែប្រួលខុសពីផែនការថត សិក្ខាកាមយើងមានការភ្ញាក់ផ្អើល តែក៏ទទួលស្គាល់ពីសភាព ជាក់ស្តែងនៃការថតភាពយន្តដែរ មិនថាខ្នាតតូច ឬខ្នាតធំទេ»។

កញ្ញា ឆេង ស៊ីណា

បើតាមលោកស្រី លឹម មូលីរស្មី អគ្គនាយកប្រតិបត្តិ របស់សាលាUCMAS សាខាចម្ការមន និង ជាសមាជិក ក្រុមប្រឹក្សាអង្គការភាពយន្តឈូករ័ត្ន ៖ «នាងខ្ញុំយល់ឃើញថា វគ្គបណ្តុះបណ្តាលរបស់ «ក្រុមភាពយន្តឈូករ័ត្ន» នេះ ជាឱកាសដ៏ល្អមួយសម្រាប់យុវជនខ្មែរ ដែលមានបំណងចង់ស្វែងរក ចំណូលចំណូលចិត្ត និងទេពកោសល្យ របស់ខ្លួន ឱ្យកាន់តែច្បាស់និងជាក់លាក់។ ប្រសិនបើពួកគាត់គ្រាន់តែគិតថាខ្លួនឯងចូលចិត្ត ប៉ុន្តែពុំដែលមាន ឱកាសបានប្រឡូក ឬ សាកល្បងដោយផ្ទាល់ នោះអ្វីៗនៅតែស្រពេចស្រពិលសម្រាប់ពួកគាត់។ យ៉ាងណាម៉ិញ វាពិតជារឿងដ៏ល្អសម្រាប់ពួកគាត់ដែលបានរៀននូវអ្វីដែលថ្មី ដែលចំណេះដឹង និងជំនាញទាំងនោះនឹងក្លាយជា ទ្រព្យជាប់នឹងប្រាណ សម្រាប់ពួកគាត់ទៅពេលអនាគត។»

លោកស្រី លឹម មូលីរស្មី

គួរបញ្ជាក់ផងដែរថា ក្រុមភាពយន្តឈូករ័ត្ន បានទទួលការបណ្តុះបណ្តាល៤ចុងសប្តាហ៍ ចាប់តាំងពីចុងខែមេសា ដល់ចុងខែឧសភានេះ។ ចាប់ពីខែកក្កដា ដល់ខែសីហា សមាជិកនឹងចែកជា២ក្រុមការងារ ដែលនឹងថត និង កាត់ត២រឿងខ្លី ផ្សេងៗគ្នា។ ហើយទស្សនិកជនក៏នឹងបានទស្សនាស្នាដៃរបស់ពួកគាត់ និងភាពយន្តខ្លី ផ្សេងៗទៀត នៅក្នុង «មហោស្រពភាពយន្តខ្លីចតុមុខ» ឆ្នាំ២០២៤ នៅចុងខែតុលាខាងមុខនេះ។

រូបជាក្រុមជាមួយគ្រូបង្គោលផ្នែក «ដឹកនាំរឿង» លោក ជុង សៀនភីន (ទី៤ ឈរ រាប់ពីស្តាំ)

ខុសពីឆ្នាំមុនៗ «ឈូករ័ត្ន» ឆ្នាំនេះមានការគាំទ្រដៃគូក្រៅស្រុកសំខាន់មួយគឺមូលនិធិ Sombat Somphone Memorial Fund (SSMF) និង International Network of Engaged Buddhists (INEB) និងដៃគូក្នុងស្រុករួមមាន៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួង ព័ត៌មាន, Sabay News, Kiripost, ហាង Camera Hut, សាលាភាពយន្តPSE និង រោងភាពយន្ត Legend Cinema និង Legend Premium Cinema, ដៃគូសហគមន៍ Factory Phnom Penh។ ភាពជាដៃគូទាំងនេះ សរបញ្ជាក់ពីបំណងរបស់ «ឈូករ័ត្ន» ក្នុង ការភ្ជាប់សម្ព័ន្ធភាពឱ្យកាន់តែរលូន និងសុខដុម ជាមួយដៃគូនៅក្នុង សហគមន៍ភាពយន្តកម្ពុជាទាំងមូល។

ទោះបីជាយ៉ាងណាក៏ដោយ «ឈូករ័ត្ន» នៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលឆ្នាំថ្មី នេះ ប្រកបដោយភាពរលូនមិនថាតាមរយៈការផលិតភាពយន្ត និងរៀបចំមហោស្រពទេ តាមរយៈ៖​ ABA - SUNFLOWER FILM ORGANIZATION - 000 804 814។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

ទំព័រហ្វេសប៊ុក៖ www.facebook.com/sunflowerfilmalliance

Telegram៖​ https://t.me/sunflowerfilmorg

YouTube៖ https://www.youtube.com/@sunflowerfilmalliance977

មតិយោបល់