• 2024-06-12 04:50:00
  • ព័ត៌មាន

ម៉ាច ដាវី បង្ហាញភស្តុតាងច្បាស់ៗពីក្រោយរឿងរៀបការ និងការក្លែងអាយុចូលប្រកួត

  • 2024-06-12 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា គ្រាន់តែចប់ការប្រកួតឈុតតំណាងជាតិភ្លាម ស្រាប់តែផ្ទុះដំណឹងថា ម៉ាច ដាវី Miss Grand Ratanakiri 2024 ធ្លាប់រៀបការ និងបានបន្លំអាយុឱ្យតិចជាមុន ដើម្បីចូលរួមប្រកួត ដែលដំណឹងបែកធ្លាយនេះធ្វើឱ្យបណ្តាអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លារហូតនាំគ្នាវែកញែកសួររកហេតុផលយ៉ាងព្រោងព្រាត។

រូបភាព៖ ផ្តល់ដោយស្ថាប័ន Miss Grand Ratanakiri

មិនយូរប៉ុន្មាន ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri គ្រប់គ្រងដោយ លោក ភួង វណ្ណា ហៅ AB Vanna បានបង្ហោះសារច្រានចោលដំណឹងដ៏រស៊ើបនេះ ដោយអះអាងថា នឹងចេញមកបញ្ជាក់ភាពស្អាតស្អំឱ្យ ដាវី ឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ក្តៅៗទាន់សភាពការណ៍ មុននេះបន្តិចអ្នកគ្រប់គ្រង Miss Grand Ratanakiri បានទម្លាយភស្តុតាងច្បាស់ៗពីក្រោយរូបភាពរៀបការរបស់ ម៉ាច ដាវី ដែលគេចែកចាយពាសពេញបណ្តាញសង្គម ក៏ដូចជាបកស្រាយឱ្យដឹងពីការបន្លំអាយុផងដែរ។

រូបភាព៖ ផ្តល់ដោយស្ថាប័ន Miss Grand Ratanakiri

ដើម្បីបញ្ជាក់ភាពស្អាតស្អំជូនបវរកញ្ញារបស់ខ្លួន លោក ភួង វណ្ណា ហៅ AB Vanna បានបង្ហាញភស្តុតាងពិតជាក់ស្តែងពី លិខិតបញ្ជាក់ភាពនៅលីវ ដែលត្រូវបានចេញដោយមេឃុំកំពង់ល្លួង ស្រុកពញាឭ ខេត្តកណ្តាល ដែលក្នុងនោះមានបញ្ជាក់ថា ម៉ាច ដាវី កើតថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៨ ដូច្នេះសព្វថ្ងៃនាងទើបមានអាយុ ២៦ឆ្នាំប៉ុណ្ណោះ ដូចការបញ្ជាក់ក្នុងកម្មវិធី Miss Grand Cambodia 2024 ប្រាកដមែន។

អ្នកលោកសូមអធ្យាស្រ័យដែលត្រូវឱ្យគ្រប់គ្នារង់ចាំយូរ តែការបកស្រាយយឺតយ៉ាវមិនមែនមានន័យថា គេចពីការពិតនោះឡើយ គឺដោយសារករណីនេះកើតមានឡើងនៅចំថ្ងៃឈប់សម្រាក ទើបលិខិតផ្លូវការពីមន្ត្រីអាជ្ញាធរមូលដ្ឋានទើបតែបញ្ជាក់បាននៅពេលនេះ។

រូបភាព៖ ផ្តល់ដោយស្ថាប័ន Miss Grand Ratanakiri

ជុំវិញរឿងដ៏រស៊ើបនេះ PD Miss Grand Ratanakiri បានធ្វើការដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងតុលាការ ដើម្បីឱ្យផ្លូវច្បាប់ធ្វើការដោះស្រាយតាមសន្តិវិធី។ PD រូបនេះ បញ្ជាក់ច្បាស់ៗថា ក្រុមការងារលោកបានធ្វើការត្រួតពិនិត្យប្រវត្តិ ម៉ាច ដាវី យ៉ាងច្បាស់លាស់ពេលដាក់ពាក្យប្រកួតថ្នាក់ខេត្ត ដូច្នេះលោកជឿជាក់លោកបវរកញ្ញាចំណុះក្រោមស្ថាប័នខ្លួនឯង។

ក្រឡេកទៅមើលបេក្ខភាពតំណាងខេត្តរតនគីរីឯណោះវិញ បានចេញមកបញ្ជាក់រឿងធ្លាប់រៀបការយ៉ាងដូច្នេះថា «សម្រាប់រូបភាពការនោះគ្រាន់ជាការសម្តែង ដែលមានហេតុផលនៅពីក្រោយពាក់ព័ន្ធការងារផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ... ជាចុងក្រោយខ្ញុំសូមអះអាងថា ខ្ញុំមិនធ្លាប់ប្រកាសលិខិតអាពាហ៍ពិពាហ៍ មិនធ្លាប់ចុះអេតាស៊ីវិល ហើយក៏មិនធ្លាប់លែងលះពីមុនដែរ»។

រូបភាព៖ ផ្តល់ដោយស្ថាប័ន Miss Grand Ratanakiri

ដោយឡែក រឿងក្លែងបន្លំអាយុ ដាវី បកស្រាយថា មែនទែនទៅ កាលឆ្នាំ២០២០នាងគ្មានបំណងចូលរួមប្រកួតបវរកញ្ញាឡើយ តែមិត្តភ័ក្តនាងជំរុញនិងដាក់ពាក្យឱ្យ ដូច្នេះក៏ចូលរួមប្រកួតតាមការជំរុញទៅ។ លុះឆ្នាំ២០២៤ ទើបនាងមានចិត្តចង់ចូលរួមប្រកួតកម្មវិធីបវរកញ្ញាដោយខ្លួនឯង តាមរយៈកម្មវិធី Miss Grand Ratanakiri។

ម៉ាច ដាវី សូមអភ័យទោសដែលទុកឱ្យហ្វេនៗរង់ចាំយូរ ដោយសារត្រូវចំណាយពេលធ្វើការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានជាមុនសិន ព្រោះនាងមិនចង់បកស្រាយអ្វីដែលគ្មានភស្តុតាងនោះឡើយ និងសង្ឃឹមថា គ្រប់គ្នានឹងយោគយល់ចំពោះរឿងរ៉ាវដ៏ស្មុគស្មាញដែលកើតឡើងនាពេលនេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម