• 2024-06-19 03:32:34
  • ព័ត៌មាន

ប៉ូលីសបើកការស៊ើបអង្កេតបឋមលើអ្នកគាំទ្រ ករណីបៀតបៀនផ្លូវភេទទៅលើ Jin

  • 2024-06-19 03:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងទៅនេះ មានសេចក្ដីរាយការណ៍អំពីករណីអ្នកគាំទ្រជាច្រើនដែលបានចូលរួមកម្មវិធី FESTA ឆ្នាំ ២០២៤ និងក៏ជាកម្មវិធីនៃការបង្ហាញមុខជា​ថ្មី សម្រាប់ការវិលត្រឡប់មកវិញរបស់ Jin (BTS) ដែរ។ កម្មវិធីនោះម្នាក់ៗមាន​ឱកាសពិសេស ដោយ Jin បាន​ឲ្យឡើងមកឱបលោកម្ដងម្នាក់ៗ ប៉ុន្តែបែរជាមានអ្នកខ្លះបន្លំឆ្លៀតថើបទៅវិញ បង្កជាទង្វើអសីលធម៌ និងមិនសមឲ្យកើតមានឡើយ។

រឿងហេតុនេះ បានធ្វើឱ្យ ARMY ភាគច្រើនខឹងសម្បារជាខ្លាំង ចំពោះទាំងអ្នកដែលល្មើសហ៊ានធ្វើទង្វើបែបនេះ រួមទាំង HYBE ចំពោះការដែលមិនបានធ្វើការឆ្លើយតប ដើម្បីការពារ Jin។ ដោយសារគិតថានេះជាទង្វើខ្វះសីលធម៌ ARMY ក៏បានរាយការណ៍អំពីហេតុការណ៍នេះទៅប៉ូលីស ដោយសុំឱ្យពួកគេស៊ើបអង្កេតអ្នកគាំទ្រទាំងនោះ ពីបទបៀតបៀនផ្លូវភេទ។ កាលពីប៉ុន្មានថ្ងៃមុន ប៉ូលីសបានប្រាប់បណ្ដាញផ្សព្វផ្សាយថា ពួកគេកំពុងពិចារណាថា តើរឿងហេតុនេះទាមទារឱ្យមានការស៊ើបអង្កេតជាផ្លូវការ ឬយ៉ាងណា។

នៅថ្ងៃទី ១៨ ខែមិថុនា ប៉ុស្តិ៍ប៉ូលីស Seoul Songpa បានប្រកាសថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតបឋមសិនលើអ្នកគាំទ្រដែលបានថើប Jin ពីបទរំលោភលើច្បាប់ស្តីពីការបៀតបៀនផ្លូវភេទ។ អ្នកតំណាងប៉ូលីសបានប្រាប់សារព័ត៌មាន TenAsia ថាពួកគេកំពុងទាក់ទងជាមួយ HYBE ដើម្បីយល់ច្បាស់ពីជំហររបស់ Jin ចំពោះបញ្ហានេះ ក្នុង​នាម​ជា​ជន​រង​គ្រោះ​​។

ដើមបណ្តឹងក៏បានបង្ហោះអំពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេជាមួយមន្ត្រីនគរបាលដែលទទួលបន្ទុក ដោយបានបញ្ជាក់ថា "ទោះបីជាភស្តុតាងនៃការបៀតបៀនផ្លូវភេទច្បាស់លាស់ក៏ដោយ ការស៊ើបអង្កេតអាចដំណើរការទៅបាន លុះត្រាតែជនរងគ្រោះផ្តល់សក្ខីកម្មថា ពួកគេទទួលអារម្មណ៍ថា "រងនូវមានការបៀតបៀនផ្លូវភេទ" ពិតប្រាកដមែន»

កន្លងមក មានការសន្និដ្ឋានថា ស្ត្រីដែលបៀតបៀន Jin គឺជាអ្នកសរសេរប្លុកជនជាតិជប៉ុន ដែលធ្វើឲ្យអ្នកគាំទ្រអំពាវនាវឱ្យស្ថានីយ៍ប៉ូលីស Seoul Songpa ដាក់បម្រាមធ្វើដំណើររបស់នាង។ ជាការឆ្លើយតបទៅនឹងសំណើនោះ ប៉ូលីសបានប្រាប់ដើមបណ្តឹងថា ពួកគេត្រូវការទទួលបានបញ្ជីអ្នកចូលរួមទាំង ១០០០ នាក់ក្នុងកម្មវិធីនោះពីភ្នាក់ងារសិន (HYBE) ហើយបន្ទាប់មក ពួកគេនឹងបញ្ជាក់អត្តសញ្ញាណជនល្មើស មុនពេលដាក់កំហិតការធ្វើដំណើរណាមួយ ដែលជានីតិវិធីដ៏លំស្មុគស្មាញ និងចំណាយពេលច្រើន។

ជាក់ស្ដែង Jin ត្រូវបានបញ្ចប់កាតព្វកិច្ចយោធាជាផ្លូវការ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ហើយមិនចាំយូរ នៅថ្ងៃទី ១៣ លោកក៏បាន​រៀបចំកម្មវិធី FESTA ឆ្នាំ ២០២៤ ជាការអបអរខួបលើកទី ១១ ឆ្នាំរបស់ BTS ផង៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់