- 2024-06-25 10:15:00
- ព័ត៌មាន
មាស សុខរតនៈ បើកភ្លើងខៀវឱ្យកូនស្រីដើរគន្លងសិល្បៈ ដើម្បីសាងកេរ្តិ៍ឈ្មោះដូច មាស សុខសោភា
- 2024-06-25 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សុខរតនៈ បើកភ្លើងខៀវឱ្យកូនស្រីដើរគន្លងសិល្បៈ ដើម្បីសាងកេរ្តិ៍ឈ្មោះដូច មាស សុខសោភា
ចន្លោះមិនឃើញ
ជារឿយៗគេរមែងឃើញសោភារូបស្រស់ មាស សុខដារីនី ជាកូនស្រីទី២របស់អ្នកនិពន្ធល្បីឈ្មោះ មាស សុខរតនៈ បង្ហាញខ្លួនតាមកម្មវិធីសិល្បៈជាតិធំៗជាបន្តបន្ទាប់។
រូបសម្រស់ សមត្ថភាព និងដុងទេពកោសល្យសិល្បៈរបស់ ដារីនី ល្អល្អះមិនចាញ់កំពូលតារាចម្រៀង មាស សុខសោភា ជាម្តាយមីងប៉ុន្មានឡើយ ដោយនាងអាចច្រៀង សម្តែង ដើរបង្ហាញម៉ូដ និងរាំរបាំបុរាណបានយ៉ាងល្អប្រសើរថែមទៀតផង។
កន្លងទៅថ្មីៗនេះ អ្នកនិពន្ធល្បីឈ្មោះ មាស សុខរតនៈ បានផ្តល់បទសម្ភាន៍ឱ្យដឹងថា យុវតី មាស សុខដារីនី ជាកូនស្រីទ២ ក្នុងចំណោមកូន ៣នាក់របស់លោក ហើយនាងជាកូនដែលមានដុងសិល្បៈជាងគេ ទើបលោកសម្រេចចិត្តជំរុញលើកទឹកចិត្តឱ្យប្រឡូកវិស័យសិល្បៈដូច មាស សុខសោភា តែម្តងទៅ។
ពេលនេះលោកសូមប្រកាសផ្ញើរកូនស្រីម្នាក់នេះក្នុងដួងចិត្តប្រិយមិត្តទស្សនិកជន ព្រោះលោកសម្រេចចិត្តបើកភ្លើងខៀវឱ្យនាងប្រឡូកសិល្បៈពេញទំហឹងហើយ។
លោកពុំទាន់ហ៊ានអះអាងថា កូនស្រីរបស់ខ្លួនអាចអាចធ្វើបានល្អកម្រិតណា ដោយសារបច្ចុប្បន្ននាងទើបអាយុ ១៦-១៧ឆ្នាំប៉ុណ្ណោះ ដូច្នេះត្រូវការការហ្វឹកហាត់រៀនសូត្របន្ថែមច្រើនទៀត ដើម្បីអាចសាងស្នាដៃ និងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញដូច មាស សុខសោភា។
ទន្ទឹមការលើកឡើងរបស់ឪពុក យុវតី មាស សុខដារីនី បានបង្ហាញអារម្មណ៍សប្បាយចិត្តពេលបានចូលរួមធ្វើការងារសិល្បៈ និងព្រឹត្តិការណ៍សិល្បៈផ្សេងៗកាលពីពេលកន្លងមក។
អ្វីដែល ដារីនី ស្រលាញ់ជាងគេ គឺការដើរម៉ូដ ស្របពេលដែលវិស័យបវរកញ្ញាកំពុងចម្រើនផងដែរ លោក មាស សុខរតនៈ ជាឪពុកមិនបានឃាត់ឃាំងឡើយ គ្រាន់តែសូមទុកពេលឱ្យកូនស្រីបានរៀនសូត្រច្រើនជាងនេះបន្តិចសិន ទើបសម្រេចចិត្តលើរឿងនេះ។
គួររំឮកឱ្យដឹងផងដែរថា កន្លងមកក្មួយស្រីបង្កើតរបស់តារាចម្រៀង មាស សុខសោភា គឺយុវតី មាស សុខដារីនី ធ្លាប់បានស្ម័គ្រចិត្តចូលរួមជួយព្រឹត្តិការណ៍ជាតិធំៗជាច្រើនរួមមាន៖ «ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២» , «ព្រឹត្តិការណ៍វប្បធម៌ រាត្រីចងចាំ» , «ការប្រគំតន្ត្រីដ៏អស្ចារ្យដើម្បីអបអរសាទរខួបទី២៥នៃនយោបាយ ឈ្នះ ឈ្នះ!» , «កម្មវិធី រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី១» , «កម្មវិធី អ្នកស្នងមរតក» និងកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ៕